• 2023-11-17 03:00:02
  • ផលិតផលថ្មី

Camry 2025 កែរាងថ្មី​ស្អាតខ្លាំង តែអ្នកខ្លះ​ប្រហែលមិនពេញចិត្ត​ព្រោះវាមាន​តែជម្រើស Hybrid មួយគត់! ចុះខាង Toyota បកស្រាយរឿងនេះយ៉ាងណា?

  • 2023-11-17 03:00:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota ទើបតែបានបញ្ចេញ​រថយន្ត Sedan ដ៏មហាល្បីល្បាញ​ និងលក់ដាច់​បំផុតរបស់ខ្លួន Camry 2025 ជំនាន់ទី៩ ដែល​បាន​កែរាងថ្មីទាំងស្រុង។ ប៉ុន្តែអ្វីដែល​គួរឱ្យចាប់អារម្មណ៍ជាងនេះទៀតនោះ គឺវា​មកតែជាមួយជម្រើសប្រើ Hybrid តែមួយ​ប៉ុណ្ណោះ ដែលមាន​ការលើកឡើងថា នឹងប៉ះពាល់​ដល់​ទីផ្សារ​ជាមិនខាន ព្រោះអ្នកខ្លះ​គេចង់ប្រើម៉ាស៊ីនសាំងសុទ្ធ។

ក្នុងកិច្ចសម្ភាសន៍​មួយជាមួយ CNN លោក Mike Tripp អនុប្រធាន​ក្រុមហ៊ុន Toyota ទទួល​បន្ទុក​ផ្នែក​ទីផ្សារ បាន​បកស្រាយ​ជុំវិញ​កង្វល់នេះថា ការ​សម្រេចចិត្តរបស់ Toyota ដែលនាំយកតែ​ម៉ាស៊ីន Hybrid មកដាក់លើ Camry 2025 នេះ គឺ​បង្ហាញថា ជាការ​ព្រមទទួលយកបច្ចេកវិទ្យានេះមកប្រើ ក្នុងអំឡុងពេល​ប្រេងសាំងឡើងថ្លៃ។

លោកបន្តថា Toyota មិនមែន​ជាក្រុមហ៊ុន​ដែលមិនដឹងពីហានិភ័យ​នោះទេ ប៉ុន្តែ​ក្រុមហ៊ុនដឹងពី​អារម្មណ៍​អតិថិជន​ដែល​ត្រៀមខ្លួនទទួលយកម៉ាស៊ីន Hybrid ដែលបំពាក់​លើ​រថយន្ត Sedan ស៊េរីថ្មីនេះ។

លោក Mike Tripp បាន​លើកឡើងថា «យើងបាន​ដាក់ម៉ូទ័រអគ្គិសនី និងអាគុយ​នៅក្នុងរថយន្ត ចាប់តាំង​ពីជំនាន់ Prius ក្នុងឆ្នាំ​២០០០ ដូច្នេះវា​ជាលំហរមួយ​ដែល​យើងបានដឹង និងស្រឡាញ់ពេញចិត្ត»។

សូម​ជម្រាប​ថា រថយន្ត Toyota Camry 2025 ប្រើម៉ាស៊ីន Hybrid ចំណុះ 2.5L បំពាក់ម៉ូទ័រអគ្គិសនី២ ផលិតបានកម្លាំងសរុប 225សេះ (ប៉ុង១) ឬ 232 សេះ (ប៉ុង២)។ រថយន្តនេះមាន option ចំនួន៤ គឺ LE, SE, XLE និង XSE។

គួររំលឹក​ថា Toyota បានញាត់​បច្ចេកវិទ្យា Hybrid ចូលក្នុងរថយន្ត Camry ជាលើកដំបូងក្នុងឆ្នាំ​២០០៧ ដោយវាមានជម្រើស​ប្រើសាំងសុទ្ធ និងជម្រើស Hybrid។ ប៉ុន្តែសម្រាប់ Toyota Camry 2025 នេះគឺ​មានជម្រើស​ Hybrid តែមួយគត់៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

មតិយោបល់