• 2023-11-08 03:36:45
  • ផលិតផលថ្មី

ភីកអាប់អគ្គិសនីថ្មីរបស់ RAM ប្រើ​ប្រព័ន្ធម៉ាស៊ីនពិសេស ដែល​អាចជិះបានដល់ ១ពាន់គីឡូម៉ែត្រ

  • 2023-11-08 03:36:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Ram ទើបតែ​បញ្ចេញ​រថយន្តភីកអាប់​អគ្គិសនី​ថ្មីរបស់ខ្លួន គឺ Ram 1500 Ramcharger 2025 ដែលមាន​កម្លាំងខ្លាំង និងជាពិសេស​បំពាក់អាគុយ​ដ៏ធំបំផុត​ និងបច្ចេកវិទ្យាថ្មី​ដែលអនុញ្ញាត​ឱ្យ​វាធ្វើដំណើរបានដល់ជាង ១ពាន់គីឡូម៉ែត្រឯណោះ។

រថយន្តនេះ បំពាក់​​ម៉ូទ័រ​អគ្គិសនី​២ ផលិតបានកម្លាំងសរុប ៦៦៣សេះ និងកម្លាំងរមួល ៨៣៣ញូតុនម៉ែត្រ។ បើប្រៀបធៀប​នឹង Ram 1500 REV រថយន្ត Ramcharger នេះមានកម្លាំងសេះធំជាង តែកម្លាំងរមួល​តូចជាងបំផុត។

Ram 1500 Ramcharger 2025 បំពាក់​កញ្ចប់​អាគុយទំហំ ៩២គីឡូវ៉ាត់ម៉ោង ប៉ុន្តែ​អ្វីដែល​ជាចំណុច​ពិសេសជាងនេះទៅទៀត គឺ​វាបំពាក់​ម៉ាស៊ីន V6 ចំណុះ ៣,៦លីត្រ​ ដែល​ដើរតួជាម៉ាស៊ីនភ្លើងមួយ។

យ៉ាងណាមិញ បើតាម Ram បាន​ឱ្យដឹងថា ម៉ាស៊ីននេះ​ខុសពីម៉ាស៊ីនរថយន្តសាំង-ម៉ាស៊ូតទូទៅ ពោលគឺ​វា​​ត្រូវបាន​ប្រើប្រាស់ដើម្បី​តែសាកអាគុយ​ឡើងវិញ ក៏ដូចជា​ធ្វើការ​ជាមួយ​អាគុយ​ដើម្បី​ផ្តល់​ឱ្យ​ថាមពលអតិបរមា ដល់​កង់​ទាំង៤ ពោលគឺមានន័យថា មិនមាន​ការតភ្ជាប់មេកានិច​រវាង​ម៉ាស៊ីន និងកង់ឡើយ។ ប្រព័ន្ធ​នេះហើយ​ ដែល​ជួយ​ឱ្យ Ramcharger អាចធ្វើ​ដំណើរបានឆ្ងាយមែនទែនដល់ទៅ ១១១០គីឡូម៉ែត្រ។

មកមើលផ្នែកកាប៊ីនវិញ រថយន្តនេះ​បំពាក់​កុងទ័រឌីជីថល ១២,៣អ៊ីញ និង​ប្រព័ន្ធកម្សាន្តថាច់ស្រ្គីន ១២អ៊ីញ ឬ ១៤,៥អ៊ីញ។ ក្រៅពីនេះ វាក៏​មាន​កញ្ចក់មើលក្រោយ​ឌីជីថល, speaker Klipsch premium audio system ២៣គ្រាប់ និងអេក្រង់​ខាងមុខ​កៅអី​អ្នកដំណើរជាប់តៃកុង ទំហំ ១០,២៥អ៊ីញ​ផងដែរ។ គួរឱ្យចាប់អារម្មណ៍ផងដែរនោះ គឺវាមកជាមួយ​ប្រព័ន្ធបើកបរពាក់កណ្តាលអូតូ ដែល​អ្នកបើកបរ​អាចព្រលែងដៃមិនចាំបាច់កាន់ចង្កូតនៅលើផ្លូវហាយវេឡើយ៕

អត្ថបទ៖ សំភី

មតិយោបល់