• 2023-09-22 02:19:58
  • ព័ត៌មាន

នាយករដ្ឋមន្រ្តីថៃ នឹង​ទៅជួប Elon Musk និយាយ​រឿង​ផលិត​រថយន្តអគ្គិសនី Tesla

  • 2023-09-22 02:19:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Srettha Thavisin នាយករដ្ឋមន្រ្តីថៃ បាន​ឱ្យដឹងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ​២០២៣ ថា លោក​នឹង​ជួប​លោក Elon Musk នៅក្រុងញ៊ូវយ៉ក សហរដ្ឋអាមេរិក ក្នុងអំឡុងពេលលោកចូលរួមមហាសន្និបាត​អង្គការសហប្រជាជាតិ។

លោក Srettha បញ្ជាក់ថា ជំនួប​រវាង​លោក និងលោក Elon Musk នឹង​លើកឡើង​អំពី​ឧស្សាហកម្ម​រថយន្តអគ្គិសនី​របស់​ក្រុមហ៊ុន Tesla និង​អំពីគ្រាប់រ៉ុកកែត​របស់​ក្រុមហ៊ុន SpaceX រួមទាំងផ្កាយរណប​​Starlink ផងដែរ។

គួរដឹងថា រដ្ឋាភិបាលថៃ បាន​នឹង​កំពុងផ្តល់ការ​លើកទឹកចិត្តយ៉ាងខ្លាំង​ចំពោះ​ក្រុមហ៊ុនផលិតរថយន្ត​អគ្គិសនី និងអាគុយ ព្រមទាំង​បន្ធូរបន្ថយពន្ធចំពោះ​អ្នកទិញ​រថយន្ត​ប្រភេទ​នេះ​មកប្រើប្រាស់ផងដែរ។ លើសពីនេះ ជំនួបរវាងលោក Srettha និងលោក Elon Musk នេះ ក៏បង្ហាញ​ពីការប្រកួតប្រជែងរវាង​ប្រទេសថៃ និង​ប្រទេស​ក្នុងតំបន់​ផ្សេងទៀត ដូចជា ឥណ្ឌូណេស៊ី វៀតណាម និងម៉ាឡេស៊ី ដើម្បី​អូសទាញ​ក្រុមហ៊ុន Tesla មកដាក់រោងចក្រ​ក្នុងប្រទេស​ខ្លួន។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD ដែលកំពុង​លេចធ្លោខ្លាំង កំពុងសង់រោងចក្រ​នៅក្នុងប្រទេសថៃ ហើយគ្រោង​ប្រតិបត្តិការ​ចាប់ពីឆ្នាំ​២០២៤ ជាមួយ​សមត្ថភាពផលិត​ ១៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ។

ថ្មីៗនេះ ភាគីថៃ ក៏កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុនផលិតអាគុយ​ដ៏ធំមួយរបស់ចិន គឺ​ក្រុមហ៊ុន CATL ឱ្យចូលបណ្តាក់ទុន​បង្កើតរោងចក្រ​​ក្នុងប្រទេស។ បច្ចុប្បន្ន​ក្រុមហ៊ុនចិនមួយនេះ ពុំមាន​រោងចក្រ​នៅ​ក្នុងតំបន់អាស៊ាន​នោះទេ។

ជាមួយគ្នា​នេះ ថៃ បាន​ផ្តល់​អាទិភាព​ក្នុងការគាំទ្រ​ការវិនិយោគ​ ពោលគឺ​ជាមូលធិនិ សម្រាប់​រោងចក្រ​ដែលមានសមត្ថភាព​ផលិតអាគុយ បានជាង ៨ជីហ្គាវ៉ាត់ម៉ោង។ ទំហំរោងចក្រ​ប៉ុណ្ណេះ អាចទ្រទ្រង់​អាគុយ​បំពាក់​លើ​រថយន្ត​អគ្គិសនី​បាន​ជាង ១០ម៉ឺន ៦ពាន់​គ្រឿង (ក្នុងករណី​អាគុយមួយមាន​ទំហំ ៧៥គីឡូវ៉ាត់ម៉ោង)៕

អត្ថបទ៖ សំភី

មតិយោបល់