• 2023-09-14 02:50:12
  • ព័ត៌មាន

យុទ្ធសាស្រ្ត? ឡាន​ Vinfast ជាង​ពាក់កណ្តាល​ គឺ​លក់​ឱ្យក្រុមហ៊ុន​គ្នាឯង​ដែលស្ថិតក្រោម​ម្ចាស់តែមួយ

  • 2023-09-14 02:50:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើនេះ​ជាយុទ្ធសាស្រ្ត​របស់ Vinfast ដើម្បី​ឱ្យឃើញ​ថា មាន​អ្នក​ប្រើរថយន្ត​ខ្លួនច្រើន ឬយ៉ាងណា ក្នុងខណៈ​ដែលក្រុមហ៊ុនវៀតណាមនេះ កំពុងតស៊ូ​រក្សាវត្តមានខ្លួន​នៅលើទឹកដី​សហរដ្ឋអាមេរិក ចាប់តាំងពីបោះជំហានចូលកាលពីដើមឆ្នាំ២០២៣នេះ។

របាយការណ៍​របស់​គណៈកម្មការមូលបត្រ​អាមេរិក បាន​លាតត្រដាងថា ក្នុងចំណោម​រថយន្ត​អគ្គិសនី​ចំនួន ១១៣០០គ្រឿង​ ដែល​លក់ដោយ​ក្រុមហ៊ុន Vinfast ​នៅឆមាស​ទី១​ ឆ្នាំ​២០២៣ ក្នុងនោះគឺមានជាង ៧ពាន់​គ្រឿងហើយ ត្រូវបានទិញ​ដោយ​ក្រុមហ៊ុនតាក់ស៊ី Green and Smart Mobility។ ក្រុមហ៊ុនវៀតណាម​ទាំងពីរ​នេះ គឺ​ស្ថិតក្រោមការគ្រប់គ្រង​របស់​ម្ចាស់តែមួយ គឺ​ក្រុមហ៊ុន Vingroup។

គួរដឹងថា Vinfast បាន​សាងប្រវត្តិសាស្រ្ត​ដែល​បាន​ធ្វើឱ្យ​តម្លៃភាគហ៊ុន​របស់ខ្លួនឡើង​យ៉ាងលឿនរហ័ស។ តម្លៃ​របស់​ក្រុមហ៊ុន​បានកើនដល់ ២០០ពាន់លានដុល្លារ​ក្នុងខែកញ្ញានេះ ដែល​បាន​ធ្វើឱ្យ​ Vinfast ​ជាប់ក្នុងចំណោម​ក្រុមហ៊ុនរថយន្ត​ដែល​មាន​តម្លៃ​ថ្លៃបំផុត។

កាលពីឆ្នាំមុន Vinfast លក់រថយន្តបាន​ចំនួន ២៤ ០០០គ្រឿងនៅទូទាំង​ពិភពលោក ហើយ​នៅឆ្នាំ​នេះខ្លួនរំពឹងថា​​នឹងលក់បានដល់ចំនួន ៥ម៉ឺន​គ្រឿង។

កាលពី​ថ្ងៃទី១២ ខែកញ្ញា ក្រុមហ៊ុន Vinfast បាន​ប្រកាស​ផែនការ​របស់​ខ្លួន​ក្នុងការ​ពង្រីក​ទីផ្សារ​ចំនួន៧​បន្ថែម​ទៀត​ក្នុង​តំបន់អាស៊ី​ ដោយ​រួមមាន​ទាំងប្រទេស​ឥណ្ឌូណេស៊ី​ផងដែរ ពោលគឺមាន​គោលដៅលក់​រថយន្តអគ្គិសនី និង​គ្រោង​បង្កើតរោងចក្រ​ផលិត​រថយន្ត និង​អាគុយ​នៅប្រទេស​អាស៊ាន​មួយនេះតែម្តង៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សំភី

មតិយោបល់