• 2023-09-11 08:53:50
  • ព័ត៌មាន

អាមេរិក គាំទ្រ​វៀតណាម ឱ្យក្លាយ​ជាអ្នកផ្គត់ផ្គង់​ឈីប​ដ៏សំខាន់​ក្នុងពិភពលោក

  • 2023-09-11 08:53:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ទស្សនកិច្ចរបស់​ប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន នៅក្រុងហាណូយ ប្រទេស​វៀតណាម ពីថ្ងៃទី១០ ដល់ ១១ ខែកញ្ញា ឆ្នាំ​២០២៣ លោក ចូ បៃឌិន និង​លោក ង្វៀន ភូទ្រុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ​បាន​ព្រមព្រៀង​គ្នា​លើ​ចំណុចជាច្រើន ក្នុងនោះ​រួមមាន​កិច្ចសហប្រតិបត្តិការ​លើវិស័យបច្ចេកវិទ្យា ជាពិសេស​គឺឈីប។

អាមេរិក ​បាន​បញ្ជាក់​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ថា នឹង​គាំទ្រ​វៀតណាម​ក្នុងការ​បណ្តុះ​បណ្តាល​ និងអភិវឌ្ឍ​ធនធានមនុស្ស​ក្នុងបច្ចេកវិទ្យា​ជាន់ខ្ពស់។ ដោយមើលឃើញ​ថា វៀតណាម​មានសក្តានុពល​ក្នុង​ឧស្សាហកម្មឈីប មេដឹកនាំទាំងពីរ​​បាន​សន្យាគាំទ្រ​ការអភិវឌ្ឍ​ដ៏ឆាប់រហ័ស នូវ​ប្រព័ន្ធអេកូ​ឈីប​របស់វៀតណាម ជាពិសេស​នឹង​ធ្វើឱ្យវៀតណាម​ដើរតួនាទី​ជាអ្នកផ្គត់ផ្គង់​ឈីប​សកល​ដ៏សំខាន់។

ជាមួយគ្នានេះ អាមេរិក និង​វៀតណាម ក៏បាន​បើកដំណើរការ​គំនិតផ្តួចផ្តើមអភិវឌ្ឍ​កម្លាំងពលកម្ម​បន្ទះសៀគ្វី ដែល​ទទួលបាន​មូលនិធិ​ ២លានដុល្លារពីរដ្ឋាភិបាល​អាមេរិក រួមជាមួយរដ្ឋាភិបាលវៀតណាម និងការគាំទ្រ​ពី​វិស័យ​ឯកជន។

គួរដឹងថា ដំណើរទស្សនកិច្ច​របស់​លោក ចូ បៃឌិន ក៏នាំមកជាមួយ​នូវ​ម្ចាស់​ក្រុមហ៊ុនឈីប និងបច្ចេកវិទ្យា​ធំៗរបស់អាមេរិកផងដែរ រួមមានដូចជាក្រុមហ៊ុន Intel, GlobalFoundries, Google, Amkor, Marvell និង Boeing។

គួរកត់សម្គាល់ដែរថា កិច្ចសហការ​លើឧស្សាហកម្មឈីបរវាង​អាមេរិក និងវៀតណាម ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​បច្ចេកវិទ្យាយក្ស២របស់ចិន គឺក្រុមហ៊ុន Huawei Technologies និង​ក្រុមហ៊ុនឈីប SMIC បាន​សម្រេច​នូវការផលិត​បន្ទះឈីប​ដ៏ខ្លាំង 7-nanometer ដែល​បាន​បំពាក់​លើ​ស្មាតហ្វូន​ស៊េរីថ្មី​ Huawei Mate 60 Pro។ សមត្ថភាព​របស់ឈីបនេះ គឺ​អាចឱ្យស្មាតហ្វូន​ ខល​តាម​ប្រព័ន្ធផ្កាយរណប ឬសេនស័រ​ហៅថា BDS Satellite Calling and Message។ ឈីបនេះ គឺ​ជាបច្ចេកវិទ្យា 7nm ជំនាន់ក្រោយបំផុត​របស់ SMIC ហើយ​បាន​បញ្ជាក់ឱ្យឃើញថា រដ្ឋាភិបាល​ចិន ​កំពុងត្រួសត្រាយផ្លូវ​ ដើម្បី​បង្កើត​ប្រព័ន្ធអេកូឈីបក្នុងស្រុក។

សូមជម្រាប​ដែរថា ចិន​បាន​ចាប់ផ្តើម​ដំណើរការ​មូលនិធិ​វិនិយោគ​មួយដើម្បីបង្កើន​ទឹកប្រាក់ឱ្យបានដល់ ៤០ពាន់លានដុល្លារ សម្រាប់​អភិវឌ្ឍ​ក្នុង​ឧស្សាហកម្មឈីប។ មូលនិធិនេះ គឺ​មានទំហំ​ទឹកប្រាក់​ច្រើនបំផុត​ សម្រាប់​បច្ចេកវិទ្យាឈីប​របស់ចិន បន្ទាប់ពី​ទទួលរងទណ្ឌកម្មឈីប​ពី​សហរដ្ឋអាមេរិក នាពេល​កន្លងមក៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី

មតិយោបល់