• 2023-09-04 04:31:06
  • ព័ត៌មាន

ចាំ​មើល ឥណ្ឌា អាចបកស្រាយអាថ៌កំបាំងព្រះអាទិត្យយ៉ាងណាខ្លះ ក្រោយទើបបាញ់​បង្ហោះ​យានអវកាស​ទៅ!

  • 2023-09-04 04:31:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើបតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី​ជោគជ័យ​ក្នុងការចុះចត​លើ​ប៉ូលខាងត្បូង​នៃភពព្រះចន្ទ ឥណ្ឌា​កំពុង​អនុវត្ត​មហិច្ឆតាថ្មីរបស់ខ្លួន​មួយទៀត ដោយ​បញ្ជូន​យាន​អវកាស​ទៅសិក្សា​ព្រះអាទិត្យ​ជាលើកដំបូង។ គោលបំណង​គឺ​ដើម្បី​សិក្សាបរិយាកាស​ផ្នែក​ខាងលើ​របស់​ព្រះអាទិត្យ និង​បាតុភូត​ព្រះអាទិត្យផ្សេងៗ។

កាលពីថ្ងៃទី២ ខែកញ្ញា អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា បាន​បាញ់​បង្ហោះយានមួយឈ្មោះថា Aditya-L1 ដោយជោគជ័យ។ យាន​អវកាស​នេះ ត្រូវបានកំណត់​ឱ្យធ្វើដំណើរ​ប្រហែល ១,៥លានគីឡូម៉ែត្រ រយៈពេល ៤ខែ។ ប្រសិនបើវាដំណើរការ​តាមការគ្រោងទុក វា​​នឹង​ចូលដល់​គន្លង​មួយហៅថា Lagrange Point 1 ដែល​ស្ថិតនៅចន្លោះ​រវាងព្រះអាទិត្យ និង​ផែនដី ដោយ​សារទីតាំងនេះ អាច​ឱ្យ Aditya-L1 អាច​រក្សា​គន្លង​របស់​វាបាន ក្នុងការ​អង្កេត​សកម្មភាព​ព្រះអាទិត្យ។

យានអវកាស​នេះ ត្រូវបាន​បំពាក់​ជាមួយ​ឧបករណ៍​វិទ្យាសាស្រ្តចំនួន៧។ ក្នុងនោះ ៤ហើយ​ ដែល​មានទិសដៅ​សម្រាប់សិក្សា​ព្រះអាទិត្យ​ដោយផ្ទាល់ ក្រៅពីនោះ នឹងសិក្សា​ខ្យល់​ និង​ដែន​ម៉ាញេទិចព្រះអាទិត្យ។

ព័ត៌មាន​ដែល​ទទួលបានពីការពិសោធន៍​របស់យានអវកាស Aditya-L1 នឹង​ផ្តល់នូវ​រូបភាព​កាន់តែច្បាស់​នូវ​អាកាសធាតុ​អវកាស ឬទិន្នន័យ​ដែលត្រូវបាន​ប្រើប្រាស់​សម្រាប់​ពណ៌នា​រលកម៉ាញេទិចដែល​ឆ្លងកាត់​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង។

ចំពោះ​បេសកកម្មនេះ នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក Narendra Modi បានសាទរ​ដល់​អ្នកវិទ្យាសាស្រ្ត និងវិស្វករ​របស់​អង្គការអវកាសនេះ ដោយ​បានលើកឡើងថា ជាការ​ខិតខំ​លើ​វិទ្យាសាស្រ្ត​មិននឿយហត់ ដើម្បី​ស្វែងយល់​ឱ្យបាន​ច្រើនពី​ចក្រវាល​សម្រាប់​មនុស្ស​លោក​ទាំងមូល៕

ប្រភព៖ CNN ប្រែ​សម្រួល៖ សំភី

មតិយោបល់