- 2023-08-24 07:07:05
- ព័ត៌មាន
រថយន្តប្រភេទ SUV ខ្នាតតូចចំនួន ៣ ម៉ូឌែល ដែលកំពុងពេញនិយម និង មានតម្លៃក្រោម $30,000
- 2023-08-24 07:07:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តប្រភេទ SUV ខ្នាតតូចចំនួន ៣ ម៉ូឌែល ដែលកំពុងពេញនិយម និង មានតម្លៃក្រោម $30,000
ចន្លោះមិនឃើញ
រថយន្តប្រភេទ SUV ខ្នាតតូច (Compact SUV) គឺជាប្រភេទរថយន្តដែលកំពុងពេញនិយមនៅលើទីផ្សារប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះដោយផ្តល់ជូននូវតម្លៃដ៏សមរម្យ, ផ្តល់នូវការបើកបរយ៉ាងល្អជាមួយនឹងថាមពលខ្លាំង, ទំនើបនិងមានភាពធំទូលាយ។ ទន្ទឹមនឹងនេះដែរ គឺមានរថយន្តប្រភេទ SUV ខ្នាតតូចជាច្រើនកំពុងដាក់លក់នៅប្រទេសកម្ពុជាជាមួយមានយ៉ាងតម្លៃល្អ ក៏ប៉ុន្តែវាក៏មានភាពខុសគ្នាទៅលើ មុខងារប្រើប្រាស់, ដំណើរការម៉ាស៊ីន, រយៈពេលធានា និងទំហំផ្នែកខាងក្នុង។ ទោះបីជាយ៉ាងណាក៏ដោយ វាមានមិនច្រើនទេសម្រាប់រថយន្តប្រភេទ SUV ខ្នាតតូចដែលលក់ដាច់និងពេញនិយមនៅលើទីផ្សារ ដូច្នេះអ្នកទិញជាច្រើនក៏ត្រូចចាំបាច់សិក្សាស្រាវជ្រាវបន្ថែមនិងធ្វើការសម្រេចចិត្តក្នុងការជ្រើសរើសរថយន្តឱ្យបានត្រឹមត្រូវ។ ថ្ងៃនេះដែរយើងនឹងបង្ហាញលោកអ្នកនូវរថយន្តប្រភេទ SUV ខ្នាតតូចចំនួន៣ម៉ូឌែលដែលកំពុងពេញនិយមមានដូចជា MG ZS, Toyota Raize និង Hyundai Venue ជាដើម។
កាលពីដើមឆ្នាំ២០២៣ ក្រុមហ៊ុន Toyota បានដាក់លក់នូវរថយន្តប្រភេទ SUV ខ្នាតតូចរបស់ពួកគេដែលផ្តល់នូវតម្លៃត្រឹមតែ $27,200 (dual tone) ជាមួយនឹងទំហំស្តង់ដារនៃប្រវែងកង់មុខទៅកង់ក្រោយ 2,525mm, ប្រវែងបណ្តោយ 4,030mm, ទម្ងន់ 1,710mm, កម្ពស់ 1,635mm, ទំហំឃ្លុបក្រោយចំណុះ 369លីត្រ និង ground clearance គឺ 220mm។ ទំហំនេះអាចនឹងតូចល្មមប្រសិនបើអ្នកមានសមាជិកគ្រួសារ 3 ឬ 4 នាក់។ Toyota Raize បានបំពាក់មកជាមួយម៉ាស៊ីនសាំងចំណុះ 1.0L តួបូ រួមនិងប្រអប់លេខ7វគ្គអូតូ និងផ្តល់ថាមពល 96hp និងកម្លាំងរមួល 140Nm។ Toyota Raize ក៏មានលក្ខណៈពិសេសទំនើបៗដូចជា ប្រព័ន្ធសោរ smart key, អេក្រង់កម្សាន្តទំហំ 8អ៊ីញអាចភ្ផាប់ Apple CarPlay, រន្ធ USB សម្រាប់អ្នករួមដំណើរ, ប្រព័ន្ធហ្វ្រាំង ABS និង EBD, ហ្វ្រាំងដៃ, ទំហំកង់ 17 អ៊ីញ, ភ្លើង LED ជាមួយ Daytime Running Light, រួមនឹងលក្ខណៈពិសេសផ្សេងទៀតដែលធ្វើឲ្យកាន់តែទាក់ទាញ។
ខណៈដែរ ក្រុមហ៊ុន Hyundai ក៏បានបញ្ចេញរថយន្តប្រភេទ SUV ខ្នាតតូចរបស់ខ្លួនទៅកាន់ទីផ្សារកម្ពុជាដែរ គឺម៉ូដែល Hyundai Venue ដែលផ្តល់តម្លៃចាប់ពី $26,500 និងមានប្រវែងបណ្តោយ 4,040mm, កម្ពស់ 1,565mm, ទម្ងន់ 1,770mm, ទំហំឃ្លុបក្រោយ 350L និង ground clearance ប្រវែង 195mm ដែលទំហំនេះប្រហាក់ប្រហែលគ្នាជាមួយ Toyota Raize ដែរ។ ដំណើរការម៉ាស៊ីនរបស់រថយន្តនេះគឺមានភាពរលូនល្អ ជាមួយការបំពាក់ម៉ាស៊ីនសាំងចំណុះ 1.6L និងប្រអប់លេខអូតូ៦វគ្គ ដែលផ្តល់ថាមពល 123hp។ រថយន្ត Hyundai Venue បានមកជាមួយមុខងារទំនើបៗដូចជា ប្រព័ន្ធសោរ smart key, អេក្រង់កម្សាន្តទំហំ 8-inch អាចភ្ផាប់ជាមួយ Apple CarPlay និង Androp Auto, ដំបូលលើបើក, កាំមេរ៉ាក្រោយនិងសេនស័រជំនួយពេលចតរថយន្ត, កញ្ចក់ចំហៀងក្រោយអូតូ, ប្រព័ន្ធផ្តល់ដំណឹងសម្ពាធកង់, ពោងសុវត្ថិភាព៦គ្រាប់, ចង្កៀង LED, ទំហំកង់ 17អ៊ីញ, ផ្សេងៗ។ លក្ខណៈពិសេសទាំងអស់នេះកំពុងធ្វើឲ្យអ្នកប្រើប្រាស់នឹងទទួលបានបទពិសោធន៍ថ្មីសម្រាប់ការបើកបរនៅក្នុងទីក្រុងជាលក្ខណៈគ្រួសារឬមិត្តភក្តិ។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន MG ក៏បានដាក់លក់នូវរថយន្តស៊េរីថ្មីគឺ MG ZS ដែលពិតជាលក់ដាច់និងពេញនិយមនៅកម្ពុជាក្នុងជួរនៃរថយន្តប្រភេទ SUV ខ្នាតតូចជាមួយលក្ខណៈពិសេសរបស់ខ្លួនលើការរចនាបែបថ្មីទាន់សម័យ និងមានប្រព័ន្ធឆ្លាតវ័យជាច្រើន។ MG ZS ផ្តល់ជូននូវតម្លៃយ៉ាងសមរម្យត្រឹមតែ $28,990 ដែលតម្លៃនេះអាចខុសពី Toyota Raize និង Hyundai Venue បន្តិចប្រហែលជា $1,700 ក៏ប៉ុន្តែលោកអ្នកនឹងទទួលបានអត្ថប្រយោជន៏លើសដៃគូរប្រកួតប្រជែងជាមួយលក្ខណៈពិសេសជាច្រើនដូចជា ផ្នែកខាងក្នុងធំទូលាយផ្តល់កន្លែងគ្រប់គ្រាន់សម្រាប់អ្នកបើកបរនិងអ្នករួមដំណើរ ជាមួយគម្លាតកង់មុខទៅកង់ក្រោយប្រវែង 2,580mm, ប្រវែងបណ្តោយ 4,323mm, ទម្ងន់ 1,809mm, កម្ពស់ 1,653mm, កម្ពស់ពីដី (Ground Clearance) ប្រវែង 220mm និងមានទំហំឃ្លុបក្រោយចំណុះ 448L។ ចំណែកដំណើរការម៉ាស៊ីនវិញ រថយន្ត MG ZS បានបំពាក់មកជាមួយម៉ាស៊ីនសាំងចំណុះ 1.5T និងប្រអប់លេខអូតូនិងលេខដៃ៨វគ្គ ហើយផលិតថាមពលបាន 116hp និងកម្លាំងរមួល 250Nm។ ភាពទូលំទូលាយនិងសមត្ថភាពខ្ពស់របស់រថយន្តនេះកំពុងធ្វើឲ្យអ្នកប្រើប្រាស់ពេញចិត្តណាស់។ MG ZS ក៏បានរចនាផ្នែកខាងក្រៅយ៉ាងទាក់ទាញ អមដោយលក្ខណៈពិសេសនៃមុខងារប្រើប្រាស់ជា ច្រើនដូចជា កាំមេរ៉ា360និងសេនស័រជំនួយពេលចត, ប្រព័ន្ធសោរ smart key, អេក្រង់កម្សាន្តទំហំ 10.1អ៊ីញ អាចភ្ផាប់ជាមួយ Apple CarPlay និង Android Auto, ដំបូលលើបើកពីរជាន់, កៅអីអេឡិចត្រូនិច, កញ្ចក់ចំហៀងក្តោបអូតូ, ហ្វ្រាំងដៃអេឡិចត្រូនិច, ប្រព័ន្ធហ្វ្រាំង ABS, ចង្កៀង LED អមនឹង daytime running light ដែលផ្តល់សម្រស់យ៉ាងទាក់ទាញដល់រថយន្ត MG ZS។
សរុបមក រថយន្តប្រភេទ SUV ខ្នាតតូចទាំង៣ខាងលើគឺមានលក្ខណៈពិសេសផ្សេងៗគ្នាលើចំនុចមួយចំនួនដូចជា កម្លាំងម៉ាស៊ីន, ទំហំ និងមុខងារប្រើប្រាស់។ ទំហំរបស់ Toyota Raize ប្រវែង 4,030mm ហើយ Hyundai Venue ប្រវែង 4,040mm ដែលទំហំនេះគឺតូចជាង 4,323mm របស់ MG ZS។ ចំណែកថាមពលរបស់ MG ZS ផ្តល់កម្លាំង116hp ហើយ Hyundai គឺ123hp ខ្លាំងជាង Toyota Raize ដែលផ្តល់កម្លាំងត្រឹមតែ 96hp ប៉ុណ្ណោះ។ ភាពខុសគ្នាមួយទៀតនោះគឺតម្លៃ ដែលរថយន្ត MG ZS និង Toyota Raize អាចខុសគ្នាត្រឹមតែ 1,700$ លើតម្លៃពេញ ក៏ប៉ុន្តែបើនិយាយពីទំហំ, លក្ខណៈពិសេស និងកម្លាំងរបស់ MG ZS គឺពិសេសជាង Toyota Raize និង Hyundai Veune។ ចំណែកចំនុចមួយទៀតគឺ Toyota Raize និង Hyundai Venue មានតម្លៃទាបជាងក៏ប៉ុន្តែពួកគេផ្តល់ការធានាបានតែរយៈពេល ៣ឆ្នាំ ឬ ១០០.០០០Km ប៉ុណ្ណោះ។ ក្នុងនោះដែរ MG ZS ធ្វើឲ្យអ្នកទិញកាន់តែពេញចិត្តជាមួយនឹងការធានារយៈពេលវែងរហូតដល់ 5ឆ្នាំ ឬ ១៥០.០០០Km។