• 2023-07-28 04:04:34
  • ព័ត៌មាន

ខ្លាចម្ចាស់រថយន្តត្រូវ ជាង កោរលុយ កើតគំនិតបង្កើតកម្មវិធីទូរស័ព្ទមួយ មានហាងធ្វើឡានជាង ១ពាន់ហាង អតិថិជនរើសបានតាមចិត្ត!

  • 2023-07-28 04:04:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Martin Reyhan Suryohusodo ជនជាតិឥណ្ឌូនេស៊ី បានក្លាយជាសហគ្រិនវ័យក្មេង និងបច្ចុប្បន្នជាម្ចាស់ក្រុមហ៊ុន Otoklix ដែលជាកម្មវិធីទូរស័ព្ទ មានមុខងារអនុញ្ញាតឱ្យម្ចាស់រថយន្ត ភ្ជាប់ទៅកាន់ហាងជួសជុល និង ថែទាំរថយន្តជាង ១ពាន់ហាង។

លោក Martin Reyhan Suryohusodo, Joseph Alexander Ananto និង Benny Sutedjo

ឥណ្ឌូនេស៊ី ជាប្រទេស១កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងវិស័យរថយន្ត។ មួយក្នុងចំណោមនោះ ត្រូវបានគេមើលឃើញពីការកើនឡើងយ៉ាងឆាប់រហ័សនៃកំណើនរថយន្តថ្មី ដែលមានប្រមាណ ១,១ លានគ្រឿងជារៀងរាល់ឆ្នាំ។

ម្ចាស់រថយន្តភាគច្រើននៅឥណ្ឌូនេស៊ី យល់ថាវាកាន់តែងាយស្រួលក្នុងការទទួលបានព័ត៌មានអំពីការពិនិត្យមើលរថយន្ត។ ទោះបីជា ម្ចាស់រថយន្តទាំងនោះមិនត្រូវទិញរថយន្តថ្មីទៀតទេ ប៉ុន្តែត្រូវដឹងពីរបៀបថែទាំ និងស្វែងរកហាងជួសជុលដែលអាចទុកចិត្តបាន។

Otoklix ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ នៅទីក្រុងហ្សាការតា ដោយលោក Martin Reyhan Suryohusodo, Joseph Alexander Ananto និង Benny Sutedjo ។ Martin គឺជាអ្នកប្រឹក្សាយុទ្ធសាស្ត្រ និងប្រតិបត្តិការដែលមានបទពិសោធន៍ច្រើនឆ្នាំ។ Joseph គឺជាវិស្វករដែលមានបទពិសោធន៍ក្នុងឧស្សាហកម្មផលិតនៅសហរដ្ឋអាមេរិក។ ខណៈពេលដែល Benny មានបទពិសោធន៍ក្នុងឧស្សាហកម្មរថយន្តអស់រយៈពេលជាង ១៥ឆ្នាំក្នុងការចែកចាយគ្រឿងបន្លាស់ ការលក់រថយន្ត និងការធានារ៉ាប់រងរថយន្ត។

ជាមួយនឹង Otoklix ម្ចាស់រថយន្តទទួលបានព័ត៌មានត្រឹមត្រូវបំផុត សេវាកម្មល្អបំផុត និងតម្លៃប្រកបដោយតម្លាភាព។ សេវាកម្មរបស់ក្រុមហ៊ុន Otoklix គឺជាដំណោះស្រាយតែមួយគត់សម្រាប់ការថែទាំរថយន្តទៅកម្រិតបន្ទាប់សម្រាប់អ្នកបើកបររថយន្ត។ នេះបើតាមការលើកឡើងរបស់ស្ថាបនិកក្រុមហ៊ុននេះ។

ក្រុមហ៊ុន Otoklix បានកើតឡើងក្នុងនាមជាការអនុវត្តនូវក្តីស្រមៃរបស់ស្ថាបនិកក្រុមហ៊ុននេះ ដើម្បីក្លាយជាដៃគូដ៏គួរឱ្យទុកចិត្តសម្រាប់តម្រូវការថែទាំ និងជួសជុល រថយន្តទាំងអស់របស់អតិថិជនឥណ្ឌូនេស៊ី។ ស្ថាបនិកក្រុមហ៊ុននេះ ប្តេជ្ញាជំរុញឧស្សាហកម្មយានយន្ត និងបង្កើតការងារនៅក្នុងប្រទេសឥណ្ឌូនេស៊ី តាមរយៈការច្នៃប្រឌិតបច្ចេកវិទ្យា។

បន្ទាប់ពីរយៈពេល២ឆ្នាំ និងដើមទុន 2 លានដុល្លារ ក្រុមហ៊ុន Otoklix បានរីកចម្រើនយ៉ាងឆាប់រហ័សក្លាយជាក្រុមហ៊ុនមួយសំខាន់នៅក្នុងទីផ្សារជួសជុលរថយន្តដ៏ធំ របស់ប្រទេសឥណ្ឌូនេស៊ី។ ការចាប់ផ្តើមអាជីវកម្មរបស់ Otoklix ដែលមានមូលដ្ឋាននៅទីក្រុងហ្សាកាតាបានបង្កើតជាវេទិកាឌីជីថល និងកម្មវិធីទូរស័ព្ទដែល អនុញ្ញាតឱ្យម្ចាស់រថយន្ត ភ្ជាប់ជាមួយនឹងហាងជួសជុសរថយន្តនានា ។

នាយកប្រតិបត្តិលោក Martin Reyhan Suryohusodo បាននិយាយថា ហាងបែបនេះប្រហែល ១០០០កំពុងស្ថិតនៅក្នុង platform របស់ Otoklix ដែលផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្តសរុបចំនួន ១០០០០គ្រឿងក្នុងមួយខែ។ ប្រធានក្រុមហ៊ុនរូបនេះមានបំណងចង់ឱ្យមានហាងជួសជុលសរុបចំនួន ៤០០០ហាង នៅលើ platform របស់ក្រុមហ៊ុនលោកនៅពេលខាងមុខដ៏ខ្លី។

គួរឱ្យដឹងថា ស្ថាបនិកទាំង ២រូបរបស់ Otoklix គឺលោក Suryohusodo និង លោក Joseph Alexander Ananto បានជាប់នៅក្នុងបញ្ជីរបស់ Forbes 30 Under 30 Asia ក្នុងឆ្នាំ២០២១ ក្នុងវិស័យឧស្សាហកម្ម ការផលិត និងថាមពល ដែលកំពុងប្រើប្រាស់បច្ចេកវិទ្យាដើម្បីកែលម្អឧស្សាហកម្មផ្សេងៗ៕

អត្ថបទ ៖ សង្ហា

មតិយោបល់