- 2023-07-18 02:56:27
- ផលិតផលថ្មី
Hyundai Santa Fe 2024 កក្រើកពិភពនៃការឌីហ្សាញរថយន្ត ឈានចូលដល់យុគសម័យថ្មី
- 2023-07-18 02:56:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hyundai Santa Fe 2024 កក្រើកពិភពនៃការឌីហ្សាញរថយន្ត ឈានចូលដល់យុគសម័យថ្មី
ចន្លោះមិនឃើញ
ប៉ុន្មានឆ្នាំចុងក្រោយ ក្រុមហ៊ុនកូរ៉េ Hyundai តែងតែបង្កការភ្ញាក់ផ្អើលដល់ពិភពលោកចំពោះការឌីហ្សាញរូបរាងរថយន្តថ្មីរបស់ខ្លួន ដែលមានទ្រង់ទ្រាយជាបែបអនាគតតែម្តង។ ឥឡូវនេះទៀតសោត Hyundai ក៏បានបញ្ចេញ Santa Fe 2024 ដែលផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងចាប់តាំងពីឆ្នាំ២០១៨ និងមិននឹកស្មានដល់ទាល់តែសោះ។
ទំហំរបស់រថយន្តនេះកាន់តែធំជាងមុន ជាមួយរូបរាងបែបប្រអប់ជ្រុងៗ។ ផ្នែកខាងមុខ គួរឱ្យចាប់អារម្មណ៍បំផុតត្រង់ចង្កៀងត្រូវបានឌីហ្សាញជារាងអក្សរ H រំលេចដោយបន្ទាត់ពន្លឺកាត់ផ្ទៃមុខ អមដោយប៉ាណាបែបសំណាញ់។ ឯចង្កៀងក្រោយក៏ឌីហ្សាញជារាងអក្សរ H ផងដែរ។
ចំពោះការរចនារូបរាងនេះ ត្រូវបានលោក SangYup Lee ប្រធានមជ្ឈមណ្ឌលឌីហ្សាញសាកលរបស់ Hyundai បញ្ជាក់ថា វាជារថយន្ត SUV មួយដែលស្វែងរកនូវតុល្យភាពឥតខ្ចោះ រវាងជីវិតទីក្រុង និងក្រៅក្រុង ដោយជួយដោះស្រាយអ្វីៗទាំងអស់ចាប់តាំងពីការប្រើប្រាស់ត្រឹមលក្ខណៈគ្រួសារ រហូតដល់ការធ្វើដំណើរបែបផ្សងព្រេង។
រថយន្ត Hyundai Santa Fe ជំនាន់ទី៥នេះ មានបណ្តោយវែង និងគូថក្រោយធំទូលាយ សម្រាប់ផ្ទុកឥវ៉ាន់ និងគ្រប់គ្រាន់សម្រាប់កៅអីជួរទី២ និងកៅអីជួរទី៣ផងដែរ ដែលអាចបត់បាន។ នៅក្នុងផ្នែកកាប៊ីន វាបំពាក់អេក្រង់កោងដែលជាកុងទ័រឌីជីថល ១២,៣អ៊ីញដែលតភ្ជាប់ជាមួយប្រព័ន្ធកម្សាន្ត Touchscreen។
យ៉ាងណាមិញ ចំពោះកម្លាំងម៉ាស៊ីនវិញ Hyundai មិនទាន់បានបញ្ជាក់លម្អិតនៅឡើយទេ ប៉ុន្តែគេរំពឹងថា វានឹងអាចប្រើម៉ាស៊ីនទាក់បូចំណុះ ២,៥លីត្រ ផលិតបានកម្លាំង ២៧៧សេះ និងកម្លាំងរមួល ៤២១ញូតុនម៉ែត្រ។ វាក៏នឹងអាចមានជម្រើសប្រើម៉ាស៊ីនទាក់បូ Hybrid T-GDi ចំណុះ ១,៦លីត្រ ផលិតបានកម្លាំង ២២៦សេះ និងម៉ាស៊ីន Plug-in Hybrid ដែលអាចផលិតបានកម្លាំង ២៦១សេះផងដែរ។
ចំពោះតម្លៃ និងព័ត៌មានលម្អិតរបស់រថយន្តនេះ នឹងត្រូវ Hyundai គ្រោងបង្ហាញនៅខែសីហាខាងមុខនេះ៕