• 2023-06-06 04:26:20
  • ព័ត៌មាន

ទីបំផុតចេញហើយ វ៉ែនតា VR របស់ Apple ឈ្មោះ Apple Vision Pro ដាក់លក់ក្នុងតម្លៃ ៣៤៩៩ដុល្លារ

  • 2023-06-06 04:26:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងព្រឹត្តិការណ៍ WWDC 2023 ក្រុមហ៊ុន Apple បានបញ្ចេញផលិតផលថ្មី វ៉ែនតា VR ដែលមានឈ្មោះថា Apple Vision Pro។

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ថាវ៉ែនតា VR ដែលខ្លួនទើបបញ្ចេញនេះ ជាផលិតផលបដិវត្តន៍បច្ចេកវិទ្យា ដោយបានរួមបញ្ចូលគ្នានូវ ពិភពនិមិត្ត (Virtual Reality) និង ពិភពពិត ហើយផលិតផលនេះ នឹងផ្លាស់ប្តូររបៀបប្រើប្រាស់ របស់មនុស្សពាក់ព័ន្ធជាមួយបច្ចេកវិទ្យា របៀបទាក់ទងប្រាស្រ័យគ្នា និងរួមទាំង ពិភពលោកទាំងមូល។

វ៉ែនតា VR ដែល Apple ដាក់ឈ្មោះថា Apple Vision Pro នៅពេលណាដែលអ្នកប្រើចាប់ផ្តើមពាក់វា នោះពួកគេអាចមើលឃើញផ្ទាំងកម្មវិធី App លោតនៅនឹងមុខតែម្តង។ Apple អះអាងថា កម្មវិធី App ទាំងនោះមានដូចជាកម្មវិធី កម្សាន្ត និង កម្មវិធីសម្រាប់ការងារ Productivity ជាដើម។ ទន្ទឹមនឹងនេះ CEO របស់ Disney លោក Bob Iger បានចូលរួមការពិភាក្សាអំពីគម្រោងដែល Disney នឹងបង្កើតមាតិការនានា សម្រាប់តម្រូវឱ្យវ៉ែនតា VR ថ្មីរបស់ Apple មួយនេះ។

មិនដូចវ៉ែនតា VR របស់ក្រុមហ៊ុនដទៃទេ វ៉ែនតា VR របស់ Apple អនុញ្ញាតឱ្យប្រើប្រាស់មើលឃើញទិដ្ឋភាពខាងក្រៅ ដូចកំពុងពាក់វ៉ែនតាធម្មតាដែរ ដែលនេះជាចំណុចមួយអាចឱ្យអ្នកធ្វើទំនាក់ទំនងទៅកាន់នៅមនុស្សជុំវិញខ្លួន ជាធម្មតា។ វ៉ែនតា VR Apple Vision Pro នឹងដាក់លក់នៅក្នុងតម្លៃ ៣៤៩៩ ដុល្លារអាមេរិក៕

អត្ថបទ ៖ សង្ហា

មតិយោបល់