• 2023-05-25 09:05:48
  • ព័ត៌មាន

អាជ្ញាធរ​អាមេរិករកឃើញ​ថា ឡានវៀតណាម VinFast មាន​ហានិភ័យ​សុវត្ថិភាព

  • 2023-05-25 09:05:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​វៀតណាម​ VinFast បាន​ហៅត្រឡប់ចូលរោងចក្រវិញ​នូវរថយន្ត​ដែល​ខ្លួន​ទើបតែ​ដាក់លក់នៅសហរដ្ឋអាមេរិក បន្ទាប់ពី​រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍ផ្លូវហាយវេជាតិអាមេរិក (NHTSA) បាន​រកឃើញ​ភាពមិនប្រក្រតី​អំពី​សុវត្ថិភាព​របស់រថយន្ត VinFast នេះ។

អាជ្ញាធរ NHTSA បាន​លើកឡើងថា រថយន្តអគ្គិសនី VF8 ចំនួន ៩៩៩ គ្រឿង មាន​បញ្ហា (error) software ក្នុង​អេក្រង់​ថាច់ស្គ្រីន ដែល​មិន​បង្ហាញ​ព័ត៌មាន​សុវត្ថិភាព​សំខាន់ៗ ដោយបញ្ហានេះ អាច​បង្កើន​ហានិភ័យគ្រោះថ្នាក់ចរាចរណ៍បាន។

យ៉ាងណាមិញ​ តាមរយៈ​ការឆ្លើយតបបញ្ជាក់​របស់ VinFast ទៅកាន់ NHTSA បង្ហាញថា ការពិតគឺក្រុមហ៊ុន​នេះ បានចាប់ផ្តើម​ដឹងពីបញ្ហាខាងលើតាំងពីខែមុនមកម្ល៉េះ បន្ទាប់ពីទទួលបាន​ការរិះគន់​ពីអ្នកប្រើប្រាស់​ជាបន្តបន្ទាប់។

គួរកត់សម្គាល់ដែរថា កាលពីខែកុម្ភៈកន្លងទៅ VinFast បានសុំពន្យារពេល​ប្រគល់​រថយន្ត VF8 នេះ ឱ្យអតិថិជន ដែលបានកម្មង់ទិញរួចហើយ ដោយសារតែមិនទាន់​បាន​បញ្ចប់​ការអាប់ដេត Software។

បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មានថៃ Sanook ថ្មីៗនេះ បាន​រៀបរាប់ថា ​រថយន្ត​របស់​ក្រុមហ៊ុនវៀតណាម VinFast ដែល​នាំយកទៅកាន់ទីផ្សារអាមេរិកនោះ ទំនង​ជាលក់មិនដាច់ឡើយ។ សារព័ត៌មាននេះអះអាងថា អ្នកប្រើប្រាស់អាមេរិក នៅមិនទាន់ជឿជាក់​លើរថយន្តវៀតណាម​នៅឡើយទេ ទាំងគុណភាព ចម្ងាយ​បើកបរ និងសេវាកម្មក្រោយការលក់ ជាហេតុធ្វើឱ្យ VinFast ស្ទើរតែគ្មានច្រកណាដែល​អាច​លូកចូលទីផ្សារអាមេរិកងាយស្រួលឡើយ៕

អត្ថបទ៖ សំភី

មតិយោបល់