• 2023-04-18 03:12:38
  • ព័ត៌មាន

ក្រុមហ៊ុន Smart Axiata និង UNESCO បន្តភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបន្តគាំទ្រកម្មវិធីអប់រំសម្រាប់យុវជនក្រៅសាលាទូទាំងប្រទេស

  • 2023-04-18 03:12:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ - ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅប្រទេសកម្ពុជា បានបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (ប៊ីប) នៅក្នុងពិធីចុះហត្ថលេខាលេីអនុស្សារណ:យោគយល់គ្នារវាងក្រុមហ៊ុន Smart Axiata និងអង្គការយូណេស្កូកម្ពុជា រួមជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ( MoEYS) និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង នេះ បានប្រព្រឹត្តិឡើងនៅការិយាល័យអង្គការយូណេស្កូភ្នំពេញ ដែលបញ្ជាក់ពីការពង្រីកភាពជាដៃគូជាមួយក្រុមហ៊ុន Smart រហូតដល់ឆ្នាំ ២០២៥។ ក្រុមហ៊ុន Smart បានគាំទ្រកម្មវិធីប៊ីប ដែលផ្តល់ការអប់រំមូលដ្ឋានដល់យុវជនកម្ពុជាដែលបោះបង់ការសិក្សាក្នុងកម្រិតមធ្យមសិក្សាបឋមភូមិ ចាប់តាំងពីឆ្នាំ ២០១៦។​ តាមរយៈការគាំទ្រនេះ យុវជនដែលបញ្ចប់សិក្សាតាមកម្មវិធីប៊ីប អាចបន្តចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញនៅគ្រិះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឬនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស។

កម្មវិធីប៊ីប ផ្តល់នូវវិធីសាស្រ្តអប់រំដល់យុវជនដែលបោះបង់ ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ តាមរយៈការសិក្សាដែលមានភាពបត់បែននិងស្វ័យសិក្សា ដើម្បី បញ្ចប់ការសិក្សានិងទទួលបានវិញ្ញបនបត្រសមមូល ថ្នាក់ទី ៩។ កម្មវិធីប៊ីបផ្តល់នូវមុខវិជ្ជាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកសរុបចំនួន ១១ មុខវិជ្ជា។ គំនិតផ្តួចផ្តើម មួយនេះ គឺជាផ្នែកមួយនៃកម្មវិធីការងារនិងមុខរបរសមរម្យសម្រាប់យុវជកម្ពុជា (DEY) ក្រោមការគាំទ្រផ្នែកហិវញ្ញវត្ថុពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។

ក្នុងដំណាក់កាលទី 2 នៃកម្មវិធី ចាប់ពីឆ្នាំ ២០២០ ដល់ ២០២២ ក្រុមហ៊ុន Smart បានផ្តល់កុំព្យូទ័របន្ទះ (Tablets) ចំនួន ៣៥០​ គ្រឿង និងស៊ីមកាតចំនួន ៣៥០ ដែលមានបញ្ចូលទិន្នន័យអុីនធឺណិតគ្មានដែនកំណត់ ដើម្បីឲ្យសិស្សចំនួន ៥00 នាក់អាចចូលរៀនវគ្គសិក្សាដោយឥតគិតថ្លៃ។ ក្រុមហ៊ុនស្មាត ក៏បានផ្តល់កំព្យូទ័រយួរដៃចំនួន ៥ គ្រឿងក្នុងគោលបំណងសម្របសម្រួលដល់ ក្រសួងដៃគូដែលគ្រប់គ្រងកម្មវិធី ផងដែរ។

ក្នុងដំណាក់កាលទី ៣ ចាប់ពីខែមីនា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៥ ប្រតិបត្តិករទូរសព្ទចល័តមួយនេះ នឹងផ្តល់ទូរសព្ទស្មាតហ្វូនចំនួន ៥00 គ្រឿង ដល់សិស្សដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ រួមទាំងកុំព្យូទ័របន្ទះ ចំនួន ១00 ដល់មណ្ឌលសិក្សា (Learning Centers) កញ្ចប់ទិន្នន័យគ្មានដែនកំណត់ចំនួន ១,000 ដើម្បីគាំទ្រសិស្សក្នុងការចូលប្រើប្រាស់វគ្គសិក្សា និងឧបករណ៍ Wi-Fi ចំនួន ២0 គ្រឿង ដែលមានបញ្ចូលទិន្នន័យអុីនធឺណិតសម្រាប់រយៈពេលមួយឆ្នាំ ដល់មណ្ឌលសិក្សាក្នុងខេត្តគោលដៅផងដែរ។

នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក Ziad Shatara បានសម្តែងនូវភាពរីករាយចំពោះការបន្តភាពជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយនេះ។

«ក្រុមហ៊ុន Smart ពិតជាមានកិត្តិយសណាស់ដែលបានធ្វើការជាមួយអង្គការយូណេស្កូដើម្បីគាំទ្រកម្មវិធីប៊ីបចាប់តាំងពីការចាប់ផ្តើមកម្មវិធីក្នុងឆ្នាំ ២០១៦ ។ កម្មវិធីមួយនេះ ពិតជាមានសារៈសំខាន់ក្នុងពេលបច្ចុប្បន្នជាងពេលណាៗទាំងអស់ ដោយសារការអភិវឌ្ឍ ធនធានមនុស្សពិតជាមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសក្នុងការសម្រេចបាននូវគោលដៅក្នុងការក្លាយខ្លួនជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ផងដែរ។

លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់អំពីសារៈសំខាន់នៃភាពជាដៃគូនេះផងដែរ ខណៈដែលក្រសួងដៃគូទាំងពីរ ក៏បានផ្តល់ជូននូវលិខិតថ្លែងអំណរគុណ ជូនដល់ក្រុមហ៊ុន Smart Axiata។​

«ភាពជាដៃគូជាមួយក្រុមហ៊ុន Smart Axiata ព្រមទាំងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអប់រំឌីជីថល ការសិក្សាពេញមួយជីវិត និងការអភិវឌ្ឍជំនាញនៅក្នុងប្រទេសកម្ពុជា ។ កិច្ចសហការនេះ បានបង្កើតជាភាពជាដៃគូគំរូ រវាងវិស័យសាធារណៈ និងឯកជន ដើម្បីបង្កើនការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ព្រោះភាពជាដៃគូបែបនេះគឺជាគន្លឹះសំខាន់ សម្រាប់គាំទ្រយុវជនដែលបោះបង់ការសិក្សានៅមធ្យមសិក្សាបឋមភូមិ ឱ្យពួកគេទទួលបាននូវលក្ខណៈសម្បត្តិ និងជំនាញដែលអាចឲ្យយុវជនកម្ពុជាទទួលបានការងារសមរម្យ»។

កម្មវិធីប៊ីប បានវិវត្តឡើងគួរឱ្យកត់សម្គាល់ ចាប់តាំងពីការសម្ពោធមជ្ឈមណ្ឌលសិក្សាដំបូងក្នុងឆ្នាំ ២០១៩។ ឥឡូវនេះ មានមជ្ឈមណ្ឌលសិក្សាសរុបចំនួន ២៦ នៅទូទាំង ១៦ ខេត្តក្រុង ដែលមានអ្នកសិក្សាជាង ១,៨00 នាក់ រួមទាំងយុវជនដែលមានជំនាញទាប និងគ្មានការងារធ្វើ ដែលបានទទួលអត្ថប្រយោជន៍ច្រើនពីកម្មវិធីនេះ។ ស្ទើរតែពីរភាគបីនៃសិស្សបញ្ចប់ការសិក្សាកម្មវិធីប៊ីប បានបន្តសិក្សាការអភិវឌ្ឍជំនាញបន្ថែមទៀតនៅគ្រិះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

បច្ចុប្បន្ននេះ ប៊ីប កំពុងរៀបចំផែនការ ដើម្បីធ្វើការផ្សព្វផ្សាយទៅកាន់យុវជនកម្ពុជាឲ្យកាន់តែច្រើនជាងមុន តាមរយៈការពង្រីកកម្មវិធីទៅកាន់មណ្ឌលកែប្រែ ពន្ធនាគារ និងយុវជនទេសន្តប្រវេសន៍ ជាក្រុមគោលដៅបន្ថែមទៀតផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាលពីពេលថ្មីៗនេះថា នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ យុវជនចំនួន ១,៥លាននាក់ ដែលភាគច្រើននឹងមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេស នឹងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសនៅតាមស្ថាប័នរដ្ឋនានា ដោយមានការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ និងមិនគិតថ្លៃសិក្សានោះទេ។ ហេតុដូច្នេះហើយ កម្មវិធីស្ពានចម្លងបន្តជំនាញអនឡាញដែលអាចបត់បែនបាន ដូចជា កម្មវិធីប៊ីប នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រក្នុងការសម្រេចបាននូវផែនការអភិវឌ្ឍជំនាញរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕

មតិយោបល់