• 2023-03-23 11:31:00
  • ព័ត៌មាន

ABA សម្រួលដល់ការដាក់ដំណើរការនូវឧបករណ៍ហាត់បញ្ជាការហោះហើរ Airbus A320 ដំបូងបង្អស់របស់កម្ពុជា

  • 2023-03-23 11:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ABA បានប្រកាសនូវជោគជ័យរបស់ខ្លួន ក្នុងកិច្ចសហប្រតិបត្តិការជាមួយ មជ្ឈមណ្ឌលបណ្តុះបណ្តាល ឡានម៉ី (LTC) ដោយធនាគារ ABA បានផ្តល់ហិរញ្ញប្បទាន និងសម្របសម្រួលដល់ការបញ្ជាទិញឧបករណ៍ហាត់បញ្ជាការហោះហើរពេញលេញ (ដូចទៅនឹងយន្តហោះពិត) របស់យន្តហោះប្រភេទ Airbus A320 ដំបូងបង្អស់នៅកម្ពុជា។ ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃឧបករណ៍ហាត់បញ្ជាការហោះហើរ​ពេញលេញនេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី ២១ ខែ​មីនា ឆ្នាំ ២០២៣។

ក្នុងនាមជាបុត្រសម្ពន្ធមួយ នៃធនាគារជាតិកាណាដា ABA បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទាន ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Canadian Aviation Electronics និង មជ្ឈមណ្ឌលបណ្តុះបណ្តាល ឡានម៉ី ដើម្បីទិញឧបករណ៍ហាត់បញ្ជាការហោះហើរនេះ។

មជ្ឈមណ្ឌលបណ្តុះបណ្តាល ឡានម៉ី បានទិញឧបករណ៍ហាត់បញ្ជាការហោះហើរពេញលេញ CAE-TSP 1000XR ដើម្បីបន្តបណ្តុះបណ្តាលបុគ្គលិកនៃជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ ដែលមានការិយាល័យនៅកម្ពុជា រួមទាំងក្រុមហ៊ុនអាកាសចរណ៍ឡានម៉ី (ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Lanmei Aviation Group) ផងដែរ។ ឧបករណ៍នេះនឹងជួយសម្រួលដល់សិស្សដែលបានចុះឈ្មោះចូលរៀន ក្នុងកម្មវិធីសិក្សាថ្នាក់អាកាសយានិក និងកម្មវិធីថែទាំយន្តហោះបានពេញលេញ និងជួយឆ្លើយតបទៅនឹងកំណើននៃតម្រូវការអ្នកបើកយន្តហោះ និងអាកាសយានិកជំនាញៗ នៅក្នុងប្រទេស និងក៏ដូចជាតំបន់អាស៊ាន។

ប្រធានគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលឡានម៉ី លោក កាពីទែន Goh Chee Hong បានបញ្ជាក់ថា ឧបករណ៍នេះផ្តល់បរិយាកាសប្រកបដោយសុវត្ថិភាព និងការគ្រប់គ្រងពេញលេញ សម្រាប់អាកាសយានិក ក្នុងការអនុវត្ត និងបំពេញជំនាញបញ្ជាការហោះហើររបស់ពួកគេ ដោយមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ឬក្រុមយានិកណាឡើយ។

លោក កាពីទែន Goh មានបន្ថែមថា "ការនាំយក (ទិញ) ឧបករណ៍អាកាសចរណ៍ដែលមានតម្លៃថ្លៃមកកម្ពុជា គឺជាកិច្ចការដ៏លំបាកមួយ ដែលទាមទារមិនត្រឹមតែការធានាពីធនាគារមួយប៉ុណ្ណោះទេ ប៉ុន្តែវាជាការធានាពីធនាគារមួយ ដែលគេអាចជឿជាក់ និងទុកចិត្តបាន។ យើងមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានធ្វើការជាមួយធនាគារ ABA ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងដ៏សំខាន់នេះសម្រេចឡើងបាន”។

លោក Askhat Azhikhanov, នាយកប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ថា “ធនាគារ ABA មានមោទនភាព ដែលបានឃើញការរីកចម្រើនក្នុងវិស័យអាកាសចរណ៍នៅកម្ពុជា។ យើងជឿជាក់ថា ការគាំទ្ររបស់ ABA លើគម្រោងនេះ នឹងជួយដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលឡានម៉ី ក្នុងការបណ្តុះជំនាញដែលជាតម្រូវការ ដើម្បីទ្រទ្រង់ដល់ការរីកចម្រើនក្នុងវិស័យនេះឲ្យបានយូរអង្វែងតទៅ។

"ធនាគារ ABA បានសម្របសម្រួលកិច្ចព្រមព្រៀង រវាងមជ្ឈមណ្ឌលបណ្តុះបណ្តាលឡានម៉ី និងក្រុមហ៊ុន Canadian Aviation Electronics ដោយបានធ្វើកិច្ចការជាច្រើនដំណាក់កាល និងជាមួយភាគីក្រុមហ៊ុនជាច្រើនទៀត រហូតទទួលបានជោគជ័យ និងធ្វើការសម្ពោធឧបករណ៍នេះជាផ្លូវការនៅថ្ងៃនេះ។ ទាំងអស់នេះបង្ហាញពីភាពគួរឲ្យជឿជាក់ទុកចិត្តបានរបស់ ABA ដោយធនាគារយើងខ្ញុំមានសេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងការសម្រួលផ្នែកឥណទាន សម្រាប់កិច្ចការជំនួញធំៗ និងមានលក្ខណៈស្មុគស្មាញ សំដៅរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ។

វិស័យអាកាសចរណ៍កម្ពុជាមានការរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយប្រជាពលរដ្ឋកម្ពុជាបង្ហាញការចំណាប់អារម្មណ៍ លើការងារក្នុងវិស័យអាកាសចរណ៍ រួមទាំងការបណ្តុះបណ្ដាល ដើម្បីក្លាយជាអ្នកបើកបរយន្តហោះ(អាកាសយានិក) អាជីពផងដែរ។ ធនាគារ ABA គាំទ្រដល់ការអភិវឌ្ឍរយៈពេលវែង នៃវិស័យអាកាសចរណ៍របស់កម្ពុជា តាមរយៈការសម្របសម្រួលការវិនិយោគនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលឡានម៉ី ក្នុងការតម្លើងឧបករណ៍ហាត់បញ្ជាការហោះហើរពេញលេញ ម៉ាក CAE នេះ។

អំពី ធនាគារ ABA

ធនាគារ ABA ត្រូវបានចាត់ទុកជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជននិងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា។ ABA បម្រើសេវាធនាគារ ដល់អតិថិជនជាង 2.5 លាននាក់ គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ2022។

មតិយោបល់