• 2023-03-10 09:19:58
  • ព័ត៌មាន

ឧទ័យ ថេកណឡជី ត្រៀមខ្លួនចាប់យកវិស័យ «បច្ចេកវិទ្យាបដិសណ្ឋារកិច្ច»ថ្មីមួយទៀត

  • 2023-03-10 09:19:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ឧទ័យ ថេកណឡជី បានចុះកិច្ចព្រមព្រៀងសហការគ្នាមួយជាមួយរមណីយដ្ឋាន ចំការធ្នុង​ (Kino​Farm Resort)​ដើម្បី​បង្កើត​សាកល្បងនូវ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និងអភិវឌ្ឍន៍មួយ ដែល​ផ្ដោត​ទៅលើ​ការស្រាវជ្រាវនិងអភិវឌ្ឍ​បច្ចេកវិទ្យា​បដិសណ្ឋារកិច្ចដើម្បី​ជំរុញឌីជីថលូបនីយកម្ម​វិស័យ​ទេសចរណ៍​និង​បដិសណ្ឋារកិច្ច​​នៅកម្ពុជា។

ស្រុកសំឡូត ខេត្តបាត់ដំបង – ក្រុមហ៊ុន​ ឧទ័យ ថេកណឡជី ដែលជាក្រុមហ៊ុនផ្ដល់​ដំណោះស្រាបច្ចេកវិទ្យា​ឧស្សាហកម្ម​និងឌីជីថលនៅកម្ពុជា ថ្មីៗនេះ បាន​ប្រារព្ធ​ខួប​១៣ឆ្នាំរបស់​ខ្លួន​ជាមួយ​នឹង​ការ​ចុះ​ហត្ថលេខាលើ​កិច្ចព្រមព្រៀង​ភាពជាដៃគូ​មួយ​ជាមួយ​រមណីយដ្ឋាន ចំការធ្នុង ដែល​ស្ថិតនៅស្រុក​សំឡុត ខេត្ត​បាត់ដំបង ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍ មួយ​សម្រាប់វិស័យ​បច្ចេកវិទ្យា​បដិសណ្ឋារកិច្ច​ដែល​កំពុងមាន​សក្ដានុពល​ខ្ពស់ ។

ការប្រារព្ធ​ខួប​អនុស្សាវរីយ៍ធ្វើឡើង​ជា​កិច្ច​ប្រជុំ​ចង្អៀត​រយៈពេល​មួយសប្ដាហ៍​ដែល​ទាំង​ថ្នាក់​ដឹកនាំ​និង​បុគ្គលិក​ប្រមាណ ៧០នាក់ បានជួបជុំគ្នា​រីករាយនឹងការសម្រាកលំហែ​កម្សាន្តផង និង​ឆ្លុះបញ្ចាំង​រៀនសូត្រ​បន្ថែមផង នៅឯ​មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) ស្ថិតក្នុង​រមណីយដ្ឋានធម្មជាតិ ចំការធ្នុង ដែលមានទីតាំងនៅក្នុងស្រុក​សំឡូត ខេត្ត​បាត់ដំបង ចម្ងាយ​ប្រហែល ៤០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ។

លោក កែវ រស្មី នាយកគ្រប់គ្រង​ក្រុមហ៊ុន ឧទ័យ ថេកណឡជី បានមានប្រសាសន៍ថា នៅពេល​ដែល​សហស្ថាបនិក​បាន​បង្កើត​ក្រុមហ៊ុន​ដំបូង​កាលពី១៣ឆ្នាំមុន ប្រទេស​កម្ពុជា​ស្ថិតនៅក្នុង​ដំណាក់កាលដំបូងៗនៃការធ្វើ​ឌីជីថលូបនីយកម្ម ឬនិយាយជាសាមញ្ញថា ការចាប់ផ្ដើម​ប្រើ​ប្រាស់​បច្ចេកវិទ្យាឌីជីថល​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ជាតិ ។ ប្រការនេះ​បានផ្ដល់​ឱកាស​ច្រើន​ដល់​ក្រុមហ៊ុន ឧទ័យ ដើម្បី​រៀនសូត្រ​និង​អភិវឌ្ឍ​ខ្លួន​នៅខណៈដែល​ទីផ្សារ​មានទំហំ​ធំទូលាយ​នៅឡើយ ។

លោក កែវ រស្មី មានប្រសាសន៍ដូច្នេះថា «កាលណោះ ការប្រកួតប្រជែង​វានៅមិនទាន់​ខ្លាំងក្លា​នៅ​ឡើយ ចំណែក​ឯ​ការរំពឹង​ចង់បានរបស់អតិថិជន​ក៏មិនទាន់ខ្ពស់ដែរ នៅពេលនោះ ។ ដូច្នេះ គ្រានោះ​ក្រុមហ៊ុន​យើង​មានឱកាស​ច្រើន​ណាស់ ដើម្បី​រៀនធ្វើ​ផង អភិវឌ្ឍ​សមត្ថភាពខ្លួន​ឯង​និងសមត្ថភាពរបស់​បុគ្គលិកផង ។»

លោកបន្ថែមថា «ខ្ញុំរីករាយនិងមានមោទនភាពដែល​មនុស្ស​ជាច្រើន​បាន​ប្រើប្រាស់​ប្រព័ន្ធ​របស់​ យើង ហើយ​យើង​បានចូលរួមចំណែក​ច្រើន​គួរឱ្យ​កត់សម្គាល់ក្នុងការកសាង​សង្គមឌីជីថលមួយ និង​ការធ្វើ​ទំនើប​កម្ម​បច្ចេកវិទ្យា ។» ចំការធ្នុង ជារមណីយដ្ឋានបែបធម្មជាតិមួយ​ដែលមាន​ទំហំ​ផ្ទៃដី​ ៥ហិកតា ស្ថិត នៅក្នុងដីព្រៃធម្មជាតិតូចៗទំហំ ២០ហិកតា ដែលរួមមាន​ស្ទឹង​ធម្មជាតិមួយនៅក្នុងនោះដែរ ។ ប្រព័ន្ធ​ទឹក​ភ្លើង​បំពាក់ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ បន្ថែម​ពីលើ​អគ្គិសនីដែល​ផ្គត់ផ្គង់​ដោយ​អាជ្ញាធររដ្ឋ។

គីណូ ហ្វាម មាន​បន្ទប់ប្រជុំ​និង​លំហធ្វើការ​ដ៏ធំទូលាយមួយ មាន​ផ្ទះ​បឹងហ្គាឡូ​សម្រាប់ស្នាក់នៅចំនួន ៥ និង​ទីវាលនៅជាប់​មាត់ស្ទឹង​សម្រាប់​ការបោះតង់​ដ៏ស្អាត ។ ប្រព័ន្ធ​ទឹក​និង​អគ្គិសនី​នៅលើ​មជ្ឈមណ្ឌលនេះ​រៀបចំឡើង​ដោយ​វិស្វករ​បច្ចេកទេស​ពីក្រុមហ៊ុន ឧទ័យ ហើយ​មជ្ឈមណ្ឌលនេះដើរតួនាទីប្រៀបដូចជា​មន្ទីរពិសោធន៍មួយ​សម្រាប់​បម្រើ​ដល់​ការសិក្សា ស្រាវជ្រាវ និង​អភិវឌ្ឍផលិតផល«បច្ចេកវិទ្យាបដិសណ្ឋារកិច្ច ឬHospitaliTech» ថ្មីៗ ដែលអាចជួយ​សម្រួល​និងជំរុញ​ការរីកចម្រើនលូតលាស់​របស់​វិស័យ​ទេសចរណ៍​និង​បដិសណ្ឋារកិច្ច នៅកម្ពុជា។

អ្វីដែល​ក្រុមហ៊ុន​សម្រេចបាន​ក្នុងអំឡុង​ពេល​ជាង​មួយទសវត្សរ៍​កន្លងមកនេះ បាន​ជួយ​ឱ្យ​ក្រុមហ៊ុន​អាចមាន​លទ្ធភាពគិតគូរ អភិវឌ្ឍ និង​ធ្វើនវានុវត្តន៍​ផលិតផល​បច្ចេក​វិទ្យាច្រើនថែមទៀត ដើម្បីគាំទ្រ​ដល់​ឧស្សាហកម្មសក្ដានុពល​នានារបស់​កម្ពុជា ដូចជា អចលនទ្រព្យ ទេសចរណ៍ និង​បច្ចេកវិទ្យា ជាដើម ។

«បច្ចេកវិទ្យាបដិសណ្ឋារកិច្ច»សម្រាប់វិស័យ​ទេសចរណ៍​នៅកម្ពុជា នៅពេលសួរ​ថា​តើ​អ្វីបន្ទាប់ទៀត​ដែល​ ឧទ័យ ថេកណឡជី លោក​នាយកគ្រប់គ្រងបាន​មានប្រសាសន៍ថា ឥឡូវនេះ ក្រុមហ៊ុន​កំពុងផ្ដោត​លើ​ការស្រាវជ្រាវ​អភិវឌ្ឍន៍​ផលិតផល​ថ្មីៗទៀត សម្រាប់​វិស័យ​«បច្ចេកវិទ្យាបដិសណ្ឋារកិច្ច» ដែលកំពុងមានសក្ដានុពល​ខ្ពស់ ដូចជា ប្រព័ន្ធ​គ្រប់គ្រងសណ្ឋាគារ ផ្ទះសំណាក់ ឬ​បឹងហ្គាឡូ ម៉ាស៊ីនទិញទំនិញដោយស្វ័យប្រវត្តិ និង​ផ្សេងៗទៀត។

ក្រុមហ៊ុន​ក៏បានធ្វើការងារជាមួយដៃគូ​មកពីវិស័យនានា ដូចជា សុខាភិបាល ដឹកជញ្ជូន និង ​ឡូជីស្ទិក​ ផងដែរ ដើម្បីជួយ​សម្រួល​ដល់​ប្រព័ន្ធ​អេកូឡូស៊ីមួយ​សម្រាប់​វិស័យ​បច្ចេកវិទ្យា​បដិសណ្ឋារកិច្ច ដែល​ផ្ដល់​ប្រយោជន៍​ដល់​មនុស្សជំនាន់ថ្មី ឬគេហៅថា Gen Z ។

លោកមានប្រសាសន៍​ដូច្នេះ​ថា «ការប្រើប្រាស់​បច្ចេកវិទ្យា​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ ស្ដាប់ទៅវា​មិនចម្លែកទេ ប៉ុន្តែ វាចម្លែកបន្តិចនៅពេល​យើង​និយាយថា យើង​ប្រើប្រាស់​បច្ចេក​វិទ្យាសម្រាប់​វិស័យ​បដិសណ្ឋារកិច្ច ។ មនុស្សម្នា​ចង់​ចំណាយពេលវេលា​លំហែ​កម្សាន្ត​ជាមួយធម្មជាតិ និង​មិនចង់​ឃើញ​បច្ចេកវិទ្យា​ទេ ។»

លោកបន្ថែមថា «ដូច្នេះ វាជាការលំបាកខ្លាំងដែរ សម្រាប់យើង​ក្នុង​ការ​ព្យាយាម​ប្រើ​ប្រាស់​បច្ចេក​វិទ្យានៅក្នុង​វិស័យ​បដិសណ្ឋារកិច្ច និង​ធ្វើ​ឱ្យ​មានភាពសុខដុមរវាង​បច្ចេកវិទ្យានិងបដិសណ្ឋារកិច្ច ។ ប៉ុន្តែ វិស័យ​នេះ​ពិតជាមានសក្ដានុពល​ខ្ពស់​មែន ។»លោកបានបន្ត​ថា ការប្រើប្រាស់​បច្ចេកវិទ្យា​ កន្លងមក ឃើញថា មានត្រឹមតែ​ការ​កក់​បន្ទប់ តាមអនឡាញនៅក្នុង​វិស័យ​ទេសចរណ៍ ហើយ​ក្រុមហ៊ុន ឧទ័យ ថេកណឡជី ចង់​ធ្វើ​ឱ្យច្រើនជាង​នេះ​ទៀត ដើម្បីជួយ​ជំរុញ​វិស័យនេះ ។

សម្រាប់ម្ចាស់​សណ្ឋាគារ ឬ​ប្រតិបត្តិករ​ទេសចរណ៍ ជាឧទាហរណ៍ គេត្រូវការចាំបាច់នូវ​អ្វីដែល​គេហៅថា adaptive technology គឺ​បច្ចេកវិទ្យាដែលសម្របទៅតាម​ភាពជាក់ស្ដែង ពោលគឺ វាមិនមែនជា​បច្ចេកវិទ្យាដែល​ទំនើប​ខ្លាំងពេក ប៉ុន្តែ ក៏មិនមែន​ជា​បច្ចេកវិទ្យាដែល​យឺតពេកនោះ​ដែរ ។ ហើយ​ទាំងអស់នេះ នឹងត្រូវ​ដោះស្រាយ​តាមរយៈ​ការងារ​ស្រាវជ្រាវនិង​អភិវឌ្ឍន៍​ដែល​ក្រុមហ៊ុន ឧទ័យ​ បាននិងកំពុង​ផ្ដោត​ទៅលើ ។

លោក កែវ រស្មី មានប្រសាសន៍បែបនេះថា «ដូច្នេះ នៅ ឧទ័យ ថេកណឡជី យើង​បាន​សហការ ជាមួយ រមណីយដ្ឋានចំការធ្នុង បង្កើត​នូវ​មជ្ឈមណ្ឌលមួយ​សម្រាប់​ឱ្យ​ក្រុមការងារ R&D របស់​យើងប្រើប្រាស់ ក្នុងការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍ​ផលិតផល​បច្ចេកវិទ្យាបដិសណ្ឋារកិច្ចដែល​មាន​សក្ដានុពល។»

លោក​បន្ថែមថា «ខ្ញុំជឿជាក់ថា បច្ចេកវិទ្យាបដិសណ្ឋារកិច្ច​នេះ នៅពេល​យើង​អភិវឌ្ឍ​វា​ត្រូវ និង​ប្រើប្រាស់​វា​ត្រូវ នឹងរួមចំណែក​ដល់​ការជំរុញ​ប្រសិទ្ធភាព​ និង​ប្រសិទ្ធផល​នៃវិស័យ​ទេសចរណ៍ នៅកម្ពុជា ។» ក្រុមហ៊ុន ឧទ័យ ថេកណឡជី បានបង្កើតឡើង​នៅឆ្នាំ២០១០ ដោយ​ចាប់ផ្ដើម​ជាមួយនឹង​បុគ្គលិកតែ ១២នាក់ប៉ុណ្ណោះ ។ ក្រុមហ៊ុន​ផ្ដល់​នូវ​សេវានានា ដូចជា ប្រព័ន្ធ​គ្រប់គ្រង​ឌីជីថល​ទំនើប ដល់​ក្រុមហ៊ុនអាជីវកម្មទាំងឡាយ នៅក្នុងវិស័យ​សុខាភិបាល ឡូជីស្ទិក គណនេយ្យ អប់រំ បដិសណ្ឋារកិច្ច ព្រមទាំង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ឧស្សាហកម្ម​ ផងដែរ ។

បច្ចុប្បន្ន ឧទ័យ ថេកណឡជី បានពង្រីកប្រតិបត្តិការរបស់ខ្លួន​ជាច្រើនវិស័យ និង​មាន​បុគ្គលិក​សរុបជាង ៧០នាក់ ដែលបម្រើ​ការងារ​នៅក្នុង​ការិយាល័យ​ទំហំ​មធ្យមមួយ​ ស្ថិតនៅក្នុង​សង្កាត់​ទឹកល្អក់ទី១ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ ៕

មតិយោបល់