• 2023-03-07 07:54:55
  • ព័ត៌មាន

កុំ​ឃើញថា​ អត់សូវ​មានអ្នកប្រើ​ស្មាតហ្វូន​បត់អេក្រង់​ តែអ្នក​នឹងភ្ញាក់ផ្អើល​​ចំពោះ​តួលេខ​លក់

  • 2023-03-07 07:54:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វីត្បិត​នៅកម្ពុជា ការប្រើប្រាស់​ស្មាតហ្វូន​បត់អេក្រង់​នៅមាន​កម្រិតទាប ឬអ្នកខ្លះ​សឹងតែមិនធ្លាប់​ឃើញ​ទៅទៀត ប៉ុន្តែ​ការលក់​ឧបករណ៍នេះ​នៅលើពិភពលោក មាន​ចំនួន​ច្រើនគួរ​ឱ្យកត់​សម្គាល់ ក្នុងនោះ Samsung គ្របដណ្តប់​ទីផ្សារស្មាតហ្វូនបត់​អេក្រង់ច្រើនជាងគេបង្អស់​ដល់ ៨០% ឯណោះ ក្នុងឆ្នាំ​២០២២។

យោងតាម​ទិន្នន័យ​ពី Canalys ដែល​ជាក្រុមហ៊ុន​វិភាគ​ទីផ្សារ​បច្ចេកវិទ្យា​នាំមុខគេ បាន​បង្ហាញ​ឱ្យដឹងថា ស្មាតហ្វូន​បត់​អេក្រង់​ចំនួន ១៤,២លាន​គ្រឿង​ត្រូវ​បាន​លក់​ក្នុងអំឡុងឆ្នាំ​២០២២ ក្នុងនោះ ១២លានគ្រឿងហើយ គឺ​ជាប្រេន Galaxy របស់​ Samsung។

តែទោះជា​យ៉ាងណាក៏ដោយ ចំនួននេះគឺនៅមិនទាន់​បំពេញ​តាម​មហិច្ឆតា​របស់ក្រុមហ៊ុនយក្សកូរ៉េនេះនៅឡើយទេ បើទោះ​បី​ជា​កំពុងនាំមុខគេដាច់ឆ្ងាយហើយក៏ដោយ ព្រោះពេលនេះ មានក្រុមហ៊ុន​ជាច្រើន ជាពិសេសក្រុមហ៊ុនចិនធំៗ ចាប់ផ្តើម​ចូល​ប្រឡូកក្នុងសមរភូមិស្មាតហ្វូនបត់អេក្រង់​នេះទៅហើយ។

ថ្មីៗនេះ ស្មាតហ្វូនបត់អេក្រង់ Pixel Fold របស់ Google ត្រូវបានលេចធ្លាយលើអនឡាញ ខណៈ Oppo នឹង​ប្រកាស​ចេញស្មាតហ្វូនបត់អេក្រង់ជំនាន់ទី២ Find N2 Flip។ ជាមួយគ្នានេះ ក្រុមហ៊ុន Honor បាន​បញ្ចេញ​ស្មាតហ្វូន​បត់អេក្រង់​ទីមួយរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ Mobile World Congress  ផងដែរ៕

អត្ថបទ៖ សំភី

មតិយោបល់