/Kumnith-Tech/63edd99719a72_1676532060_medium.jpg)
- 2023-02-16 07:27:02
- ព័ត៌មាន
ប្រថុយឈប់ពីការងារចេញរកស៊ី ទីបំផុតយុវជនរូបនេះក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលជិត១ម៉ឺនដុល្លារក្នុង១ខែ
- 2023-02-16 07:27:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រថុយឈប់ពីការងារចេញរកស៊ី ទីបំផុតយុវជនរូបនេះក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលជិត១ម៉ឺនដុល្លារក្នុង១ខែ
ចន្លោះមិនឃើញ
ដោយសារមានមហិច្ឆតាខ្ពស់ លោក ឆុំ វ៉ាន់ឡុង មកពីគ្រួសារក្រខ្សត់មួយនៅខេត្តកំពង់ចាម បានសុខចិត្តលាឈប់ពីការងារក្នុងតួនាទីធំមួយ ប្រថុយចេញមករកស៊ី រហូតក្លាយជាម្ចាស់អាជីវកម្មមួយដែលផ្តល់សេវាដោះស្រាយបញ្ហាបណ្តាញសង្គម ទាំងវ័យក្មេង ដែលអាចរកចំណូលបានជិត១ម៉ឺនដុល្លារក្នុង១ខែ។
យុវជនមកពីស្រុកកងមាស ខេត្តកំពង់ចាមរូបនេះ បានបញ្ចប់ការសិក្សាថ្នាក់បាក់ឌុប នៅក្នុងឆ្នាំ២០១៣ និងបានបន្តការសិក្សានៅវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ ក្នុងរាជធានីភ្នំពេញ។ ក្នុងពេលជាមួយគ្នា ដើម្បីអាចរកចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ក៏ដូចជាថ្លៃឈ្នួលផ្ទះ ទឹកភ្លើង និងការសិក្សា លោក ឆុំ វ៉ាន់ឡុង បានចូលធ្វើការជាកូនកាំបិតនៅភោជនីយដ្ឋានបរទេសមួយកន្លែង ដោយទទួលបានប្រាក់ខែត្រឹមតែ ៧០ដុល្លារប៉ុណ្ណោះ។
ក្រោយមកលោកក៏បានផ្លាស់ប្តូរកន្លែងការងារថ្មី ដោយបន្តធ្វើជាចុងភៅដដែល ប៉ុន្តែបានប្រាក់កម្រៃខ្ពស់ជាងមុនដល់ ១២៥ដុល្លារ និងបន្តទៅកន្លែងថ្មីមួយទៀត ឡើងដល់ ១៨០ដុល្លារក្នុង១ខែ។ តែយ៉ាងណា ការងារនេះ គឺមិនមែនជាគោលដៅរបស់លោកឡើយ។ វ៉ាន់ឡុង មានវ័យ ២៨ ឆ្នាំ ប្រាប់ថា លោកមានការគិតមុតមាំមួយក្នុងចិត្ត គឺចង់ធ្វើជាអ្នករកស៊ីជោគជ័យម្នាក់។
យ៉ាងណាមុនទៅដល់កន្លែងនោះ វ៉ាន់ឡុង ត្រូវទទួលយកការងារខ្លះទៀតនៅតាមផ្លូវឆ្ពោះទៅរកគោលដៅរបស់គេ។ យុវជនចិត្តមុត បានលាឈប់ពីការងារចុងភៅខាងលើទៀត ក្រោយពីរកបានការងារថ្មីជាអ្នកគ្រប់គ្រងការលក់ផលិតផលតាមម៉ាតរបស់ក្រុមហ៊ុនប្រេងឥន្ធនៈមួយ នៅដើមឆ្នាំ២០១៥។
ត្បិតថាការងារនេះទទួលបានប្រាក់ខែខ្ពស់ជាងការងារមុនៗ តែលោកនៅតែសម្រេចចិត្តលាឈប់ពីការងារនេះ។ ប៉ុន្តែហោចណាស់ការងារនេះ បានធ្វើឲ្យខិតកាន់តែកៀកនឹងក្ដីស្រមៃរបស់គេ ព្រោះតែទីកន្លែងនោះ ក៏ដូចការងារនោះហើយ ដែលផ្ដល់ឱកាសឲ្យរូបគេរៀន និងចាប់ផ្ដើមយល់ខ្លះៗ ពីការរកស៊ី។ មុនពេលឈប់ លោកបានមើលឃើញថា ការលក់ផលិតផលគឺទទួលបានប្រាក់ចំណេញច្រើន ព្រោះក្នុងពេលជាមួយគ្នានោះ លោកក៏បានធ្វើការលក់ផលិតផលលើអនឡាញចាប់ពីចុងឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៧ផងដែរ ដែលជាការវិវត្តន៍ថ្មីមួយទៀត។
លោកបានគូសបញ្ជាក់ដូច្នេះថា៖ «ពេលទើបតែរៀននៅថ្នាក់វិទ្យាល័យ គឺខ្ញុំមានគោលបំណងត្រឹមតែជាអ្នកគ្រប់គ្រងធ្វើការនៅក្រុមហ៊ុន ពាក់ឯកសណ្ឋានស្អាតៗ។ តែនៅពេលដែលយើងយល់ពីសង្គមច្បាស់ បានយើងដឹងថា ពាក់ព័ន្ធនឹងការងារអស់ហ្នឹង វាត្រឹមជាផ្នែកមួយដែលយើងគិតពីដំបូងទេ។ ពេលដែលយើងបានចូលប្រឡូកក្នុងសង្គមច្បាស់ បានដឹងថា ការងារ បានត្រឹមតែវិវត្តន៍ខ្លួនទៅតាមមជ្ឈដ្ឋានសង្គមដែលបង្រៀនឱ្យយើងធ្វើតាមប៉ុណ្ណោះ»។
ក្រោយឈប់ពីការងារ វ៉ាន់ឡុង ប្រឡូកនឹងការរកស៊ីពេញទំហឹងតែម្ដង ជាមួយនឹងការលក់ផលិតផលជាច្រើនប្រភេទតាមអនឡាញ។ ប៉ុន្តែដូចនឹងទៅនឹងអ្នកលក់អនឡាញដទៃទៀតដែរ គឺលោកឧស្សាហ៍ជួបបញ្ហាខូចផេកជាញឹកញាប់។ ដូច្នេះ វ៉ាន់ឡុង ចាប់ផ្ដើមគិតពីដំណោះស្រាយ ហើយដោយដឹងថាខ្លួនមានទេពកោសល្យលើផ្នែកបច្ចេកវិទ្យា និងអេឡិចត្រូនិចស្រាប់ លោកក៏ផ្ដើមស្វែងយល់ និងសិក្សាជំនាញដោះស្រាយបញ្ហាលើបណ្ដាញសង្គមតាមរយៈយូធូប និងសួរគេខ្លះៗ។
បន្តិចម្ដងៗ លោកក៏អាចដោះស្រាយបញ្ហាទាំងនោះដោយខ្លួនឯងបាន មិនត្រឹមប៉ុណ្ណឹងលោកបានបង្វែរពីការដោះស្រាយខ្លួនឯង ទៅជាការផ្ដល់សេវាកម្មដោះស្រាយបញ្ហាខូចផេកទៅឲ្យអ្នករកស៊ីលើអនឡាញជាច្រើនទៀត។ ដោយសារមានជំនាញ និងមានអំណោយផលខាងផ្នែកទំនាក់ទំនងទៀត លោកផ្ដើមមានអតិថិជនច្រើនឡើងៗ ធ្វើឲ្យទំហំការងារកាន់តែធំ។
ស្ថានភាពនេះ គំនិតសហគ្រិនក៏បានកើតឡើងមកថែមទៀត ដោយផ្លាស់ពីការធ្វើដោយខ្លួនឯង មកជាការបង្កើតក្រុមដើម្បីផ្ដល់ដំណោះស្រាយលើបញ្ហារបស់បណ្ដាញសង្គម។ ក្រៅពីដោះស្រាយជាករណីមួយៗ បច្ចុប្បន្នក្រុមរបស់លោក ឆុំ វ៉ាន់ឡុង ដែលមានសមាជិក ៧នាក់ បានផ្ដល់សេវាកម្មជាកញ្ចប់ប្រចាំខែទៅម្ចាស់អាជីវកម្មនានា ប្រមាណជា ៥០។ ក្រៅពីនេះ លោកក៏បានបង្កើតស្ទូឌីយូ៉ ដែលផ្ដល់សេវាកម្មវផលិតវីដេអូពាណិជ្ជកម្ម ថតចម្រៀង ឬផលិតវីដេអូខ្លីៗទៀត ដែលទាំងនេះអាចឲ្យលោករកចំណូលបានក្បែរ១ម៉ឺនដុល្លាររៀងរាល់ខែ។
ឆុំ វ៉ាន់ឡុង ប្រាប់ថា លោកមានគម្រោងពង្រីកអាជីវកម្មរបស់ខ្លួនឱ្យក្លាយជាក្រុមហ៊ុនស្របច្បាប់ មានឈ្មោះត្រឹមត្រូវ នៅអំឡុងពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ ដើម្បីបង្កើនប្រាក់ចំណូលប្រកបដោយទំនុកចិត្ត។
កត្តានៃភាពរីកចម្រើនរបស់អាជីវកម្មលោក វ៉ាន់ឡុង មកទល់សព្វថ្ងៃនេះ គឺជាភាពស្មោះត្រង់ រហ័សរហួន និងការគោរពពេលវេលានៃការបញ្ចប់គម្រោងការងារ។ សម្រាប់អ្នកដែលចង់បានភាពជោគជ័យ គឺលោកបានជំរុញឱ្យតស៊ូព្យាយាម មានឆន្ទៈ និងត្រូវកំណត់គោលដៅខ្លួនឱ្យបានច្បាស់លាស់ និងស្វែងយល់ពីរបៀបដើម្បីសម្រេចគោលដៅរបស់ខ្លួន៕