- 2023-02-06 07:02:02
- ព័ត៌មាន
ក្រុមហ៊ុន Smart Axiata លើកកម្ពស់ការយល់ដឹងពីអត្ថប្រយោជន៍នៃការចុះអត្តសញ្ញាណលេខទូរសព្ទ
- 2023-02-06 07:02:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន Smart Axiata លើកកម្ពស់ការយល់ដឹងពីអត្ថប្រយោជន៍នៃការចុះអត្តសញ្ញាណលេខទូរសព្ទ
ចន្លោះមិនឃើញ
ភ្នំពេញ ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ២០២៣៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានចាប់ផ្តើមនូវយុទ្ធនាការមួយ ដើម្បីលើកទឹកចិត្តអតិថិជនរបស់ខ្លួនឲ្យចុះអត្តសញ្ញាណលេខទូរស័ព្ទ ក៏ដូចជាលើកកម្ពស់ការយល់ដឹងដល់មជ្ឍជនទូទៅផងដែរ។
យុទ្ធនាការមួយនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការចុះអត្តសញ្ញាណលេខទូរស័ព្ទ និងជម្រុញអតិថិជនរបស់ក្រុមហ៊ុនឲ្យចុះអត្តសញ្ញាណលេខទូរស័ព្ទប្រើប្រាស់របស់ពួកគេ ឬប្រសិនបើពួកគេមិនទាន់បានបំពេញទិន្ន័យព័ត៌មានផ្ទាល់ខ្លួនថ្មី ជាមួយនឹងការផ្តល់ជូនពិសេសផងដែរ។
ក្នុងពេលបច្ចុប្បន្ន ការចុះអត្តសញ្ញាណលេខទូរស័ព្ទពិតជាមានសារៈសំខាន់ខ្លាំង ដោយលេខទំនាក់ទំនងផ្ទាល់ខ្លួន ត្រូវបានប្រើប្រាស់សម្រាប់ឯកសារសំខាន់ៗ រួមមានកម្មវិធីធនាគារតាមទូរស័ព្ទដៃ បណ្តាញសង្គម និងផ្សេងៗទៀត។
ជាមួយនឹងការចុះអត្តសញ្ញាណលេខទូរស័ព្ទ អតិថិជនអាចការពារនូវកម្មសិទ្ធិលេខទូរស័ព្ទដែលខ្លួនកំពុងប្រើប្រាស់ និងមានភាពងាយស្រួលក្នុងការសុំបើកដំណើរការលេខទូរស័ព្ទឡើងវិញ ប្រសិនជាមានការខូតខាត ឬបាត់បង់ដោយករណីណាមួយ។ បន្ថែមពីនេះផងដែរ អ្នកប្រើប្រាស់ក៏អាចផ្ទេរកម្មសិទ្ធលេខទូរស័ព្ទដែលបានចុះអត្តសញ្ញាណរួចរាល់ហើយ ឲ្យទៅសមាជិកគ្រួសារ ឬបុគ្គលដែលទុកចិត្តបានដែរ។
អ្នកស្រី Mila Kusheva Jivkova នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata បន្តសង្កត់ធ្ងន់អំពីសារៈសំខាន់នៃ ការចុះអត្តសញ្ញាណលេខទូរស័ព្ទ។
អ្នកស្រីបានលើកឡើងថា «ក្រុមហ៊ុន Smart Axiata តែងតែផ្តោតអទិភាពលើតម្រូវការអតិថិជន ជាគោលការណ៍ចំបង នៃអាជីវកម្មរបស់យើង។ ពួកយើងតែងតែធ្វើការផ្តល់ជូននូវបទពិសោធន៍ដ៏ល្អបំផុតសម្រាប់អតិថិជន ជាមួយនឹងការប្រើប្រាស់នូវរាល់ផលិតផល និងសេវាកម្មរបស់យើង រួមជាមួយនឹងការធានានូវសេវាកម្មដ៏រលូនបំផុត។ ពួកយើងពិតជាលើកទឹកចិត្តអតិថិជនរបស់យើងឲ្យចាប់ផ្តើមចុះអត្តសញ្ញាណលេខទូរសព្ទរបស់គេ ដើម្បីការពារកម្មសិទ្ធិ ក៏ដូចជាការពារលេខទំនាក់ទំនងពី សកម្មភាពណាដែលមិនមានបំណងល្អ ឬខុសច្បាប់។»
ដើម្បីកាន់តែលើកទឹកចិត្តអតិថិជន ក្រុមហ៊ុន Smart Axiata នឹងមានការផ្តល់ជូនពិសេសរហូតដល់ចុងខែ មិនា សម្រាប់ការចុះអត្តសញ្ញាណលេខទូរស័ព្ទ ដោយមានការផ្តល់ទិន្ន័យសម្រាប់លេងអុីនធើណែតដោយឥតគិតថ្លៃចំនួន ២ Gigabyte ដែលមានសុពលភាព ៧ ថ្ងបន្ទាប់ពីចុះឈ្មោះបានជោគជ័យ។
ដើម្បីពិនិត្យមើលថាលេខទូរស័ព្ទរបស់អ្នកមានការចុះអត្តសញ្ញាណរួចរាល់ហើយឬនៅ អ្នកប្រើប្រាស់ Smart Axiata អាចធ្វើការហៅកាន់ទៅលេខ *1202# ហើយអាចបំពេញព័ត៌មានដែលនៅខ្វះខាតតាមរយៈកម្មវិធីទូរស័ព្ទដៃ SmartNas របស់ក្រុមហ៊ុន (https://www.smart.com.kh/get-smart/smartnas/) ឬតាមរយៈគេហទំព័រសម្រាប់ការចុះអត្តសញ្ញាណលេខទូរស័ព្ទ (https://simreg.smart.com.kh/) ឬក៏អាចទៅ Smart Shop មួយណាដែលមានទីតាំងជិតអ្នកជាងគេ។
ក្នុងនាមជាក្រុមហ៊ុនគមនាគមន៍ឌីជីថលឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart Axiata តែងតែស្វែងរកឱកាសដើម្បីផ្តល់ជូននូវការកែលម្អ ការច្នៃប្រឌិត និងផ្តល់នូវអត្ថប្រយោជន៍បន្ថែមទៅលើរបៀបរស់ការរស់នៅយ៉ាងទាន់សម័យរបស់អតិថិជន។ អតិថិជនដែលបានប្រើប្រាស់លេខដែលមិនទាន់បានចុះអត្តសញ្ញាណនូវការចាប់តាំងពីឆ្នាំ ២០១៧ មក Smart Axiata បានចាប់ផ្តើមធ្វើការចុះអត្តសញ្ញាណលេខទូរស័ព្ទរបស់អតិថិជន តាមរយប្រព័ន្ធអានរូបភាពអក្សរ ( Optical Character Recognition) ដែលអាចបម្លែងឯកសារជារូបភាពទៅជាអក្សរនៅលើកំព្យូទ័របាន ក៏ដូចជាការប្រមូលពត៌មានអត្តសញ្ញាណប័ណ្ណរបស់អ្នកប្រើប្រាស់ផងដែរ។ ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តមួយនេះ ក៏នៅតែបន្តការធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីការចុះអត្តសញ្ញាណលេខទូរស័ព្ទ ក៏ដូចជាបង្កភាពងាយស្រួល ជូនដល់អតិថិជនដែលបានជាវលេខប្រើប្រាស់មុនឆ្នាំ ២០១៧ ផងដែរ។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart” ។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!