• 2022-12-27 06:19:40
  • ព័ត៌មាន

ទំនើបអស្ចារ្យ! ក្រុមហ៊ុន EZECOM សហការជាមួយ​ EXOTEL សម្ពោធ​សេវាទំនាក់ទំនងអតិថិជនវៃឆ្លាត ប្រើសុទ្ធតែ AI

  • 2022-12-27 06:19:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិស័យបម្រើសេវាអតិថិជន (Customer Engagement) និងទំនាក់ទំនងឆ្លាតវៃដោយបច្ចេកវិទ្យា (AI) បានក្លាយជាប្រធានបទសំខាន់នៅពិធីដាក់ដំណើរការកិច្ចព្រមព្រៀងភាពជាដៃគូររវាងក្រុមហ៊ុន Exotel ដែលជាភ្លែតហ្វមបម្រើសេវាអតិថិជនឈានមុខគេនៅទីផ្សារកំពុងរីកចម្រើន ជាមួយនឹងក្រុមហ៊ុន Ezecom ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត (ISP) លំដាប់ខ្ពស់ឈានមុខគេមួយនៅប្រទេស​កម្ពុជា។

ព្រឹត្តិការណ៍ដាក់ដំណើរការភាពជាដៃគូរវាងក្រុមហ៊ុន Ezecom និងក្រុមហ៊ុន Exotel ដែលបានប្រព្រឹត្តនៅសណ្ឋាគារ Tribe នាថ្ងៃទី ០៩ ធ្នូ ឆ្នាំ២០២២ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនចំនួន ៤៥ ដែលមកពីវិស័យធនាគារ មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុ (Fintech) ធានារ៉ាប់រង និងទូរគមនាគមន៍។

ជាមួយគ្នានោះដែរកិច្ចពិភាក្សាជាក្រុមលើប្រធានបទ «ការសម្រេចបាននូវកំណើននិងការតភ្ជាប់ សេវាអតិថិជន ជាមួយមជ្ឈមណ្ឌលទំនាក់ទំនងអតិថិជនរួម» ភាពជាដៃគូថ្មីនេះត្រូវបានធ្វើឡើងដើម្បីណែនាំ «បទពិសោធទំនាក់ទំនងអតិថិជនទាំងអស់ក្នុងភ្លែតហ្វមតែមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាជីវកម្មដំណើរការដោយរលូន កែលម្អ និងទំនាក់ទំនងទៅអតិថិជនប្រកបដោយប្រសិទ្ធភាពចំណាយ សន្សំសំចៃពេលវេលា ជាមួយនឹងទំនាក់ទំនងរួម និងភ្លែតហ្វមបម្រើសេវាអតិថិជនពេញលេញ»។

ក្នុងកិច្ចពិភាក្សានេះមានការចូលរួមពីសំណាក់ លោកស្រី Yuni Lee Heathcote អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន Ezecom និងលោក Binzad Aliar អនុប្រធានក្រុមហ៊ុន Exotel ទទួលបន្ទុកផ្នែកលក់សកល, លោក Andrew Mittell នាយកផ្នែកសេវាបម្រើអតិថិជននៃក្រុមហ៊ុន Cellcard, លោក Niraj Gupta នាយកក្រុមហ៊ុន MACRO Solutions, លោក ប៉ុម វណ្ណថន ប្រធានផ្នែកសេវាបម្រើអតិថិជននៃធនាគារវីង។ ដោយមានលោក Nikhil Sharma ប្រធាន APAC គឺជាអ្នកសម្របសម្រួលកម្មវិធីក្នុងកិច្ចពិភាក្សានេះ។

ថ្លែងនៅក្នុងពិធីនេះ លោកស្រី Yuni Lee Heathcote បានមានប្រសាសន៍ថា៖ «វាមិនមែនជាអាថ៌កំបាំងទេដែលបទពិសោធសេវាបម្រើអតិថិជនល្អគឺជាផ្នែកសំខាន់មួយនៃគុណតម្លៃអាជីវកម្មសម្រាប់ការប្រកួតប្រជែង។ គោលបំណងនៃការសហការជាដៃគូថ្ងៃនេះគឺដើម្បីសម្រេចបានគោលដៅនេះ។ រួមគ្នាជាមួយក្រុមហ៊ុន Exotel យើងកំពុងនាំយកបច្ចេកវិទ្យាចុងក្រោយបំផុតសម្រាប់សេវាបម្រើអតិថិជន និងទំនាក់ទំនងឆ្លាតវៃដោយបញ្ញាសិប្បនិមិត្តមកកាន់ប្រទេសកម្ពុជា ដែលខ្ញុំជឿជាក់ថា ភ្លែតហ្វមនេះនឹងផ្លាស់ប្តូរវិធីក្នុងការប្រាស្រ័យទាក់ទងជាមួយអតិថិជនឱ្យកាន់តែល្អប្រសើរ និងរក្សាបានអតិថិជនកាន់តែច្រើន»។

លោកស្រី Yuni Lee Heathcote បានបន្ថែមថា៖ «សរុបមក ខ្ញុំពិតជារំភើបចំពោះភាពជាដៃគូនេះ។ នេះជាអ្វីដែលអតិថិជនរបស់យើងជាច្រើនបាននឹងកំពុងស្នើសុំ ហើយយើងខ្ញុំរីករាយដែលយើងអាចផ្តល់ជូនដំណោះស្រាយដ៏សំខាន់នេះជាមួយនឹងដៃគូជំនាញពីក្រុមហ៊ុន Exotel»។

ការចាប់ផ្តើមនៃកិច្ចព្រមព្រៀងភាពជាដៃគូនេះត្រូវបានរំពឹងយ៉ាងខ្លាំងថានឹងជួយពន្លឿនវិស័យបម្រើសេវាអតិថិជន និងការទំនាក់ទំនងឆ្លាតវៃដោយបញ្ញាសិប្បនិមិត្តនៅកម្ពុជា ហើយនឹងជួយក្រុមហ៊ុនក្នុងស្រុកក្នុងការធ្វើបដិវត្តឌីជីថល និងធ្វើទំនើបកម្មអាជីវកម្មរបស់ពួកគេ។

ការទទួលយកបច្ចេកវិទ្យាទំនាក់ទំនងដែលមានមូលដ្ឋានលើខ្លោដ និងប្រើប្រាស់បច្ចេកវិទ្យាបញ្ញា​សប្បនិម្មិត កំពុងក្លាយជានិន្នាការដែលកើនឡើងកាន់តែខ្លាំងនៅទូទាំងពិភពលោក ដែលអ្នកទទួល​យក​បច្ចេកវិទ្យា​ទាំងនេះទៅប្រើប្រាស់មុនគេបង្កើតតម្លៃអាជីវកម្មខ្លាំងជាងគេ និងទទួលបានគុណតម្លៃពីអតិថិជន។

លោក Binzad Aliar អនុប្រធានក្រុមហ៊ុន Exotel ទទួលបន្ទុកផ្នែកលក់សកលបានមានប្រសាសន៍ថា៖ «កិច្ចព្រមព្រៀងនេះផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន និងអតិថិជននៅប្រទេសកម្ពុជា។ យើងដឹងពីកំណត់ត្រាដ៏គួរឱ្យចាប់អារម្មណ៍របស់ក្រុមហ៊ុន Ezecom ក្នុងការនាំយកបច្ចេកវិទ្យាច្នៃប្រឌិតចុងក្រោយបំផុត និងកម្មវិធីឌីជីថលមកកាន់ទីផ្សារ។ នេះជាមូលហេតុដែលធ្វើឱ្យយើងមានមោទនភាពក្នុងការផ្តល់ដំណោះស្រាយតាមរយៈសេវាខ្លោដចុងក្រោយបង្អស់នៅទីនេះក្នុងព្រះរាជាណាចក្រកម្ពុជា»។

លោក Binzad Aliar បានបន្តថា៖ «យើងមានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយក្រុមហ៊ុន Ezecom ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរូយ៉ាល់គ្រុប ដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវកញ្ចប់សេវាកម្មទូរគមនាគមន៍ និងខ្លោដដ៏ទូលំទូលាយ។ នេះគឺជាឱកាសដ៏ល្អមួយសម្រាប់ពួកយើងដើម្បីបង្ហាញពីភាពខ្លាំងផ្នែកទូរគមនាគមន៍របស់យើងនៅក្នុងតំបន់។ វានឹងជួយជំរុញការច្នៃប្រឌិតថ្មីក្នុងវិស័យទូរគមនាគមន៍កម្ពុជា និងជំរុញក្រុមហ៊ុនយើងទាំងពីរឱ្យដើរឆ្ពោះទៅមុខ។ ជាមួយនឹងបច្ចេកវិទ្យាដែលមានមូលដ្ឋានលើខ្លោដរបស់ក្រុមហ៊ុន Exotel ក្រុមហ៊ុន Ezecom នឹងអាចផ្តល់សេវាទូរគមនាគមន៍ដ៏ទូលំទូលាយគួរឱ្យទុកចិត្ត និងសន្សំសំចៃដល់អតិថិជនទូទាំងប្រទេសកម្ពុជា។ យើងរំភើបណាស់ដែលមើលឃើញលទ្ធផលល្អពីភាពជាដៃគូនេះចំពោះអតិថិជន និងធានាថា ភ្លែតហ្វមឌីជីថលរបស់យើងជួយអាជីវកម្មរបស់ពួកគេឱ្យរីកចម្រើនទៅមុខ»។

អត្ថប្រយោជន៍មួយចំនួននៃការប្រើប្រាស់ភ្លែតហ្វមទំនាក់ទំនងរបស់ក្រុមហ៊ុន Exotel រួមមានការដំឡើងបណ្តាញរង់ចាំសម្រាប់ការហៅទូរស័ព្ទចូល (call-routing) ការថតការហៅទូរស័ព្ទ (call-recording) និងការវិភាគការហៅទូរស័ព្ទ (call-analytic) បង្កើតមណ្ឌលសេវាបម្រើអតិថិជននិម្មិត ដំណើរការឧបករណ៍ហៅទូរស័ព្ទដោយស្វ័យប្រវត្តិ (automated dialer) សម្រាប់ក្រុមការងារផ្នែកលក់ រួមបញ្ចូលឧបករណ៍និងកម្មវិធីពាក់ព័ន្ធនឹងការលក់ និងដាក់ដំណើរការសេវាការឆ្លើយតបជាសំឡេងនិងការផ្ទេរការហៅទូរស័ព្ទ។

លើសពីនេះទៀត បច្ចេកវិទ្យាគឺជាដំណោះស្រាយផ្នែកបម្រើអតិថិជនរួមមួយ ដែលភ្ជាប់ទំនាក់ទំនងទៅកាន់អតិថិជនឌីជីថលទាំងអស់ ដែលបង្កើតប្រសិទ្ធភាពការងារនៅក្នុងផ្នែកទំនាក់ទំនងអតិថិជន។ ជាមួយនឹងការផ្តល់ជូនបច្ចេកវិទ្យារបស់ក្រុមហ៊ុន Exotel នៅលើខ្លោដឯកជនផ្ទាល់របស់ក្រុមហ៊ុន Ezecom ក្នុងប្រទេសកម្ពុជា មានការធានាថាទិន្នន័យអតិថិជនទាំងអស់នឹងមានសុវត្ថិភាព និងស្ថិតនៅក្នុងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ Use-Cases - Global (exotel.com)

អំពីក្រុមហ៊ុន EZECOM

ក្រុមហ៊ុន EZECOM កំពុងប្រារព្ធខួបគម្រប់ ១៥ឆ្នាំដែលបានត្រួសត្រាយផ្លូវសម្រាប់នវានុវត្ត ប្រតិបត្តិការ និងភាពល្អឥតខ្ចោះសម្រាប់វិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យានិងទូរគមនាគមន៍ (ICT) ដែលក្នុងរយៈពេលនោះ ក្រុមហ៊ុនបានចាប់ផ្តើមក្នុងនាមជាអ្នកផ្តល់សេវា VOIP បន្ទាប់មកបានប្រែក្លាយខ្លួនយ៉ាងឆាប់រហ័សទៅជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត ហើយឥឡូវនេះក៏បានក្លាយទៅក្រុមហ៊ុនផ្តល់សេវាភ្លែតហ្វមឌីជីថល ដែលនាំមុខគេក្នុងតួនាទីជាកាតាលីករឌីជីថលសម្រាប់សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។

ជាផ្នែកមួយនៃក្រុមហ៊ុន Royal Group ក្រុមហ៊ុន EZECOM បានបង្កើតឡើងក្នុងឆ្នាំ២០០៧ ហើយរហូតមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុនបានវិនិយោគសរុបជាង ១០០លានដុល្លារលើខ្សែហ្វាយប័រអុបទិក CAPEX ដ៏ទូលំទូលាយ។ ខ្សែហ្វាយប៊ើអុបទិកនេះលាតសន្ធឹងជាង ៣០.០០០គីឡូម៉ែត្រនៃខ្សែហ្វាយប៊ើអុបទិកសរុបគិតចាប់ពីបណ្តាញចម្បងរហូតដល់អ្នកប្រើប្រាស់។

ក្រុមហ៊ុន EZECOM នៅតែរក្សាបានឈ្មោះជាក្រុមហ៊ុនខ្មែរ ១០០ភាគរយដែលកាន់កាប់ខ្សែកាបក្រោមបាតសមុទ្រហៅថាប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT) និងកាន់កាប់ការវិនិយោគរយៈពេលវែងលើខ្សែកាប្លិ៍បាតសមុទ្រ Asian American Gateway ដែលតភ្ជាប់ស្ថានីយខ្សែកាបចំនួន១៣ នៅក្នុងប្រទេសចំនួន១០។

ក្រុមហ៊ុន EZECOM បន្តបង្កើតសកម្មភាពសំខាន់ៗទាក់ទងនឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិល្បីៗដូចជាក្រុមហ៊ុន Microsoft ក្រុមហ៊ុន Amazon Web Services ក្រុមហ៊ុន Oracle Cloud ក្រុមហ៊ុន VeloCloud ក្រុមហ៊ុន LogRhythm ក្រុមហ៊ុន Huawei ក្រុមហ៊ុន Ameyo និងក្រុមហ៊ុន MiHCM ដើម្បីនាំយកសេវារបស់ក្រុមហ៊ុនទាំងនេះមកកាន់ប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាជីវកម្មអតិថិជនរបស់យើង។ សកម្មភាពទាំងនេះបានជួយបង្ហាញឱ្យឃើញថា ប្រទេសកម្ពុជាគឺជាប្រទេសកំពុងរីកចម្រើនវិវឌ្ឍទៅមុខ និងមានភាពទាក់ទាញក្នុងការអភិវឌ្ឍន៍អាជីវកម្ម និងការវិនិយោគពីថ្នាក់តំបន់ និងពិភពលោក។

អាស័យដ្ឋាន៖ ផ្ទះលេខ ៧D មហាវិថីសហព័ន្ធរុស្សី អគារសភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ប្រទេសកម្ពុជា ទូរស័ព្ទ៖ (+៨៥៥) ០៨៥ ៨៨៨ ១៨១ គេហទំព័រ www.ezecom.com.kh

អំពីក្រុមហ៊ុន Exotel

ក្រុមហ៊ុន Exotel គឺជាប្រតិបត្តិករផ្តល់សេវាភ្លែតហ្វមទំនាក់ទំនងអតិថិជនឈានមុខគេនៅទីផ្សារកំពុងរីកចម្រើន និងប្រតិបត្តិករទូរគមនាគមន៍និម្មិតដែលផ្តោតលើតម្រូវការរបស់ក្រុមហ៊ុនអាជីវកម្ម។ បង្កើតឡើងក្នុងឆ្នាំ២០១១ ផលិតផលដែលមានមូលដ្ឋានលើខ្លោដលំដាប់ពិភពលោករបស់ក្រុមហ៊ុន Exotel បម្រើសេវាទំនាក់ទំនងអតិថិជន ៥០លានក្នុងមួយថ្ងៃសម្រាប់ក្រុមហ៊ុនជាង ៦០០០ នៅក្នុងប្រទេស ឥណ្ឌា តំបន់អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និងអាហ្វ្រិក។

សព្វថ្ងៃនេះ ក្រុមហ៊ុនដែលរីកចម្រើនលឿនបំផុតមួយចំនួននៅក្នុងទីផ្សារដែលកំពុងរីកចម្រើន (ក្រុមហ៊ុន Ola ក្រុមហ៊ុន Swiggy ក្រុមហ៊ុន Flipkart ក្រុមហ៊ុន GoJek ក្រុមហ៊ុន Byju's ក្រុមហ៊ុន Urban Company ក្រុមហ៊ុន HDFC Bank ក្រុមហ៊ុន Zomato ក្រុមហ៊ុន Oyo ជាដើម) គ្រប់គ្រងការងារទំនាក់ទំនងអតិថិជនរបស់ខ្លួនជាមួយនឹងមណ្ឌលទំនាក់ទំនង omnichannel របស់ក្រុមហ៊ុន Exotel ដែលជាកម្មវិធីទំនាក់ទំនង APIs និងភ្លែតហ្វមសន្ទនាប្រើប្រាស់បច្ចេកវិទ្យា AI នៅលើខ្លោដ។ ក្រុមហ៊ុនទាំងនេះគឺជាប្រភេទក្រុមហ៊ុនក្នុងថ្នាក់ Series D ដែលមានលទ្ធភាពប្រមូលមូលនិធិ ១០០លានដុល្លារ និងមានប្រាក់ចំណូលប្រចាំឆ្នាំ (ARR) ចំនួន ៥០លានដុល្លារ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ exotel.com

មតិយោបល់