- 2022-12-22 05:00:41
- ព័ត៌មាន
ល្អណាស់! កម្ពុជាចេញ Platform មួយ ផ្ដល់លទ្ធភាពដល់យុវជនទោះកំពុងសិក្សា ក៏អាចរកកម្រៃបាន
- 2022-12-22 05:00:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អណាស់! កម្ពុជាចេញ Platform មួយ ផ្ដល់លទ្ធភាពដល់យុវជនទោះកំពុងសិក្សា ក៏អាចរកកម្រៃបាន
ចន្លោះមិនឃើញ
ក្រោមគំនិតផ្ដួចផ្ដើមដោយ "មជ្ឈមណ្ឌលកម្ពុជា ៤.០" ដែលមានឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានក្រុមប្រឹក្សាភិបាល កម្ពុជាបានបើកសម្ពោធ Platform បច្ចេកវិទ្យាថ្មីមួយ ដែលផ្ដល់លទ្ធភាពដល់អ្នកពាក់ព័ន្ធ ពិសេសសូម្បីសិស្ស និស្សិតកំពុងសិក្សា អាចមានលទ្ធភាពរកកម្រៃបាន។
Platform ថ្មីនេះមានឈ្មោះថា “Khmer Tech Market” ដែលអាចដំណើរការគ្រប់ឧបករណ៍អេឡិចត្រូនិកដែលអាចភ្ជាប់ជាមួយអ៊ឺនធឺណិតបាន។ តាមឯកឧត្តម អាំង សុវណ្ណរ័ត្ន នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ៤.០ បានឲ្យដឹងថា Khmer Tech Market ជាវេទិកាបើកចំហរមួយដែលបង្កើតឡើងក្នុងគោលបំណងប្រមូលផ្ដុំ អ្នកជំនាញ ក៏ដូចជាអ្នកផ្គត់ផ្គង់ ជាមួយអ្នកមានតម្រូវការ ដោយផ្ដោតលើមុខព្រួញសំខាន់ៗចំនួន៣ គឺទី១ ផ្នែកបច្ចេកវិទ្យា ទី២ វិទ្យាសាស្ត្រ និងទី៣ផ្នែកវិស្វកម្ម។
ឯកឧត្តមលើកឡើងថា នៅអាមេរិក និងប្រទេសក្នុងតំបន់អឺរ៉ុបខ្លះទៀត មានដូចជា បារាំង ជាដើមគេមានថ្នាលបច្ចេកវិទ្យារបស់គេដូច គ្រាន់តែគេផ្ដោតលើមុខព្រួញខុសគ្នា។ ដោយឡែកកម្ពុជា ដែលកំពុងត្រៀមខ្លួនកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ក៏បានផ្ដួចផ្ដើមបង្កើតឲ្យមានថ្នាលបច្ចេកវិទ្យាផ្ទាល់ខ្លួនហៅថា Khmer Tech Market នេះឡើង ប្រយោជន៍ជាទីប្រមូលផ្ដុំ បើកទូលាយការចូលរួមរវាងអ្នកផ្គត់ផ្គង់ និងអ្នកមានតម្រូវការ។
ដូច្នេះហើយ ឯកឧត្តមស្វាគមន៍ការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងឯកត្តបុគ្គល ក្រុម ឬសូម្បីជាក្រុមហ៊ុន បច្ចេកវិទ្យា ឬក្រុមហ៊ុនផ្នែកពាក់ព័ន្ធផ្សេងទៀត ដែលពួកគេអាចមកទីនេះ ជាអ្នកផ្គត់ផ្គង់ក៏បាន ហើយក៏អាចជាអ្នកស្វែងតម្រូវការក៏បាន។ ដោយឡែកសម្រាប់សិស្ស និស្សិត ក៏ដូចគ្នា ដោយពួកគេអាចរូចរួមជាអ្នកផ្គត់ផ្គង់អាស្រ័យលើចំណេះជំនាញរបស់ពួកគេ ដែលមានន័យថា ពួកគេអាចប្រើចំណេះជំនាញ ទេពកោសល្យរបស់ពួកគេ ដូចជា ជំនាញ ឌីហ្សាញ ថតរូប ឬជំនាញខាងសរសេរអត្ថបទជាដើមរកកម្រៃបាន សូម្បីពួកគេស្ថិតក្នុងវ័យសិក្សានៅឡើយ។
ដើម្បីចូលរួមវេទិកាបច្ចេកវិទ្យារបស់កម្ពុជាបាន គឺគ្រាន់តែគ្រប់គ្នាចូលទៅចុះឈ្មោះបង្កើតគណនីដោយប្រើប្រាស់តែលេខទូរស័ព្ទប៉ុណ្ណោះ ហើយការចុះឈ្មោះនេះទៀតសោតមិនមានបង់ប្រាក់ មិនមានប្រាក់ថ្លៃសមាជិកភាពអ្វីទាំងអស់។
ក្រោយការបង្កើតរយៈពេល ២ឆ្នាំ ទីបំផុត Khmer Tech Market ក៏បានបើកសម្ពោធនាថ្ងៃម្សិលមិញ។ ថ្លែងនៅក្នុងពិធី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាល "មជ្ឈមណ្ឌលកម្ពុជា៤.០" បានអបអរសាទចំពោះផ្សារបច្ចេកវិទ្យាដំបូងគេរបស់កម្ពុជា ដែលជាវេទិកាផ្គូរផ្គងអ្នកផ្គង់ផ្គង់ និងអ្នកមានតម្រូវការ។
ជាមួយគ្នាដែរ ឯកឧត្តម នៅបានធ្វើការឆ្លុះបង្ហាញថា បច្ចុប្បន្នបច្ចេកវិទ្យាពិភពលោកមានការរីកចម្រើនលឿន និងបង្កើតឲ្យឃើញឱកាសជាច្រើនក្នុងការកសាងសេដ្ឋកិច្ចជាតិ។ ដូច្នេះក្នុងបរិបថនេះ កម្ពុជាពិតជាមានភាពចាំបាច់ដែលត្រូវតែចាប់យកបច្ចេកវិទ្យាមកធ្វើជាឧបករណ៍កសាង និងពង្រឹង ពន្លឿនសេដ្ឋកិច្ចរបស់ខ្លួនប្រកបដោយបរិយាបន្ន និងធនាការរីកច្រើនរយៈពេលវែង។
ឯកឧត្តមបន្តទៀតថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលដែលមានទិសដៅកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល មជ្ឈមណ្ឌលកម្ពុជា ៤.០ ត្រូវបានបង្កើតឡើង ដើម្បីចូលរួមជំរុញឌីជីថលវូបនីយកម្មនៅកម្ពុជា តាមយន្តការចំនួន៤សំខាន់ៗ ទី១ ការបញ្ជ្រាបការយល់ដឹងពីបច្ចេកវិទ្យាទៅមហាជន ទី២ការបណ្ដុះបណ្ដាល និងតម្រង់ទិសតាមរយៈកម្មវិធីអក្ខរកម្មឌីជីថល ទី៣ការសិក្សាស្រាវជ្រាវដើម្បីផ្សព្វផ្សាយ និងទី៤ ការអនុវត្តន៍គម្រោងនានា។
ទាំងនេះ គឺដើម្បីធានាកំណើនសេដ្ឋកិច្ចរីកចម្រើនរយៈពេលវែង ក្នុងទិសដៅរបស់រាជរដ្ឋាភិបាល សម្រាប់ ២០៣០ ២០៥០ គឺកម្ពុជា កសាងទម្រង់សេដ្ឋកិច្ចផ្អែកលើចំណេះដឹង ក៏ដូចជាធនធានមនុស្ស។ ដូច្នេះក្នុងនាមជាស្ថាបនិក ផ្សារបច្ចេកវិទ្យាខ្មែរ មជ្ឈមណ្ឌល នឹងព្យាយាមក្នុងការកៀគរអ្នកចូលរួមក្នុង Platform បច្ចេកវិទ្យាដំបូងរបស់កម្ពុជានេះ ដើម្បីធានាការរីកចម្រើនឌីជីថលវូបនីយកម្មនៅកម្ពុជា។
Khmer Tech Market បានដាក់ឱ្យដំណើរជាផ្លូវការទាំងលើគេហទំព័រ និងនៅលើទូរស័ព្ទដៃ Mobile App កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ក្រុមហ៊ុន និស្សិត ដែលមានជំនាញផ្នែកបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងវិស្វកម្ម អាចចូលទៅចុះឈ្មោះបង្កើតគណនីដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ និងជាអ្នកមានតម្រូវការនៅលើថ្នាល តាមរយៈតំណភ្ជាប់៖ khmertechmarket.com