• 2022-12-12 02:14:47
  • ព័ត៌មាន

ចាប់ផ្ដើមថ្ងៃនេះ សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ធុរកិច្ចថ្មីទិសពាយ័ព្យ “Barcamp DigiTech 2022” នៅបាត់ដំបង

  • 2022-12-12 02:14:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បារខែម គឺជាកម្មវិធីដែលកើតមានឡើងនៅជុំវិញពិភពលោកតាំងពីឆ្នាំ ២០០៥ និងបានប្រារព្ធធ្វើនៅ ជាង ៤៥០ ទីក្រុង ដូចជាបារខែមនៅ អង់គ្លេស ចិន ឥណ្ឌា អាមេរិក ជប៉ុន ម៉ាឡេស៊ី ភូមា ថៃ វៀតណាម ឡាវ ហ្វីលីពីន អាល្លឺម៉ង់ ។ល។ ចាប់តាំងពីឆ្នាំ២០១៣មក រហូតឆ្នាំ ២០១៩ បារខែមកម្ពុជាមាននៅតាមបណ្ដាខេត្តនានា នៅរាជនីភ្នំពេញ ដោយឡែកឆ្នាំ ២០២០ និងឆ្នាំ ២០២១ បណ្ដាប្រទេសនានា និងប្រទេសកម្ពុជា បានរងផល ប៉ះពាល់ដោយផ្ទាល់ពី ជំងឺកូវីដ១៩ បានផ្អាកមួយរយៈ ហើយក្នុងឆ្នាំ ២០២២នេះ ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ក្រោមក្របខ័ណ្ឌកម្មវិធីពង្រឹងភាពប្រកួត ប្រជែងនៃសហគ្រាសជាតិ (ICONE) បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ព្រមទាំងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) សហការគាំទ្របង្កើតព្រឹត្តិការណ៍ “DigiTech 2022” ដោយមានក្រុមការងារ BarCamp ជាក្រុមការងារស្នូលក្នុងការរៀបចំ។

សន្និសីទ និងពិព័រណ៍ បច្ចេកវិទ្យាឌីជីថល ធុរកិច្ចថ្មីទិសពាយ័ព្យ “Barcamp DigiTech 2022” ដែលនឹងជាព្រឹត្តិការណ៍បច្ចេកវិទ្យាឌីជីថលធំជាងគេ ប្រចាំឆ្នាំនៅភាគពាយ័ព្យប្រទេសកម្ពុជា មានគោលបំណងផ្សព្វផ្សាយ ចែករំលែក ដែលប្រមូលផ្ដុំអ្នកនិយមចូលចិត្តបច្ចេកវិទ្យា ធុរកិច្ច មកជួបជុំគ្នាដើម្បីចែករំលែកនូវចំណេះដឹង បទពិសោធន៍ថ្មីៗជុំវិញបច្ចេកវិទ្យា ការច្នៃប្រឌិតថ្មី និងគំនិតអាជីវកម្មបែបទំនើប ហើយក៏មានការតាំងពិព័រណ៍ផលិតផល និងកម្មវិធីបច្ចេកវិទ្យាផ្សេងៗ ជា កត្តាចម្បងដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ច និងអាជីវកម្មក្នុងតំបន់។

សិក្ខាសាលាបច្ចេកវិទ្យា មានរយៈពេលពីរថ្ងៃ ដែលអ្នកចូលរួមអាចស្វែងយល់ពីប្រធានបទនីមួយៗតាមរយៈការចែករំលែកពីវាគ្មិនដែលមានទេពកោសល្យ និងបទពិសោធន៍មកពីស្ថាប័នផ្សេងៗ។ ប្រធានបទភាគច្រើនត្រូវបានសម្រិតសម្រាំងជ្រើសរើសដោយ គណៈកម្មការបារខែម និងមួយចំនួនអ្នកចូលរួមជាអ្នកបង្កើតប្រធានបទដែលពួកគេចង់ចែករំលែក។

ព្រឹត្តិការណ៍នេះ នឹងបើកទូលាយសម្រាប់ការចូលរួមរបស់សាធារណៈជនទូទៅជាពិសេសសហគ្រិន តំណាងក្រុមហ៊ុន សមាគមន៍ និងសិស្សនិសិត្ស ដើម្បីអាចទទួលបានការយល់ដឹងបន្ថែមពីបច្ចេកវិទ្យា និងជំនាញឌីជីថលតាមរយៈបទបង្ហាញរបស់វាគ្មិនកិត្តិយស ក៏ដូចជាការដាក់តាំងពិពណ៌ផលិតផលរបស់ក្រុមហ៊ុន បច្ចេកវិទ្យា និងទុរកិច្ចចាប់ផ្តើមថ្មីផងដែរ។

បារខែម មិនគ្រាន់តែជា ព្រឹត្តិការណ៍ចែករំលែកចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែវាជាឱកាសដែលយើងអាចបង្កើតទំនាក់ទំនងល្អជាមួយគ្នា កសាងមិត្តភាព បង្កើតឱកាស បន្តការចែករំលែក ពង្រីកសហគមន៍បច្ចេកវិទ្យាឲ្យកាន់តែធំ៕

អត្ថបទ៖ ទារិកា

មតិយោបល់