- 2022-12-07 07:17:17
- ព័ត៌មាន
យុវជនខ្មែរពូកែៗណាស់ ទទួលបានជ័យលាភីសរុប ៩០លានរៀល ក្នុងកម្មវិធីនវានុវត្តន៍បញ្រ្ចាសរដូវកាលទី ២
- 2022-12-07 07:17:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជនខ្មែរពូកែៗណាស់ ទទួលបានជ័យលាភីសរុប ៩០លានរៀល ក្នុងកម្មវិធីនវានុវត្តន៍បញ្រ្ចាសរដូវកាលទី ២
ចន្លោះមិនឃើញ
យុវជនខ្មែរ៣ក្រុម ទទួលបានជ័យលាភី និងទឹកប្រាក់រង្វាន់សរុប ៩០ លានរៀល នៅក្នុង «ថ្ងៃបទបង្ហាញឆ្ពោះទៅមុខ» វគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធី នវានុវត្តន៍បញ្រ្ចាសរដូវកាលទី ២ រៀបចំឡើងដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និងសហការរៀបចំកម្មវិធីដោយ សមាគមធនាគារនៅកម្ពុជា និងសហគ្រិនខ្មែរ។ ក្នុងនោះក៏មានការចូលអញ្ជើញចូលរួមដោយអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ផងដែរ។
វគ្គផ្ដាច់ព្រ័ត្រមានការចូលរួមពីបេក្ខជនចំនួន ៧ក្រុម បានធ្វើបទបង្ហាញអំពីគំនិតអាជីវកម្មរបស់ខ្លួនទៅកាន់គណៈកម្មការដើម្បីធ្វើការវិនិច្ឆ័យដាក់ពិន្ទុ។ ចំពោះគណៈវិញមាន ៥រូប ដែលសុទ្ធសឹងជាអគ្គនាយកក្រុមហ៊ុន នាយកប្រតិបត្តិ មកពីស្ថាប័នហិរញ្ញវត្ថុល្បីដូចជា លោក ឈុន វឌ្ឍនភក្ដី, លោក អឿ សុធារ័ត្ន, លោក ចាន់ រដ្ឋា, លោក សុខ កុសល និងលោក កឹម បូរ៉ា។
បន្ទាប់ពីការវាយតម្លៃរួច គណៈកម្មការដាក់ពិន្ទុបានស្វែងរកក្រុមធុរកិច្ចថ្មីឆ្នើមជាងគេចំនួន ៣៖
(១) ជ័យលាភីលេខ១ បានទៅ តេស្ត១២ ដោយទទួលបាន ៤០ លានរៀល។ តេស្ត១២ គឺជាកម្មវិធីសិក្សាផ្អែកលើសមត្ថភាពដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា សម្រាប់សិស្សវិទ្យាល័យក្នុងការសិក្សាមុខវិជ្ជាគណិតវិទ្យានិងវិទ្យាសាស្ត្រ។ ខ្លឹមសារនៃការសិក្សាក្នុងកម្មវិធី តេស្ត១២ គឺដើម្បីបំពេញបន្ថែមពីលើកម្មវិធីសិក្សាបច្ចុប្បន្នរបស់ក្រសួងអប់រំ យុវជន និងកីឡា។
(២) ជ័យលាភីលេខ ២ បានទៅ Sala Tech ដោយទទួលបាន ៣០ លានរៀល។ Sala Tech គឺជាទីផ្សារដែលមានមុខពីរ សម្រាប់សិស្សវិទ្យាល័យក្នុងការការជ្រើសរើសមុខជំនាញ និងអាជីពដែលល្អប្រសើរ និងសម្រាប់គ្រឹះស្ថានសិក្សាក្នុងការភ្ជាប់ និងចូលរួមជាមួយសហគមន៍របស់សិស្សានុសិស្ស។
(៣) ជ័យលាភីលេខ ៣ បានទៅ Tenbox ដោយទទួលបាន ២០ លានរៀល។ សម្រាប់ Tenbox វិញគឺមានតួនាទីជួយម្ចាស់ហាងលក់រាយ ក្នុងការបញ្ជាទិញទំនិញសម្រាប់ស្តុកទុកទាំងអស់របស់ពួកគេនៅកន្លែងតែមួយតាមរយៈការភ្ជាប់ម៉ាកទំនិញនានាជាមួយម្ចាស់ហាង និងការផ្គត់ផ្គង់ឱ្យម្ចាស់ហាងដោយស្វ័យប្រវត្តិនិងប្រសិទ្ធភាព។
ក្រៅពីម្ចាស់ជ័យលាភីទាំង ៣ក្រុម គណៈកម្មការក៏បានសម្រេចចិត្តផ្តល់រង្វាន់ "Honorable Mention" ដល់ DolFinn ដែលមានភាពល្អប្រសើរក្នុងការធ្វើការងារជាក្រុមប្រកបដោយភាពស្វាហាប់ និងសក្តានុពលនៃយុវជនដែលមានទេពកោសល្យ។
គួរបញ្ជាក់ផងដែរថា កម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី២ បែងចែកជា ៥ ដំណាក់កាល៖
កម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី២ ត្រូវបានប្រកាសបើកឱ្យដំណើរការនៅ ថ្ងៃបទបង្ហាញបញ្ច្រាស កាលពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២២។ ក្រុមធុរកិច្ចថ្មីសរុបចំនួន ១០ ក្រុមត្រូវបានសម្រាំងឱ្យចូលរួមក្នុង វគ្គជំរុំចាប់ផ្ដើម រយៈពេល ២ សប្ដាហ៍។ ក្រៅពីការបណ្ដុះបណ្ដាលពីអ្នកជំនាញ, ក្រុមធុរកិច្ចថ្មីនីមួយៗ បានទទួលប្រាក់មូលនិធិអភិវឌ្ឍផលិតផលគំរូ (Prototype Fund) ដែលជាការឧបត្ថម្ភពី សហគ្រិនខ្មែរ។ ថ្ងៃបទបង្ហាញជាសាធារណៈ បានបញ្ចប់ដោយជោគជ័យ ដោយគណៈកម្មការដាក់ពិន្ទុ បានជម្រុះយកក្រុមធុរកិច្ចថ្មីត្រឹមចំនួន ៨ ក្រុមឱ្យបន្តទៅវគ្គបន្ទាប់ រួមមាន៖
ក្រុមធុរកិច្ចថ្មីទាំង ៨ ក្រុមដែលបានឆ្លងកាត់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយជោគជ័យនិងបានបន្តដំណើររបស់ខ្លួនក្នុង ដំណាក់កាលពន្លឿនអាជីវកម្ម រយៈពេល ៨ សប្ដាហ៍ដើម្បី អភិវឌ្ឍគំនិតអាជីវកម្មឬផលិតផលគំរូ (Prototype) របស់ខ្លួនឱ្យក្លាយទៅជាផលិតផលអប្បបរិមា (Minimum Viable Product) និងពង្រឹងសមត្ថភាពបន្ថែមដើម្បីអាចចូលទៅទីផ្សារបាន៕