• 2022-11-04 04:03:10
  • ព័ត៌មាន

មកដឹងលម្អិតអំពី វេទិកាបច្ចេកវិទ្យាកម្ពុជា ក្នុងពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២

  • 2022-11-04 04:03:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អមជាមួយកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំពិព័រណ៍បច្ចេកវិទ្យាកម្ពុជា២០២២ នាថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារA-F) ដែលក្នុងនោះ មានវេទិកាចំនួន៣ ដែលរួមបញ្ចូលទាំងវេទិកាបច្ចេកវិទ្យាកម្ពុជា (Main Stage)។

វេទិកាបច្ចេកវិទ្យាកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងកៀរគរប្រទេសសមាជិកអាស៊ាន រដ្ឋាភិបាល វិស័យឯកជន (ឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យម) ស្ថាប័នស្រាវជ្រាវ ដៃគូអភិវឌ្ឍ និងសង្គមស៊ីវិល ដើម្បីចែករំលែកព័ត៌មានទាក់ទងនឹងនិន្នាការ បញ្ហាប្រឈម និងឧត្តមានុវត្តនៃសេដ្ឋកិច្ចឌីជីថល និង វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជារួមផងដែរ។

តាមរយៈការចូលរួមពីវាគ្មិនជាតិនិងអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធផ្សេងៗ ប្រធានបទសំខាន់ៗដែលនឹងត្រូវយកមកពិភាក្សាក្នុងវេទិកាបច្ចេកវិទ្យាកម្ពុជា (Main Stage) មានជាអាទិ៍៖ ការចាប់យកសក្តានុពលនៃវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់ប្រទេសកម្ពុជាឆ្នាំ២០៣០ និង២០៥០ ដែលមានការពិភាក្សាលើប្រធានបទដូចជា វិស័យអេឡិចត្រូនិក និងយានយន្ត, ថាមពល និងទឹក, ការងើបឡើងវិញ និងភាពធន់ ទាក់ទងនឹងបច្ចេកវិទ្យាកសិកម្ម (AgriTech) និង បច្ចេកវិទ្យាសុខាភិបាល (HealthTech), ក្របខណ្ឌយុទ្ធសាស្រ្តអភិវឌ្ឍទេពកោសល្យបច្ចេកវិទ្យា, ធុរកិច្ចឌីជីថល និងការប្រមូលពន្ធ, វេទិការដ្ឋាភិបាលឌីជីថល, និងសន្តិសុខសាយប័រ ក្នុងសេដ្ឋកិច្ច និងសង្គមឌីជីថល។

គួរបញ្ជាក់ផងដែរថា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងអញ្ជើញធ្វើជាអធិបតីបើកសម្ពោធជាផ្លូវការក្នុងវេទិកាបច្ចេកវិទ្យាកម្ពុជា ២០២២នេះ។ ឥស្សរជនជាន់ខ្ពស់ អង្គទូត ថ្នាក់ដឹកនាំក្រសួងស្ថាប័នរដ្ឋ តំណាងអង្គការអន្តរជាតិ ដៃគូរអភិវឌ្ឍន៍និងដៃគូរសន្ទនា និង វិស័យឯកជនក៏នឹងមានវត្តមានក្នុងពិធីបើកសម្ពោធជាផ្លូវការនៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ ២០២២។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន និងចូលរួមពិព័រណ៍បច្ចេកវិទ្យាដ៏ធំបំផុតរបស់កម្ពុជា ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ នៅថ្ងៃទី ១១ - ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមចុះឈ្មោះតាមរយៈតំណរ៖ https://ticket.cambodiatechex.gov.kh/

អត្ថបទ៖ សេង ឡុង

មតិយោបល់