- 2022-10-05 04:16:15
- ព័ត៌មាន
រុស្ស៊ី ចេញឡាន SUV កំពូលប្រណីតថ្មី កម្លាំង ៥៩០សេះ ឯតម្លៃថ្លៃជាង Rolls-Royce ទៀត!
- 2022-10-05 04:16:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រុស្ស៊ី ចេញឡាន SUV កំពូលប្រណីតថ្មី កម្លាំង ៥៩០សេះ ឯតម្លៃថ្លៃជាង Rolls-Royce ទៀត!
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតរថយន្តរុស្ស៊ី Aurus បានប្រកាសចេញ SUV ម៉ូដែលថ្មីសន្លាង មានឈ្មោះថា Komendant ដែលមាន Option ទំនើប និង សភាពប្រណីតខ្លាំងបំផុត មិនចាញ់ Bentley Bentayga និង Rolls-Royce Cullinan របស់អង់គ្លេសប៉ុន្មានឡើយ។
រថយន្ត Aurus Komendant មានការឌីហ្សាញយ៉ាងប្រណីត និងអង់អាច ជាមួយនឹងការបំពាក់ប៉ាណាមុខបញ្ឈរ ២២បន្ទាត់ អមដោយចង្កៀងមុខ LED និង រន្ធបឺតខ្យត់ដ៏ធំនៅលើកាងមុខ។ ចំណែកឯផ្នែកខាងក្រោយវិញ វាបានបំពាក់ស្តុប LED ២ជាន់, បំពង់ស៊ីម៉ាំងរាងជ្រុង និង ឃ្លុបក្រោយអូតូ ផងដែរ។ ក្រៅពីនោះ វាក៏មានបំពាក់កញ្ចក់មានមុខងារកម្តៅ និង ជម្រើសយ៉ាន់កង់ទំហំ ២០, ២១ និង ២២អ៊ីញ ទៀតផង។
ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ រថយន្ត SUV កំពូលរបស់រុស្ស៊ីនេះ បានរៀបចំយ៉ាងស្អាត ជាមួយនឹងការបំពាក់ស្បែកប្រភេទ Nappa Leather ហើយក៏មានប្រើឈើប្រណីត អមដោយការប្រើកុងទ័រឌីជីល, អេក្រង់កម្សាន្តធំ, នាឡិកាត្រនិច, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៤តំបន់, ភ្លើងបំភ្លឺក្នុងកាប៊ីន Ambient Lighting, កន្លែងដាក់កែវទឹកមានមុខងារបញ្ចេញខ្យល់ក្តៅ-ត្រជាក់ ព្រមទាំងកន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ សម្រាប់ជួរមុន និងជួរក្រោយ ផងដែរ។
ដោយសារតែវាជា SUV ប្រណីត ដែលបំពាក់កៅអីអង្គុយតែ ៤ ដូច្នេះនៅខាងក្រោយគឺជាប្រភេទកៅអីធំ ដែលមានមុខងារកម្តៅ, បញ្ចេញខ្យល់ត្រជាក់ និង ម៉ាស្សា ហើយថែមទាំងមានតុបត់ និង ទូរទឹកកក ក៏ដូចជា អេក្រង់កម្សាន្តខាងមុខមួយគូ ទៀតផង។
រថយន្ត Aurus Komendant ប្រើម៉ាស៊ីន Hybrid ដែលគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ៤,៤លីត្រ twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំងសរុប ៥៩០សេះ និងកម្លាំងរមួល ៨៨០ញ៉ូតុនម៉ែត្រ ហើយដំណើរការដោយប្រអប់លេខអូតូ ៩វគ្គ និង ប៉ុង២។ រថយន្តដែលមានទម្ងន់ ៣,២តោននេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៥វិនាទី ហើយមានល្បឿនអតិបរមា ២២០គីឡូម៉ែត្រ។ ថ្វីបើប្រើម៉ាស៊ីន Hybrid មែន ប៉ុន្តែ SUV ខ្នាតធំនេះមានកម្រិតស៊ីសាំងជាមធ្យម ១៨,៥លីត្រ/១០០គីឡូម៉ែត្រ។
ក្រៅពីនោះ Option ដែលគួរឲ្យចាប់អារម្មណ៍មួយចំនួនទៀតលើរថយន្តនេះ មានដូចជា ប្រព័ន្ធបូមខ្យល់ Adaptive Air Suspension ដែលអាចលើកកម្ពស់ពីបាតក្រោមរថយន្តទៅដី ២៦០មីល្លីម៉ែត្រ ហើយក៏មានកុងទ័របាញ់លើកញ្ចក់, ប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេ និង ប្រព័ន្ធជំនួយការបើកបរ Advanced Driver Assistance Systems ផងដែរ។
រថយន្ត Aurus Komendant នឹងមានតម្លៃចាប់ពីខ្ទង់ ៥៨០,០០០ដុល្លារ នៅក្នុងប្រទេសរុស្ស៊ី។ បើប្រៀបធៀបជាមួយនឹងរថយន្ត Rolls-Royce Cullinan គឺមានតម្លៃចាប់ពីខ្ទង់ ៣៥០,០០០ដុល្លារប៉ុណ្ណោះ នៅសហរដ្ឋអាមេរិក៕