- 2022-07-25 03:31:22
- ព័ត៌មាន
ដំណឹងល្អ! ក្រុមហ៊ុន Ezecom ធ្វើបច្ចុប្បន្នភាពការតភ្ជាប់បណ្តាញអ៊ិនធឺណិតអតិថិជនដែលបានផ្ទេរមក
- 2022-07-25 03:31:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! ក្រុមហ៊ុន Ezecom ធ្វើបច្ចុប្បន្នភាពការតភ្ជាប់បណ្តាញអ៊ិនធឺណិតអតិថិជនដែលបានផ្ទេរមក
ចន្លោះមិនឃើញ
អតិថិជនជាទីគោរព
តាំងពីថ្ងៃដែលបានប្រកាសក្នុងការទទួលយកអតិថិជន Opennet នៅក្នុងខែឧសភាកន្លងមក ក្រុមហ៊ុន Ezecom បានខិតខំស្វះស្វែងជួសជុលបណ្តាញសេវាដែលខូចខាតបានជាង ៤ ម៉ឺន(ទីតាំង) រួចហើយ និងនៅតែបន្តធ្វើសកម្មភាពបន្ថែមទៀតដើម្បីប្រាកដថាអតិថិជនរបស់យើងនឹងបានទទួលនូវសេវាអ៊ិនធឺណិតរលូនមិនរអាក់រអួល។
ក្រុមការងារយើងខ្ញុំបានខិតខំធ្វើការទាំងថ្ងៃនិងយប់ ៧ថ្ងៃក្នុង១សប្តាហ៍ ដើម្បីធ្វើការជួសជុល និងស្តារឡើងវិញនូវខ្សែបណ្តាញ អ៊ិនធឺណិតដែលបានកាត់ផ្តាច់ និងសម្ភារៈដែលបានខូចខាត។ អំឡុងពេលនេះយើងខ្ញុំបានរកឃើញថា ខ្សែបណ្តាញចាស់ទាំងនោះបានខូច និងត្រូវបានបំផ្លាញក្នុងសភាពធ្ងន់ធ្ងរដែលមិនអាចទទួលយកបាន មិនអាចសូម្បីតែក្នុងកម្រិតមធ្យមនៃស្តង់ដារឧស្សាហកម្មពិភពលោក។ អាស្រ័យដោយមានការខូចខាតបែបនេះហើយ ទើបបណ្តាលអោយការផ្គត់ផ្គង់អ៊ិនធឺណិតមានបញ្ហា និងកាត់ផ្តាច់។
ក្រុមហ៊ុន Ezecom កំពុងធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធិភាព ដើម្បីកាត់បន្ថយបញ្ហាទាំងនេះ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានពង្រឹង និងបន្ថែមចំនួនបុគ្គលិក ផ្នែកបម្រើសេវាអតិថិជន និងផ្នែកបច្ចេកទេស ដើម្បីធានានូវធនធានគ្រប់គ្រាន់ក្នុងការឆ្លើយតបចំពោះតម្រូវការអតិថិជនដ៏ច្រើននាពេលនេះ។ ទោះបីជាជួបប្រទះឧបសគ្គជាច្រើនបែបនេះក៏ដោយ ក៏ក្រុមការងារយើងខ្ញុំនៅតែពុះពារ និងសម្រេចបាននូវសមទ្ធិផលជាច្រើនដូចជា៖
១. ការស្តារ និងតភ្ជាប់ខ្សែបណ្តាញនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តត្រូវបានបញ្ចប់ជាស្ថាពរ សម្រាប់ខែឧសភា និងមិថុនា នៅតែខេត្តព្រះសីហនុតែប៉ុណ្ណោះដែលមិនទាន់រួចរាល់ដោយសារតែអាកាសធាតុមិនអំណោយផល ហើយយើងខ្ញុំរំពឹងទុកថា ការជួសជុលនឹងត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះ។ ក្រុមការងារបច្ចេកទេសរបស់យើង បាននឹងកំពុងស្តារខ្សែរបណ្តាញយ៉ាងច្រើនករណីនៅខែកក្កដានេះ និងខិតខំប្រឹងប្រែងជាបន្តបន្ទាប់ទៀតក្នុងការផ្តល់ជូននូវគុណភាពនៃសេវាកម្មកាន់តែប្រសើរឡើង។
២. ពង្រឹងប្រសិទ្ធភាពផ្នែកបម្រើសេវាអតិថិជនអោយកាន់តែប្រសើរឡើង ជាមួយនឹងការរៀបចំផែនការដែលមានរចនាសម្ព័ន្ធធ្វើយ៉ាងណា ឱ្យអត្រានៃការខលចូលរបស់អតិថិជនតែមិនបានជួបបុគ្គលិកផ្នែកមប្រើសេវាកម្មធ្លាក់ទៅកម្រិតសូន្យ។ យើងខ្ញុំនៅតែបន្តយកចិត្តទុកដាក់លើមតិយោបល់របស់អតិថិជន ដើម្បីធ្វើឲ្យក្រុមហ៊ុនយើងខ្ញុំក្លាយជា ក្រុមហ៊ុនកាន់តែប្រសើរឡើងនាថ្ងៃខាងមុខ។
ក្តីកង្វល់របស់អតិថិជន គឺជាក្តីកង្វល់ដ៏ធំបំផុតរបស់យើងខ្ញុំ។ យើងខ្ញុំនឹងនៅតែបន្តពង្រឹងលើបណ្តាញអ៊ិនធឺណិតយើងខ្ញុំដើម្បីធានាថា អតិថិជន សហគមន៍ និងប្រទេសកម្ពុជារបស់យើងនឹងបន្តរីកចម្រើនទៅមុខដើម្បីអាចទទួលបាននូវសកម្មភាពសេដ្ឋកិច្ចសំខាន់ៗដូចជា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន និងកីឡាស៊ីហ្គេមជាដើម។
ក្រុមហ៊ុន Ezecom បន្តពង្រឹងគុណភាពរបស់ខ្លួន ដើម្បីជាមោទនភាពជាតិរបស់ប្រទេសកម្ពុជាទាំងមូល។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះអតិថិជនទាំងអស់ដែលមានការយោគយល់ និងអធ្យាស្រ័យ នៅក្នុងអំឡុងពេលដែលតានតឹងនេះ។
ដោយក្តីគោរពរាប់អានអំពីយើងខ្ញុំ! ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន Ezecom
សេវាបម្រើអតិថិជន ២៤ម៉ោង/៧ថ្ងៃៈ 085 888 181
#លើកកម្ពស់កិច្ចសហការរវាងគ្នានឹងគ្នា
#ប្រឹងប្រែងដើម្បីឧត្តមភាព
#មានភាពស្មោះត្រង់កសាងទំនុកចិត្ត
#ស្រឡាញ់ពេញចិត្តក្នុងការដឹកនាំ
#យកចិត្តទុកដាក់ចំពោះតម្លៃសង្គម
អត្ថបទ៖ រក្សា