• 2022-07-18 02:43:11
  • ព័ត៌មាន

៦ ចំណុចគួរឲ្យចាប់អារម្មណ៍ពី Ford Everest ជំនាន់ថ្មី ឆ្នាំ២០២៣ ទើបចេញក្តៅៗ!

  • 2022-07-18 02:43:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមហ៊ុន Ford បានអញ្ជើញអ្នកកាសែតមកពីប្រទេសជាច្រើន ឲ្យចូលរួមក្នុងកម្មវិធីបើកបរសាកល្បង រថយន្ត Ford Everest ជំនាន់ថ្មី ដែលធ្វើឡើងនៅក្នុងទឹកដីខេត្ត Kanchanaburi ប្រទេសថៃ។

បន្ទាប់ពីបានចូលរួម ឥឡូវ sabay នឹងប្រាប់ ៦ ចំណុចគួរឲ្យចាប់អារម្មណ៍ពី Ford Everest ជំនាន់ថ្មីនេះ។

១៖ រូបរាងថ្មីសន្លាង

Ford Everest ជំនាន់ថ្មី ឆ្នាំ២០២៣ នេះ បានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ហើយបើយើងមើលមួយភ្លែតប្រាកដជាដឹងថា វាកាត់តាមភីកអាប់ Ford Ranger ច្រើន ប៉ុន្តែវាមានលក្ខណៈពិសេសលើសនោះច្រើនទៀត។

ចំពោះផ្នែកខាងមុខ វាបានបំពាក់អំពូលបំភ្លឺពេលថ្ងៃរាងជាអក្សរ C និងចង្កៀងមុខប្រភេទ Matrix LED ដែលអាចបែងចែកពន្លឺភ្លើង ទម្លាក់ភ្លើង និង រ៉េតាមចង្កូតឆ្វេងស្តាំ ដោយស្វ័យប្រវត្តិតែម្តង។ បន្ថែមពីហ្នឹង វាក៏មានអំពូលកាត់អ័ព្ទ LED មួយគូដែរ។ ចំណែកឯប៉ាណាមុខវាវិញឌីហ្សាញបែបសំបុកឃ្មុំ ហើយមានហាយឡាយស៊ុមក្រូមេ និងរបាក្រូមេនៅចំផ្នែកកណ្តាល មើលទៅមាំខ្លាំងមែនទែន។ នៅផ្នែកខាងមុខនោះដដែល វាក៏មានបន្ទះការពារបាតរថយន្ត Skid-plate និង ទំពក់អូសទាញមួយគូដែរ។

ចំណែកឯផ្នែកចំហៀងវិញ វាសឹងតែដូចទៅនឹងភីកអាប់ Ford Ranger ទៅហើយ ប៉ុន្តែអ្វីដែលខុសគឺវាបំពាក់យ៉ាន់កង់ទំហំ ២០អ៊ីញ។ ក្រឡេកទៅមើលផ្នែកខាងក្រោយវិញ វាកាន់តែមានភាពខុសគ្នាខ្លាំង ព្រោះថា Everest ជំនាន់ថ្មី បានឌីហ្សាញចង្កៀងក្រោយ LED ថ្មី ពិតជាស្អាត និងទាក់ភ្នែកខ្លាំងមែនទែន។ ជារួមមកវិញ រូបរាងខាងក្រៅវាទាំងមូល មើលទៅហាប់ណែន ហើយមាំល្អ។ សុំបង្ហើបដែរថា ពណ៌ខ្មៅលើ Everest ជំនាន់ថ្មីនេះ ខុសពីជំនាន់មុន ហើយបើនិយាយពីទឹកថ្នាំវិញ គឺស្អាតជាងមុនឆ្ងាយមែនទែន។

២៖ កាប៊ីនខាងក្នុងថ្មីសន្លាង

ចូលមកដល់ផ្នែកខាងក្នុងវិញ Everest ជំនាន់ថ្មីនេះ ក៏បានរៀបចំ និងឌីហ្សាញឡើងវិញថ្មីទាំងស្រុងដែរ ហើយយើងអាចមើលឃើញភាពស្រដៀងគ្នារវាងផ្នែកខាងក្នុងរបស់ Ranger ជំនាន់ថ្មីដែរ ប៉ុន្តែ  Everest នេះ នៅតែមានចំណុចលើសពី Ranger។

  • ទី១) អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ ចង្កឹះលេខអេឡិចត្រូនិច E-Shift ថ្មី ដែលឌីហ្សាញរូបរាងដូច Mouse តូច ងាយស្រួលបញ្ជា ហើយរឹតតែពិសេសនោះគឺវាដំណើរការជាមួយមុខងារចូលចតស្វ័យប្រវត្តិ ដែលខ្ញុំនឹងនិយាយលម្អិតនៅបន្តិចទៀត។
  • ទី២) កុងទ័ររបស់វាជាប្រភេទឌីជីថល ប៉ុន្តែមានទំហំដល់ទៅ ១២,៤អ៊ីញ ដែលកុងទ័រនេះធំជាងនៅលើ Rangerព្រោះថាវាយកពី Ranger Raptor និង Bronco Raptor។
  • ទី៣) អេក្រង់កម្សាន្ត Touchscreen បញ្ឈរនៅចំកណ្តាល ទំហំ ១២អ៊ីញ។ ថ្វីបើវាដូចទៅនឹង Ranger ជំនាន់ថ្មីដែរ ប៉ុន្តែវានៅតែជាចំណុចដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង។
  • ទី៤) កាប៊ីនខាងក្នុងវាធំទូលាយជាងមុន ហើយអ្វីដែលពិសេសនោះគឺមានកន្លែងសាកថ្មទាំង ៣ ជួរហ្មង ដូច្នេះវាពិតជាល្អមែនទែន ជាពិសេសអ្នកដែលទិញយកទៅប្រើជាលក្ខណៈគ្រួសារ។

៣៖ បច្ចេកវិទ្យាថ្មីៗ

ដូចបានលើកឡើងពីខាងលើអីចឹងថា Everest ឆ្នាំ២០២៣ ជំនាន់ថ្មីនេះ មានប្រើចង្កឹះលេខអេឡិចត្រូនិច ជាមួយនឹងប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ។ អីចឹងមុខងារនេះនៅពេលយើងចុចដំណើរការ វានឹងស្កេនរកមើលទីតាំងទំនេរ ដែលវាអាចចូលចតបាន ហើយវានឹងដំណើរការអូតូពីដើមដល់ចប់ គ្រាន់តែទាមទារឲ្យយើងចុចប៊ូតុងមុខងារឲ្យជាប់ប៉ុណ្ណោះ។ ដូច្នេះទាំងដៃចង្កូត, ហ្វ្រាំង, ហ្គែរ, លេខទៅមុខ-ថយក្រោយ គឺវាធ្វើការដោយខ្លួនឯងទាំងអស់។ សូមបញ្ជាក់ថា វាមិនត្រឹមតែអាចចូលចតដោយខ្លួនឯងប៉ុណ្ណោះទេ សូម្បីតែចេញពីចំណតវិញ ក៏បានដែរ។ នៅលើចង្កឹះលេខអេឡិចត្រូនិចនេះដដែល គឺវាឆ្លាតខ្លាំងមែនទែន។ ឧទាហរណ៍ថា យើងកំពុងនៅលេខ D ហើយយើងដោះខ្សែក្រវ៉ាត់ ឬ ចេញពីរថយន្ត នោះវានឹងប្តូរលេខទៅ P វិញដោយស្វ័យប្រវត្តិហ្មង។

ជាមួយគ្នានេះដែរ ប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេលើ Everest ជំនាន់ថ្មី នៅតែជាចំណុចដែលខ្ញុំចូលចិត្តខ្លាំង ព្រោះថាវាផ្តល់ភាពងាយស្រួលខ្លាំងមែនទែន មិនថាយើងបើកបរក្នុងស្ថានភាពផ្លូវបែបណានោះទេ។

ក្រៅពីហ្នឹង ដោយសារតែឡាន Ford Everest ជំនាន់ថ្មីដែលខ្ញុំបានធ្វើតេស្តនេះ គឺជា spec ថៃ ដូច្នេះវាក៏មានគាំទ្រមុខងារ FordPass ដែលក្នុងនោះវាអនុញ្ញាតឲ្យយើងប្រើ App នៅលើទូរសព្ទដៃ ដើម្បីបញ្ជាលើមុខងារមួយចំនួនដូចជា បញ្ជាបញ្ឆេះម៉ាស៊ីនពីចម្ងាយ, បញ្ជាចាក់សោរ-ដោះសោរពីចម្ងាយ និង ឆែកមើលទីតាំងរថយន្តយើងនៅណា អីជាដើម ហើយមិនយូរទៀតទេ វាទំនងជានឹងមានប្រើនៅខ្មែរដែរហើយ។ បន្ថែមពីហ្នឹង យើងក៏អាចប្រើមុខងារបញ្ជាដោយសំឡេង Fully Voice Control តាមរយៈ Siri ឬ Google Assist បានទៀតផង។

៤៖ ប្រព័ន្ធជើងក្រោម

ឡាន Ford Everest ជំនាន់ថ្មីនេះ ក៏បានកែកុនបូមថ្មីខុសពីជំនាន់មុនដែរ ដោយលើកនេះប្រើបូមមុខប្រភេទ Independence Front Suspension, ហើយប្រើបូមរឺស័រថ្មី និង បូមវាដាក់ក្រៅសាក់ស៊ី ដូចលើ Ranger ជំនាន់ថ្មីដែរ។ បន្ថែមពីហ្នឹង វាបានបំពាក់គ្រោងឆ្អឹងជំនាន់ថ្មី ដែលមានទម្ងន់ស្រាលជាងមុន, បត់បែនជាង និង មាំជាងមុនទៀតផង។ ជាមួយគ្នានេះដែរ កម្ពស់ពីបាតក្រោមទៅដីរបស់ Everest ឆ្នាំ២០២៣ នេះ គឺ ២៧៧មីល្លីម៉ែត្រ បូកផ្សំជាមួយប្រព័ន្ធ Selectable Drive Mode ចំនួន ៦ គឺ Normal, Eco, Slippery, Mud/Ruts, Tow/Hual និង Sand ទៀត ធ្វើឲ្យវាអាចស៊ូបានគ្រប់ស្ថានភាពផ្លូវតែម្តង។

៥៖ ជម្រើសម៉ាស៊ីន

ដូចបានលើកឡើងអីចឹង ដោយសារតែរថយន្តដែលបានតេស្ត គឺជា spec ថៃ ដូច្នេះវាផ្តល់ជម្រើសចំនួន ៤ម៉ូដែល គឺ៖

  • ទី១) Titanium+ ប៉ុង២៖ ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ bi-Turbo ទំហំ ៤ស៊ីឡាំង ជាមួយប្រអប់លេខអូតូ ១០វគ្គ ជាប្រភេទ E-Shifter មានកម្លាំង ២១០សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ។
  • ទី២) Titanium+ ប៉ុង១៖ ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ bi-Turbo ទំហំ ៤ស៊ីឡាំង ជាមួយប្រអប់លេខអូតូ ១០វគ្គធម្មតា មានកម្លាំង ២១០សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ។
  • ទី៣) Sport+ ប៉ុង១៖ ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ single-Turbo ទំហំ ៤ស៊ីឡាំង ជាមួយប្រអប់លេខអូតូ ៦វគ្គ មានកម្លាំង ១៧០សេះ និងកម្លាំងរមួល ៤០៥ញ៉ូតុនម៉ែត្រ។
  • ទី៤) Trend ប៉ុង១៖ ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ single-Turbo ទំហំ ៤ស៊ីឡាំង ជាមួយប្រអប់លេខអូតូ ៦វគ្គ មានកម្លាំង ១៧០សេះ និងកម្លាំងរមួល ៤០៥ញ៉ូតុនម៉ែត្រ។

៦៖ ប្រព័ន្ធសុវត្ថិភាព

បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញវាក៏មានច្រើនដែរ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងគឺ៖

  • ទី១) មុខងារ Evasive Steer Assist៖ ដែលជួយបន្ថយល្បឿនឡានដោយស្វ័យប្រវត្តិ នៅពេលជិតដល់ឧបសគ្គ ហើយកាច់ចង្កូតគេចចេញពីឧបសគ្គដោយស្វ័យប្រវត្តិទៀតផង។
  • ទី២) មុខងារ Reverse Brake Assist៖ ដែលជួយជាន់ហ្វ្រាំងដោយស្វ័យប្រវត្តិ និងឈប់ងក់តែម្តង ពេលមានឧបសគ្គភ្លាមៗនៅខាងក្រោយ។
  • ទី៣) ពោងសុវត្ថិភាព៖ ដល់ ៧គ្រាប់ ហើយមានពោងចំហៀងគ្រប់ជួរតែម្តង។
  • ទី៤) មុខងារ Post-Impact Braking៖ ដែលក្នុងករណីយើងជួបគ្រោះថ្នាក់ បានប៉ះទង្គិចគ្នាហើយ ប៉ុន្តែរថយន្តនឹងនៅតែចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិរហូតវាឈប់មួយកន្លែងតែម្តង ដើម្បីបង្កាគ្រោះថ្នាក់រឹតតែធ្ងន់ធ្ងរ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់