- 2022-06-27 03:44:24
- ព័ត៌មាន
កាន់តែសំបូរ! មកស្គាល់រោងចក្រផ្គុំនិងដំឡើងរថយន្ដទី ៥ ឈានជើងមកវិនិយោគលើទឹកដីកម្ពុជា
- 2022-06-27 03:44:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែសំបូរ! មកស្គាល់រោងចក្រផ្គុំនិងដំឡើងរថយន្ដទី ៥ ឈានជើងមកវិនិយោគលើទឹកដីកម្ពុជា
ចន្លោះមិនឃើញ
ប្រទេសកម្ពុជា បានក្លាយទៅជាមេដែកទាក់ទាញអ្នកវិនិយោគមកបោះទុនសាងសង់រោងចក្រជាច្រើន ក្នុងនោះគេឃើញថា វិនិយោគិន ចាប់អារម្មណ៍លើវិស័យយានយន្តបានធ្វើឲ្យវិស័យឧស្សាហកម្មយានយន្ដក្នុងប្រទេសបច្ចុប្បន្ន កំពុងតែរីកដុះដាលជាលំដាប់ ខណៈដែលថ្មីៗនេះ គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ ក្រុមហ៊ុន GTV MOTOR CO., LTD. លើគម្រោងបង្កើតរោងចក្រដំឡើងរថយន្តថ្មីមួយទៀត ដែលនេះគឺជារោងចក្រផ្គុំនិងដំឡើងរថយន្ដទី ៥ ឈានជើងមកវិនិយោគលើទឹកដីកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញផ្សាយកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុន GTV MOTOR CO., LTD. នឹងដំណើរការដំឡើងរថយន្តចំនួន ៣ ស្លាកយីហោ រួមមានរថយន្តចិនម៉ាក DONGFENG ចំនួន១០ប្រភេទ, រថយន្ត SOUEST ចំនួន៤ប្រភេទ និងរថយន្ត FAW ចំនួន៥ប្រភេទ។
រោងចក្រនោះ នឹងបោះទីតាំងវិនិយោគស្ថិតនៅអគារលេខ ៦A និង ៦B ផ្លូវជាតិលេ៣ ភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន ៧៣៨ កន្លែង។
រំឮកដែរថា ក្រុមហ៊ុនរថយន្តលំដាប់អន្តរជាតិចំនួន ៤ ផ្សេងទៀតមានដូចជា ក្រុមហ៊ុន HGB Motor, ក្រុមហ៊ុន EM Automobile Co., Ltd., ផ្ដោតលើ រថយន្ដធុនធ្ងន់, ក្រុមហ៊ុន K (CAMBODIA) CO., LTD បោះទុនវិនិយោគប្រមាណ ៧,៣ លានដុល្លារអាមេរិកលើ គម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) លើទីតាំងស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងក្រុមហ៊ុន RMA Cambodia បានចាប់ផ្តើមដំណើរការផលិតកម្មរថយន្ត Ford ដែលជាក្រុមហ៊ុនដំឡើងរថយន្តទី១នៅក្នុងប្រទេសកម្ពុជា មានទីតាំងស្ថិតនៅភូមិសាវ័ន ឃុំស្នាអន្យា ស្រុកក្រគរ ខេត្តពោធិ៍សាត់ លេចចេញជារូបរាងហើយកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២៕
អត្ថបទ៖ រក្សា