• 2022-06-22 02:45:14
  • ព័ត៌មាន

វិស្វករ​អេឡិចត្រូនិចសាលាតិចណូ នឹង​មាន​ឱកាស​ទៅ​អនុវត្តស្ដែងៗ​ប​ច្ចេកវិទ្យា Cryptography

  • 2022-06-22 02:45:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិតឆ្នាំទី៤ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ផ្នែកវិស្វកម្មថាមពល និងអេឡិចត្រូនិចដែល​នឹង​​ក្លាយ​​ទៅជា វិស្វករ​ជំនាញ​នា​ពេល​អនាគត​ខាង​មុខ​ឆាប់ៗនេះ ​នឹង​អាចមានឱកាសចូលរួមអនុវត្តគម្រោងជាក់ស្តែងនានា ដូចជា គម្រោង​ការរចនា SoC និង Cryptography បច្ចេកវិទ្យា​កាតឆ្លាតវៃ ជាមួយនឹងក្រុមហ៊ុននៅអាមេរិក និងរក​ដំណោះស្រាយបច្ចេកវិទ្យាប្រើប្រាស់ឧបករណ៍ IoT RFID ដែលគ្រប់គ្រងលើសេវាកម្ម បោកគក់ នៅក្នុង​សណ្ឋាគារ​ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងថៃជាដើម។

គម្រោង​ទាំង​នេះស្ថិត​ក្រោមកិច្ចព្រមព្រៀងរវាងអាយជីធិក គ្រុប និង​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ICT សាលាតិចណូ) ខណៈដែល​ដៃគូសហការ​ទាំង​ពីរ​ប្ដេជ្ញាស្វែងរកឱកាសវិនិយោគនិងអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីផ្សេងៗដើម្បីជំរុញការរីកលូតលាស់ក្នុងវិស័យធុរៈកិច្ចថ្មីនៅកម្ពុជាលើផ្នែកបច្ចេកវិទ្យា និងវិស្វកម្មអគ្គីសនី។

តាមរយៈការប្រើប្រាស់ធនធានមនុស្សប្រកបដោយទេពកោសល្យ ដែលត្រូវបានបណ្ដុះបណ្ដាលជំនាញវិស្វកម្មអេឡិចត្រូនិចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងធ្វើឱ្យកម្មវិធីរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាកាន់តែទំនើបទាន់សម័យ ដោយមានរួមការបញ្ចូលគ្នានៃវិស្វកម្មអេឡិចត្រូនិចរបស់ អាយជីធិក គ្រុប។

ឯកឧត្ដមបណ្ឌិត ប៉ូ គឹមថូ អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានប្រសាសន៍ថា៖ “កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនមានសារៈសំខាន់ណាស់សម្រាប់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ផ្អែកតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីការឱ្យមានបរិយាបទឌីជីថលនៅកម្ពុជា យើងទទួលស្គាល់ថា ការអប់រំ និងអនុវត្តជាក់ស្ដែងត្រូវតែមកទន្ទឹមគ្នា។ ភាពជាដៃគូរបស់យើងជាមួយ អាយជីធិក គ្រុប នឹងផ្ដល់ឱកាសឱ្យនិស្សិតរបស់យើងអាចពង្រីកចំណេះដឹងរបស់ពួកគេ លើសពីអ្វីដែលបានសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លើវិថីអភិវឌ្ឍន៍អាជីព និងជោគជ័យប្រកបដោយផ្លែផ្កា។”

លោក គឹម ពុធគីរី អគ្កនាយកនៃក្រុមហ៊ុនអាយជីធិក គ្រុប បានលើកឡើងបន្ថែមថា៖ “អាយជី បាន និងកំពុងបន្តអភិវឌ្ឍសហគ្រិនភាព និងឱកាសបង្កើនជំនាញតាំងពីដើមរៀងមក។ ការស្វែងរកធនធនាមនុស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជាពិសេសលើវិស័យវិស្វកម្ម ដែលមានទាំងចំណេះដឹងទ្រឹស្ដី ការអនុវត្ត និងបទពិសោធន៍លើនិន្នាការ និងយុទ្ធសាស្រ្តថ្មីៗនៃឧស្សាហកម្ម គឺពិតជាមានការលំបាកជាខ្លាំង។ ការចាប់ដៃគូជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាឧទាហរណ៍ដ៏ប្រសើរមួយបង្ហាញពីកិច្ចសហការរវាងវិស័យសាធារណៈឯកជន ឆ្ពោះទៅរកការរួមបញ្ចូលគ្នាប្រកបទៅដោយតុល្យភាពនៃចំណេះដឹង និងជំនាញ ការផ្លាស់ប្ដូរអាជីវកម្មរបស់យើងជាមួយនឹងអង្គភាពដទៃផ្សេងទៀត ដើម្បីការត្រៀមរួចរាល់ក្នុងការពង្រីកខ្លួន និងការប្រកួតប្រជែងទាំងក្នុងស្រុក និងអន្តរជាតិ។”

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាគ្រឹះស្ថានឧត្ដមសិក្សាបង្កើតឡើងដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់នូវការអប់រំគុណភាពខ្ពស់លើវិស័យ វិទ្យាសាស្រ្តវិស្វកម្ម និងបច្ចេកវិទ្យា ដោយមានក្តីសង្ឃឹមថានឹងអាចផ្គត់ផ្គង់កម្លាំងពលកម្មជំនាញ សម្រាប់សមាហរណកម្ម និងការវិវត្តនៃទីផ្សារពលកម្មនៅកម្ពុជា។

អាយជីធិក គឺជាបណ្ដុំក្រុមហ៊ុនអភិវឌ្ឍ អនុវត្តនូវ​បច្ចេកវិទ្យាដំណោះស្រាយរួមបញ្ចូលគ្នានៅកម្ពុជា និង​ដោយមានវត្តមាននៅទូទាំងមហាអនុតំបន់មេគង្គ អាយជីធិកបង្កើតឡើងនៅឆ្នាំ២០១២ ដោយក្រុមហ៊ុនដំបូងបំផុតគឺ អាយឌាលីង ខនសាល់ធីង។ ជំនាញស្នូលរបស់ អាយជីធិក គ្រុប ពាក់ព័ន្ធនឹងការអភិវឌ្ឍនិងអនុវត្តដំណោះស្រាយរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាហិរញ្ញវត្ថុ និងធនាគារ ពង្រីកទៅក្នុងវិស័យវត្ថុដែលអាចប្រើអ៊ីនធើណេត ទីក្រុងឆ្លាតវៃ កាតឆ្លាតវៃ អត្តសញ្ញាណបណ្ណឌីជីថល មាតិកាប្លុកឆេន និងប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏ដូចជាការបង្កើតថ្នាលភ្ជាប់ឌីជីថលនីយកម្មទៅនឹងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

អត្ថបទ៖ រក្សា

មតិយោបល់