• 2022-06-15 03:35:41
  • ព័ត៌មាន

យុវជនមួយក្រុមលះបង់ពេលវេលា មកបង្រៀនក្មេងៗតាមជនបទឲ្យចេះផលិតរ៉ូបូត និងស្រឡាញ់បច្ចេកវិទ្យាមួយនេះ

  • 2022-06-15 03:35:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យាមនុស្សយន្តដើរតួយ៉ាងសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សយើងដោយមិនដឹងខ្លួន ហើយបើមិនមានវត្តមាននៃបច្ចេកវិទ្យាមួយនេះ ជីវិតរបស់យើងនឹងកាន់តែលំបាក។ ដែលជាមូលហេតុធ្វើឲ្យយុវជនខ្មែរមួយក្រុម មានចិត្តស្រឡាញ់ខ្លាំង ហើយចង់ឃើញវិស័យនេះរីកចម្រើននៅកម្ពុជា រហូតឈានដល់ការចេញបង្រៀនស្ម័គ្រចិត្តដល់ក្មេងៗនៅជនបទទៀតផង។

លោក ស៊ុយ កុសល្យ អ្នកតំណាងក្រុមដែលលះបង់ពេលវេលាផ្ទាល់ខ្លួន ចុះបង្រៀនមេរៀនរ៉ូបូតដល់ក្មេងៗដោយផ្ទាល់នោះ បានថ្លែងប្រាប់ Sabay ដោយក្តីសង្ឃឹមថា ឧស្សាហកម្ម ៤.០នៅកម្ពុជា នឹងខិតមកកាន់តែជិត បើយើងបណ្តុះឲ្យក្មេងៗចេះស្រឡាញ់បច្ចេកវិទ្យាមនុស្សយន្ត ពេលនោះប្រទេសយើងនឹងលែងចាញ់បរទេសទៀតហើយ។

លោក ស៊ុយ កុសល្យ កំពុងឈរធ្វើបទបង្ហាញ

យុវជនខាងលើដដែលបាននិយាយថា មូលហេតុដែលលោក និងសមាជិកក្រុម ស្ម័គ្រចិត្តលះបង់ពេលវេលាផ្ទាល់ខ្លួន ចុះទៅតាមបណ្តាខេត្តបង្រៀនក្មេងៗនៅទីនោះឲ្យស្រឡាញ់ និងរៀនបង្កើតរ៉ូបូត គឺដោយសារតែលោកយល់ថា នេះគឺជាមុខជំនាញដ៏សំខាន់ ដែលធ្វើឲ្យក្មេងៗអាចមានគំនិត បង្កើតគ្រឿងយន្តថ្មីៗ មានប្រយោជន៍ សម្រាប់បម្រើការងារលើគ្រប់វិស័យ។

លោកបានពន្យល់ថាគ្រឿងបច្ចេកវិទ្យាមនុស្សយន្តធំៗ ដែលកំពុងប្រើប្រាស់នៅលើឧស្សាហកម្មនានា គឺមានដំណើរការដូចគ្នានឹងគ្រឿងរ៉ូបូតតូចៗដែលក្រុមរបស់លោកបង្រៀនក្មេងៗដូច្នេះដែរ ហើយពួកគេនឹងអាចប្រើរូបមន្តដដែលនេះ ទៅអនុវត្តលើគ្រឿងម៉ាស៊ីនធំៗបានដូចគ្នា។

ជាឧទាហរណ៍ងាយយល់ រ៉ូបូតមួយប្រភេទក្នុងចំណោមរ៉ូបូតទាំងអស់ដែលលោកបានបង្រៀន គឺ រ៉ូបូតដើរតាមគន្លង ស្តាប់ទៅហាក់ដូចជារបស់លេងកូនក្មេង ប៉ុន្តែគំនិតនៃការបង្កើតរ៉ូបូតដើរតាមគន្លងនេះ ត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងរោងចក្រ សម្រាប់ឲ្យវាអាចដឹកជញ្ជូនរបស់របរបានដោយស្វ័យប្រវត្តិ មិនចាំបាច់មានមនុស្សអង្គុយបញ្ជាឡើយ។

ប្រិយមិត្តមួយចំនួន ប្រហែលជាគិតថាការបង្កើតរ៉ូបូតមានភាពលំបាកខ្លាំង ប៉ុន្តែ កុសល្យ ក៏បានឆ្លើយសំនួរមួយនេះដែរថា តាមពិតទៅមិនលំបាកណាស់ណាទេ គឺទាមទារការឆ្នៃប្រឌិត ចំណេះដឹងផ្នែកកូដបញ្ជា និងចុងក្រោយគឺគ្រឿងបង្គុំ។ ជាក់ស្តែងគ្រឿងបង្គុំមួយចំនួន សម្រាប់បង្កើតរ៉ូបូតខាងលើមានដូចជា ម៉ូទ័រអគ្គិសនី ក្តារបញ្ជា និង សេនស័រចាប់គន្លង ជាដើម បន្ទាប់មកសរសេរកូដទៅក្តារបញ្ជារបស់គ្រឿងយន្តនោះ ដើម្បីឲ្យម៉ូទ័រវិលទៅមុខ ឬទៅក្រោយ ហើយសេនស័រចាប់គន្លងនឹងផ្តល់ព័ត៌មានមកកាន់ក្តារបញ្ជាវិញ ដើម្បីបញ្ជាម៉ូទ័រទៅមុខទៅក្រោយ បត់ឆ្វេងស្តាំ ទៅតាមគន្លងដែលបានកំណត់។

បន្ទាប់ពីចេះវិធីផ្គុំ និងបញ្ជាងាយៗហើយ គឺដល់ពេលដែលគេត្រូវបន្ថែមមុខងារទៅលើរ៉ូបូតនោះ។ ប្រសិនបើរ៉ូបូតចេះផ្លាស់ទី នោះយើងត្រូវការកម្លាំងមនុស្សលើកដាក់ ប៉ុន្តែបើយើងថែមម៉ូទ័រលើកដាក់មួយទៀត វានឹងកាន់តែទំនើប អាចលើកអីវ៉ាន់ដោយខ្លួនឯង ហើយកាន់តែពិសេសនោះ យើងក៏អាចបង្កើតបញ្ញាសិប្បនិមិត្ត (AI) ដើម្បីឲ្យរ៉ូបូតនោះចេះគេចឧបសគ្គដោយខ្លួនឯងថែមទៀតផង។

បច្ចុប្បន្ន ដើម្បីសម្រេចបំណងដែលចង់ឃើញប្រភេទកម្ពុជា ឈានទៅរកឧស្សាហកម្ម ៤.០ កាន់តែលឿន លោក និងសមាជិកក្រុម បានបង្កើតក្រុមមួយដែលមានឈ្មោះថា E-Robot ដែលមានលោកជាស្ថាបនិក និងជានាយកប្រតិបត្តិផ្ទាល់តែម្តង។ កន្លងមកក្រុម E-Robot បានចុះបង្រៀនចែករំលែកជំនាញបច្ចេកវិទ្យាទៅកាន់និស្សិតដោយមិនគិតប្រាក់រយៈពេល ៤ឆ្នាំមកហើយ និងមានការគ្រាំទ្រជាច្រើន។ បន្ថែមពីនោះ ក៏មានការចុះចែករំលែកចំណេះដឹងពាក់ព័ន្ធជាមួយ ICT & STEM ទៅកាន់សិក្សានុសិស្ស ព្រមទាំង លើកទឹកចិត្តក្មេងឲ្យស្រឡាញ់វិស័យរ៉ូបូតមួយនេះ ក៏ដូចជាចេះរួមគ្នាធ្វើការជាក្រុម និងបង្កើតក្តីស្រមៃធំៗឲ្យក្មេងៗ ឈានទៅរកការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាមនុស្សយន្ត។

ចំពោះសមិទ្ធផលរបស់ក្រុម E-Robot ធ្លាប់បានធ្វើឡើងមានដូចជា បង្កើតរ៉ូប៉ូតដើម្បីយកទៅបង្ហាញ ចែលរំលែក តាមកម្មវិធីអប់រំវិទ្យាសាស្ត្រនានា ចងក្រងឯកសារស្រាវជ្រាវ ថែមទាំងបានបង្កើតវេបសាយ និង App ដើម្បីប្រើប្រាស់ក្នុងវិស័យអប់រំផងដែរ។

ជាចុងក្រោយលោកបានបន្ថែមថា កិច្ចការសង្គម និងវិទ្យាសាស្រ្តមិនអាចខ្វះមួយណាបាននោះទេ ហើយដើម្បីសម្រេចបានជោគជ័យលើវិស័យនេះ ត្រូវមានក្តីស្រឡាញ់ពីបេះដូងពិតៗ និងចេះចែករំលែកចំណេះដឹងដល់យុវជនជំនាន់ក្រោយ ហើយលោកជឿថាប្រទេសយើងនឹងមានធនធានដ៌រឹងមាំ មានវប្បធម៌បំពេញកិច្ចការយ៉ាងល្អមួយ និងជាពិសេសគឺការបង្កើតបានសមិទ្ធិផលទំនើប ប្លែកៗជាច្រើន ដើម្បីផ្តល់ជាផលប្រយោជន៍ដល់សង្គមជាតិ និងការរីកចម្រើនផងដែរ។

គួរបញ្ជាក់ផងដែរថា កន្លងមករាជរដ្ឋាភិបាលក៏មានការគាំទ្រច្រើនផងដែរ ទៅលើវិស័យបច្ចេកវិទ្យាមនុស្សយន្តមួយនេះ ដោយបានរៀបចំការប្រកួត នានា ជារៀងរាល់ឆ្នាំ ដែលមានការចូលរួមពីនិស្សិតរបស់សាកលវិទ្យាល័យបច្ចេកវិទ្យាល្បីៗជាច្រើន ដូចជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជាដើម។ បន្ថែមពីនេះក្រុមនិស្សិតទាំងអស់របស់កម្ពុជាយើង ក៏ធ្លាប់បានជាប់ចំណាត់ថ្នាក់ល្អៗ ក្នុងការប្រគួតនៅបរទេសផងដែរ៕

អត្ថបទ៖ Thea Sothun

មតិយោបល់