- 2022-06-07 09:45:22
- ផលិតផលថ្មី
ចំណាប់អារម្មណ៍ដំបូង Macbook Air 2022៖ កុំព្យូទ័រនេះនឹងធ្វើឲ្យអ្នកភ្លេច Macbook Pro
- 2022-06-07 09:45:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណាប់អារម្មណ៍ដំបូង Macbook Air 2022៖ កុំព្យូទ័រនេះនឹងធ្វើឲ្យអ្នកភ្លេច Macbook Pro
ចន្លោះមិនឃើញ
Macbook Air ទើបនឹងបានប្រកាសចេញជាផ្លូវការកាលពីយប់មិញ ដែលធ្វើឲ្យអ្នកគាំទ្រ Apple ទាំងអស់ភ្ញាក់ផ្អើលជាមួយនឹងរូបរាង និងឈីបកំពូលថ្មី M2 ក្នុងកញ្ចប់ទឹកលុយត្រឹម ១ ១៩៩ដុល្លារ។
និយាយពីរូបរាងរបស់វាជាមុនសិន MacBook Air M2 (2022) បានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ស្រដៀងទៅនឹងរចនាបថរបស់ Macbook Pro 2022 ដែលចេញកាលពីដើមឆ្នាំកន្លងទៅ។ រូបរាងថ្មីនេះនឹងលុបបំបាត់ចោលរចនាបទក្រាស់ខាងលើស្តើងខាងក្រោមរបស់ Macbook Air ស៊េរីមុនៗ ដែលមានអាយុកាលតាំងពីឆ្នាំ ២០០៨ មកម្លេះ។
ការផ្លាស់ប្តូរនេះ ធ្វើឲ្យខ្លួនកុំព្យូទ័រផ្ទាល់ហាក់ពិបាកវាយអក្សរជាងមុន ព្រោះស៊េរីថ្មីមានក្តារចុចរាបស្មើ មិនស្របទៅតាមទម្រង់ដៃរបស់មនុស្សឡើយ។ នេះគឺដោយសារតែខ្ញុំមានអារម្មណ៍ចូលចិត្តក្តារចុចរបស់ Air ជាជាងក្តារចុចរាបស្មើដែលមាននៅលើ Pro ប៉ុន្តែយើងរង់ចាំមើលទាំងអស់គ្នានៅពេលបានចាប់កាន់ជាក់ស្តែងសិន។
ចំពោះរន្ធនៅផ្នែកចំហៀងវិញ Apple នៅរក្សាដដែល គឹមានរន្ធ USB-C ចំនួន២ និងរន្ធកាសមួយ ចំពោះខ្ញុំផ្ទាល់ដែលជាអ្នកប្រើ SD Card ច្រើនរាងអន់ចិត្តបន្តិច ព្រោះធ្លាប់រំពឹងថានៅលើនេះ នឹងមានរន្ធ SD Card ដូចដែលមាននៅលើត្រកូល Pro។ ប៉ុន្តែ Apple ក៏លួងចិត្តបន្តិចដែរ ដោយបានបន្ថែមនូវរន្ធសាកថ្មបែបបុរាណ Magsafe មកវិញ ជាប្រភេទ FastCharge អាចសាក ៥០ភាគរយចំណាយពេលត្រឹម ៣០នាទី។ Macbook Air 2022 នឹងមានជម្រើសពណ៌ចំនួន៤គឺ Midnight, Space Gray, silver និង Starlight។
ចូលដល់កម្លាំងម៉ាស៊ីន គឺ Chip M2 ដ៏ពិសេសរបស់ Apple យើងអាចដឹងបានថា Apple ចូលចិត្តខាងសន្សំសំចៃកម្លាំងភ្លើង ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍ WWDC ក៏បាននិយាយដែរថា Apple ព្យាយាមផលិតឈីបដែលស៊ីភ្លើងតិចបំផុត ផលិតកម្លាំងបានខ្លាំងបំផុត ខុសពីឈីបក្រុមហ៊ុនដទៃដែលប្រឹងបង្កើនកម្លាំងភ្លើងដើម្បីឲ្យមានដំណើរការលឿនជាងមុន។
ចំណុចពិសេសរបស់ Chip M2 នេះបានជួយឲ្យ Macbook Air 2022 ផលិតឡើងមកដោយមិនចាំបាច់បំពាក់កង្ហាត្រជាក់ អាចធ្វើការដោយមិនឮសំឡេងសោះតែម្តង នេះបើយោងតាមការផ្សាយរបស់ Website Apple ផ្ទាល់។
មិនត្រឹមតែមិនឡើងកម្តៅ សូម្បីតែកម្រិតស៊ីភ្លើងក៏ចុះទាបដែរ ដោយនៅលើ Macbook Air 2022 អាចប្រើប្រាស់បានរយៈពេល ១៨ម៉ោង ក្នុងល្បឿនលឿនជាងឈីប M1 ១,៤ដង និងលឿនជាងឈីប Intel ១៥ដង (Apple មិនបានបញ្ជាក់ថាឈីបអ្វីនោះទេ)។
Chip M2 គឺជាប្រភេទឈីប Second gen 5nm ធ្វើការដោយត្រង់ស៊ីស្ទ័រជាង ២ប៊ីលានគ្រាប់ បំពាក់មកដោយ CPU 8-Cores និង GPU 10-Cores និងមានល្បឿន Bandwidth របស់ Unified Memory ដល់ទៅ 100GB/s។
ជាមួយកម្លាំងប៉ុននេះ MacBook Air នឹងអាចរាប់រ៉ងការកាត់តវីដេអូ 4K, 8K បានដោយរលូន ដោយមានការរួមចំណែកពី Media engine ដែលមានស្រាប់ក្នុងឈីបមួយនេះ។ ត្រង់នេះហាក់ដូចជានៅមិនទាន់ទុកចិត្ត Apple ទាំងស្រុងនោះទេ ព្រោះនៅលើ Model Air មិនមានកង្ហាត្រជាក់ឡើយ ហើយការងារបែបកាត់តវីដេអូនេះ នឹងធ្វើឲ្យ CPU កើនកម្តៅខ្លាំង។ ខ្ញុំនឹងធ្វើតេស្តអំពីវាលម្អិតនៅពេលដែលខ្ញុំបានចាប់កាន់ផ្ទាល់។
និយាយពីអេក្រង់ម្តង Macbook Air 2022 នេះគឺប្រើប្រាស់អេក្រង់ថ្មីទាំងស្រុង ទំហំ ១៣,៦អ៊ីញ Liquid retina display អាចបង្ហាញបាន ១ប៊ីលានពណ៌ P3 wide color ជាមួយនឹងបច្ចេកវិទ្យា True Tone technology។ អេក្រង់នេះជាអេក្រង់ល្អ ប៉ុន្តែវាមិនមានបំពាក់បច្ចេកវិទ្យា 120Hz refresh rate ដូចដែលបានរំពឹងទុកមកនោះទេ ត្រង់នេះរាងខកចិត្តបន្តិច ព្រោះបច្ចុប្បន្នកុំព្យូទ័រក្រោម ១០០០ដុល្លារ មួយចំនួនគឺមានបំពាក់ទៅហើយ។ យ៉ាងណាក៏ដោយ អេក្រង់នេះហាក់តម្រូវចិត្តអ្នក Content Creator ច្រើនជាងព្រោះវាផ្តល់ពណ៌ច្បាស់ និងត្រឹមត្រូវសម្រាប់សម្រេចការងារដោយរលូន។
និយាយពីការងារ អ្នកដែលធ្វើការការិយាល័យ សិស្ស និងនិស្សិត ប្រាកដជាពេញចិត្ត ព្រោះ Apple លុបបំបាត់ការមេរ៉ាចាស់ដាំខ្ទឹមកម្រិត 720p នោះហើយ ដោយជំនួសមកវិញនូវកាមេរ៉ាប្រសើរបន្តិច តែនៅស្ទើជំនាន់ដដែលកម្រិតត្រឹម 1080p។ កម្រិតប៉ុននេះបានត្រឹមល្មមប្រើ មិនអស្ចារ្យណាស់ណាទេ ប៉ុន្តែចំពោះការប្រើប្រាស់ជាក់ស្តែងយើងកំពុងរង់ចាំតេស្តដូចគ្នា។
ចុងក្រោយនោះគឺ តម្លៃខ្លួន ១ ១៩៩ដុល្លារ របស់ Macbook Air 2022 សមនឹងតម្លៃដែរឬទេ? ចំពោះខ្ញុំ តម្លៃប៉ុននេះបើធៀបនឹង Window គឺថ្លៃ ប៉ុន្តែបើធៀបនឹងខ្លួនវាផ្ទាល់ Macbook Air 2020 ក្នុងតម្លៃខ្លួន ៩៩៩ដុល្លារនោះ គឺមិនថ្លៃនោះទេ ព្រោះយើងទទួលបានបច្ចេកវិទ្យាថ្មីច្រើន អេក្រង់ថ្មី រូបរាងថ្មី និងជាពិសេសនោះគឺឈីបថ្មីនេះឯង។ ហើយវានឹងធូរថ្លៃ បើយើងធៀបនឹង Macbook Pro 2022 ១៤អ៊ីញ ដែលមានតម្លៃដល់ទៅខ្ទង់ ១៩៩៩ដុល្លារឯណោះ។
សរុបមកវិញ Macbook Air 2022 ប្រហែលជានឹងអាចមកសំលាប់ MacBook Pro 2022 ១៤អ៊ីញ បាន ព្រោះបើតាម Spec Chip M2 វាខ្លាំងគ្រាន់បើ ហើយជាពិសេសនោះគឹទំហំអេក្រង់ ១៣,៦អ៊ីញ សឹងនឹងស្មើ១៤អ៊ីញទៅហើយ។ ម៉្យាងទៀតចំពោះទីផ្សារជាក់ស្តែង Macbook Pro ១៤អ៊ីញ ហាក់មិនសូវមានគេចាប់អារម្មណ៍ច្រើនឡើយ ព្រោះវាមានអេក្រង់តូច មិនសមសម្រាប់ធ្វើការងារធំៗឡើយ៕