- 2022-05-24 10:18:59
- ព័ត៌មាន
អ្នកជំនាញកែពណ៌វីដេអូ៖ ពីមុនឲ្យតែ color grading ដឹងតែរុញទៅក្រៅប្រទេស តែឥឡូវខ្មែរក៏ធ្វើបានដែរ
- 2022-05-24 10:18:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញកែពណ៌វីដេអូ៖ ពីមុនឲ្យតែ color grading ដឹងតែរុញទៅក្រៅប្រទេស តែឥឡូវខ្មែរក៏ធ្វើបានដែរ
ចន្លោះមិនឃើញ
លោក សៀង ស៊ីលាង ដែលត្រូវបានអ្នកនៅក្នុងវិស័យកុនហៅរត់មាត់ថា MFree បានថ្លែងប្រាប់ Sabay ដោយភាពជឿជាក់ថា ២ ឆ្នាំនេះចុងក្រោយនេះ ផ្នែកកែពណ៌វីដេអូ ឬ Color Grading មានការរីកចម្រើន ដែលឃើញភាគច្រើនធ្វើនៅក្នុងស្រុកយើង ដោយមិនចាំបាច់រុញចេញទៅក្រៅប្រទេសដូចប៉ុន្មានឆ្នាំមុនឡើយ។
ចូលទៅកាន់វិស័យផលិតកុន ២ ឆ្នាំ ចុងក្រោយ លោកមើលឃើញថា ក្នុងវិស័យនេះ ផលិតកម្មក្នុងស្រុករបស់យើង មានភាពល្អប្រសើរច្រើន ពីព្រោះមានភាពយន្តដែលផលិតដោយផលិតករកុនកូនខ្មែរ ហើយទទួលបានពានរង្វាន់ពីក្រៅប្រទេស ហើយបើផ្នែក Commercial advertising វិញ ២ ឆ្នាំចុងក្រោយនេះ ភាគច្រើនគឺផលិតដោយផលិតករកុនប្រទេសយើងតែម្តង។
ក្រោមភាពជោគជ័យដ៏ធំនេះ លោកបានខ្នះខ្នែងលើការរៀនសូត្របន្ថែម ពីលើជំនាញដែលមានស្រាប់ តួយ៉ាងត្រឡប់ទៅឆ្នាំ ២០១៩ វិញ លោកបានបញ្ចប់ថ្នាក់វគ្គខ្លីផ្នែក កំណែពណ៌ (Color Grading) នៅប្រទេសថៃ បន្ទាប់មកឆ្នាំ ២០២០ លោកនៅតែមិនបោះបង់ក្តីស្រមៃគ្រាដំបូង ហើយបន្តការសិក្សាបន្ថែមលើផ្នែកនេះដដែល នៅប្រទេសសិង្ហបុរីវិញម្តង ហើយជាលទ្ធផលនៅក្នុងឆ្នាំដដែលនេះ លោកក៏ទទួលបានលិខិតបញ្ចាក់ពីសមត្ថភាព កែពណ៌ ពីក្រុមហ៊ុន Blackmagic Design (Davinci Resolve: Color Correction Certified End User)។
នៅក្នុងវិស័យ Color Grading លោក MFree បានសង្កត់ថា ពណ៌ដែលមាននៅក្នុងខ្សែភាពយន្ត និងវីដេអូពាណិជ្ជកម្ម ដើរតួយ៉ាងសំខាន់ក្នុងការជួយឲ្យយើងមានអារម្មណ៌ផ្សេងៗដោយមិនដឹងខ្លួន តួយ៉ាងមានពេលខ្លះ បង្ហាញពីអារម្មណ៌សប្បាយរីករាយ ខឹង ជាដើម ហើយការផ្តល់អារម្មណ៍ដោយប្រយោលនោះ គឺជាការងាររបស់ Colorist ឬ អ្នកកែពណ៌។
លោក MFree បានផ្តែផ្តាំដល់អ្នកជំនាន់ក្រោយ ដែលចាប់អារម្មណ៍លើវិស័យនេះថា គួរតែចាប់ផ្តើមពីមូលដ្ធានគ្រឹះដំបូង ដូចជា Color Theory, Color harmony និង រៀនយល់ដឹងអំពី Colorspace ជាមួយនឹងការប្រើប្រាស់ Tools សម្រាប់ការកែពណ៌ ដូចជា Davinci Resolve, Baselight និង Mistika ជាដើម។
គួរបញ្ជាក់ផងដែរថា ការកែពណ៌វីដេអូ វាជាផ្នែកសំខាន់មួយនៅក្នុង Post-Production សំរាប់ខ្សែភាពយន្តវីដេអូចម្រៀង និង វីដេអូពាណិជ្ជកម្ម ដែលមានសារៈសំខាន់យ៉ាងខ្លាំង ដូចទៅនឹងផ្នែកសំឡេង (Sound/SFX/Music) និង ការសម្តែងរបស់តួ (Acting) ដូច្នោះដែរ។ Color Grading រួមចំណែកមួយនៃការពណ៌នាសាច់រឿង (Storytelling) តាមរយៈពណ៌ ទន្ទឹមនឹងការជួយជំរុញអារម្មណ៍របស់អ្នកទស្សនា (Provoke Emotion) ឲ្យស្ថិតក្នុងចំណុចកំពូលរបស់សាច់រឿង និង ស្របទៅតាមគោលបំណងរបស់ អ្នកដឹកនាំ (Director) និង អ្នកដឹកនាំប្លង់ថត/អ្នកបច្ចេកទេសប្លង់ថត (DOP/Director of Photography) ជាដើម៕