• 2022-05-24 04:36:32
  • ព័ត៌មាន

Hyundai បោះ​ទុន​រាប់​ពាន់​លាន​ដុល្លារ​ សង់​រោងចក្ររថយន្តអគ្គិសនីដំបូងបង្អស់​លើ​ទឹក​ដីសហរដ្ឋ​អាមេរិក​

  • 2022-05-24 04:36:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនរថយន្ត Hyundai បានចុះហត្ថលេខា​វិនិយោគទឹកប្រាក់ចំនួន ៥,៥៤ ប៊ីលានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើតរោងចក្រផលិតអាគុុយរថយន្តអគ្គិសនី គ្រឿងបង្គុំ និងតួរថយន្ដអគ្គិសនី ខណៈដែល​នេះគឺជា រោងចក្ររថយន្តអគ្គិសនីដំបូងបង្អស់​របស់ Hyundai នៅលើទឹកដី​សហរដ្ឋអាមេរិក​។​

ក្រុមហ៊ុន​ផលិតរថយន្តដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េខាងត្បូងខាងលើ បានកំណត់យកឆ្នាំ ២០២៣ គឺជាឆ្នាំចាប់ផ្ដើម​សាងសង់រោងចក្រលើទំហំដី ១១៨២,៨៩ ហិចតាដែលមានទីតាំងនៅទីក្រុង Savannah ក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក។

គម្រោង​នេះនឹងបញ្ចប់នៅឆ្នាំ ២០២៥ ខណៈដែលលទ្ធភាព​នៃការ​ផលិតរថយន្តក្នុងរង្វង់ប្រមាណ​ ៣០ មុ៉ឺនគ្រឿង​ក្នុងមួយឆ្នាំ។ យ៉ាងណាមិញ ក្រុមហ៊ុន​មិន​បាន​បង្ហើប​ឲ្យ​​ដឹងពី​ម៉ូឌែល​ជាក់លាក់ណាមួយ​នឹង​ត្រូវ​ផលិត​ក្នុង​ឆ្នាំដំបូង​នោះ​ទេ។​

រូបតំណាង

កិច្ចសហការរវាង Hyundai Motor Group ជាមួយនឹងអាជ្ញាធររដ្ឋ Georgia នឹងអាចជួយបង្កើតការងារបានចំនួន ៨១០០ កន្លែង ​សម្រាប់ពលរដ្ឋអាមេរិក។ លើសពីនេះ​ក្រុមហ៊ុនក៏មាន​គម្រោង​ពង្រីករោងចក្រក្នុងគោលបំណងអភិវឌ្ឍន៍​លើមនុស្សយន្ត រថយន្តអាចហោះបាន ប្រព័ន្ធបើកបរ​ស្វ័យប្រវត្តិ និងបញ្ញាសិប្បនិម្មិត AI ​។​​​​

រូបតំណាង រោងចក្ររថយន្ត Kia នៅទីក្រុង Savannah

បច្ចុប្បន្ន​ទីក្រុង Savannah ស្ថិត​ក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក បាន​ក្លាយ​ទៅ​ជា​មេដែក​ដ៏ធំ​ជាងគេ​​ទាក់ទាញ​​​ ក្រុមហ៊ុន​​រថយន្ត​កូរ៉េ​ខាងត្បូងចំនួន​បីមានដូចជា ក្រុមហ៊ុន​ SK Innovation, Kia Auto និង​ Hyundai មក​បោះ​ទីតាំង​សង់​រោងចក្រ​ផលិត​គ្រឿង​បង្គុំ​និង​រថយន្ត​អគ្គិសនី​ដើម្បី​ប្រកួត​ប្រជែង​បច្ចេកវិទ្យា​និង​ទីផ្សារ​លក់​រថយន្ត​អគ្គិសនី​៕

ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ Theverge

មតិយោបល់