• 2022-05-23 03:35:12
  • ព័ត៌មាន

សាំងឡើងថ្លៃអត់បញ្ហា Nissan ចេញឡានអគ្គិសនីថ្មី តម្លៃត្រឹម ១ម៉ឺនដុល្លារស្តើង សាកភ្លើងម្តងជិះបានឆ្ងាយទៀត

  • 2022-05-23 03:35:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្តអគ្គិសនីខ្នាតតូចថ្មីរបស់ខ្លួន ហៅថា Nissan Sakura EV ដែលវាធ្លាប់បានបង្ហាញខ្លួនពីមុនរួចមកហើយ ជាគំរូរថយន្ត IMk concept កាលពីឆ្នាំ២០១៩។

ថ្វីបើ Sakura EV ជាប្រភេទរថយន្តអគ្គិសនី ប៉ុន្តែ Nissan មិនបោះបង់ចោលឡើយនូវប៉ាណាមុខ V-motion grille អមជាមួយនឹងចង្កៀងមុខ LED ព្រមទាំងយ៉ាន់កង់ Alloy ធ្វើឲ្យវាមើលទៅប្រៀបបីដូចជារថយន្តអគ្គិសនី Nissan Ariya ខ្នាតតូចអីចឹង។

យ៉ាងណាមិញ រថយន្តអគ្គិសនី Sakura EV ផ្តល់ជម្រើសពណ៌រហូតដល់ទៅ ១៥ ឯណោះ ហើយអាចរំលេចជាមួយពណ៌កាប៊ីនខាងក្នុងចំនួន ៣ គឺ ខ្មៅ, ទឹកដោះគោ និង ខៀវកាត់ប្រផេះ។

សូមបញ្ជាក់ថា រថយន្តនេះមានប្រវែងខ្លួន ៣,៣៩ម៉ែត្រ ទទឹង ១,៤៧ម៉ែត្រ និង កម្ពស់ ១,៦៥ម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២,៤៩ម៉ែត្រ។ ជាមួយគ្នានេះ វាមានទម្ងន់ខ្លួនសរុប ១ ០៧០គីឡូក្រាម។

Nissan Sakura EV បំពាក់ម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ៦៣សេះ និងកម្លាំងរមួល ១៩៥ញ៉ូតុនម៉ែត្រ អាចបើកបរដល់ល្បឿនអតិបរមា ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយផ្តល់នូវម៉ូដបើកបរ ៣ គឺ Eco, Standard និង Sport ថែមទាំងមានមុខងារ e-Pedal Step សម្រាប់ការបើកបរជើងម្ខាង (មិនចាំបាច់ត្រូវការជាន់ហ្វ្រាំង និង ល្អសម្រាប់ការសាកអាគុយតាមរយៈហ្វ្រាំង)។

ក្នុងនោះផងដែរ វាក៏បំពាក់កញ្ចប់អាគុយទំហំ ២០គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរសមល្មម គឺ ១៨០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ ចំណែកឯការសាកភ្លើងវិញចំណាយពេល ៨ម៉ោង ប៉ុន្តែបើប្រើការសាកភ្លើងល្បឿនលឿនវិញ គឺអាចសាកដល់ ៨០% ក្នុងពេលត្រឹម ៤០នាទីប៉ុណ្ណោះ។

ក្រៅពីនោះ Sakura EV ក៏មានបំពាក់ Option ជាច្រើន ដូចជា មុខងារចូលចតស្វ័យប្រវត្តិ ProPILOT Park, កុងទ័រឌីជីថល ៧អ៊ីញ, អេក្រង់កម្សាន្ត Touchscreen ៩អ៊ីញ មានផែនទី និងម៉ាស៊ីនត្រជាក់អូតូ ជាដើម។

រថយន្ត Nissan Sakura EV នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ១៨ ២០០ដុល្លារ ដល់ ២២ ៩០០ដុល្លារ អាស្រ័យលើ Option សម្រាប់ទីផ្សារប្រទេសជប៉ុន៕

អត្ថបទ៖ សេង ឡុង

មតិយោបល់