• 2022-04-27 06:36:30
  • ព័ត៌មាន

ដឹងការ​ចំណាយថ្លៃសាកភ្លើងស្រុកខ្មែរ ច្បាស់ជាចង់ទិញ​ឡានអគ្គិសនី​មកប្រើហ្មង

  • 2022-04-27 06:36:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនោរនៃការប្រើប្រាស់​រថយន្តអគ្គិសនី​ក្នុងស្រុកកាន់​តែមានកំណើនហើយ ពិសេស​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​សាធារណការ និងដឹកជញ្ជូន​ ថ្មីៗនេះបាន​ធ្វើកម្មវិធី​ជាច្រើន​ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ក្នុងនោះ​គឺមានការដំឡើង​ស្ថានីយ​សាកភ្លើង​ជាបន្តបន្ទាប់ ដែល​វាអាចសាកលឿន ជាមួយតម្លៃធូរថ្លៃ។

ក្នុងបទសម្ភាសន៍​ជាមួយអ្នកសារព័ត៌មាន​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យដំណើរការ​ជាផ្លូវការ​មណ្ឌល​ផ្តល់​សេវាសាធារណៈ និង​ស្ថានីយបញ្ចូលថាមពល​យានយន្ត​អគ្គិសនី​ នៅផ្សារ​ទំនើប ហ្វូរី ថាម សឃ្វែរ ម៉ល ខេត្ត​ព្រះសីហនុ ឯកឧត្តម​ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​ថ្លែងថា តម្លៃ​នៃការ​សាកភ្លើងគឺ​អាស្រ័យតាមទីតាំងនីមួយៗ។

ឯកឧត្តម​បញ្ជាក់​ថា ជា​មធ្យម​គឺ ១៣០០រៀល​ក្នុង១គីឡូវ៉ាត់ ហើយ​បើបើក ១០០​គីឡូម៉ែត្រ ចំណាយតែ ៣ ទៅ ៤​ដុល្លារ​ប៉ុណ្ណោះ តែបើ​រថយន្ត​ប្រើសាំងគឺ​អស់ច្រើន​ជាងនេះ។ ការប្រើរថយន្តអគ្គិសនី ក៏មានផលចំណេញផ្សេងទៀតដែរ ពិសេស​គឺពន្ធនាំចូលដែល​រដ្ឋកាត់បន្ថយដល់ ៥០%។ ជាមួយគ្នានេះ កម្ពុជា គ្រោងនឹងដំឡើង​ស្ថានីយសាកភ្លើង​នៅទូទាំងប្រទេស ដោយមានការចូលរួមពីវិស័យឯកជន។

បើតាម​ឯកឧត្តម ស៊ុន ចាន់ថុល ការប្រើប្រាស់​រថយន្តអគ្គិសនីនេះ គឺនឹង​មិនសូវខូចច្រើនទេ ដោយសារតែវាផ្អែកទៅលើអាគុយ ដែល​មានអាយុកាលពី ៥ ទៅ ៨ឆ្នាំ ហើយ​ក៏គ្រោងនឹង​រៀបចំ​កន្លែងបោះបង់​ចោល​អាគុយ ឬកែច្នៃឡើងវិញ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន៕

អត្ថបទ៖ សំភី

មតិយោបល់