• 2022-04-21 07:43:05
  • ផលិតផលថ្មី

BMW 7-Series ចេញហើយរាងកែថ្មីស្អាតកប់ ហើយក្នុង​កាប៊ីនវិញ​មិនបាច់និយាយ

  • 2022-04-21 07:43:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត BMW 7-Series បាន​ចូល​ដល់​ជំនាន់ទី៧ហើយដែលទើបបង្ហាញ​ខ្លួនជាផ្លូវការជាមួយ​ការឌីហ្សាញបែបថ្មី បច្ចេកវិទ្យាថ្មីក្នុងកាប៊ីន ហើយវា​ក៏ជាលើកដំបូង​ដែល​មាន​ជម្រើស​ប្រើអគ្គិសនីផងដែរ។

រូបរាង​ខាងមុខ​របស់​វាពិតជាស្អាតទំនើបមើលទៅហាប់ណែនល្អណាស់ ចង្កៀងវារាងស្លីម និង​មានប៉ាណាដ៏ធំ ឯចង្កៀង​ស្តុបក្រោយរាងអក្សរ L ក៏កែប្រែថ្មីផងដែរ។ រថយន្តសេរ៊ីថ្មីនេះ មានប្រវែង​វែងជាងស៊េរីមុន។

ក្នុងផ្នែក​កាប៊ីនវិញគឺមាន​លក្ខណៈប្រណីតទំនើប​មែនទែនដូចជាដៃចង្កូត កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និង​ប្រព័ន្ធ​កម្សាន្ត Touchscreen ទំហំ១៤,៩អ៊ីញ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ​គឺ​ជាអេក្រង់ 8K ទំហំ ៣១អ៊ីញ ដែល​ដាក់សម្រាប់អ្នកអង្គុយខាងក្រោយ​ទស្សនា។

រថយន្ត 7-Series ដែល​បង្ហាញ​ចេញនេះ គឺ​មាន​៣ប្រភេទរួមមានប្រភេទអគ្គិសនី​ជាម៉ូដែល i7 xDrive60 និង​២ប្រភេទទៀត​ប្រើសាំងជាមួយបច្ចេកវិទ្យា Mild-Hybrid គឺជាម៉ូដែល 740i និង 760i xDrive។

សម្រាប់ម៉ូដែល i7 xDrive60 បំពាក់​ម៉ូទ័រអគ្គិសនី២ ផលិតបានកម្លាំង ៥៣៦សេះ និង​កម្លាំង​រមួល ៧៤៤​ញ៉ូតុនម៉ែត្រ ប៉ុង២ ជាន់ស្ទុះពី០ ដល់ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៤,៥វិនាទី។ អាគុយរបស់​វាទំហំ ១០១,៧ ពេល​សាកពេញ​អាច​ធ្វើដំណើរបាន​ចម្ងាយ​​ប្រហែល ៤៨០គីឡូម៉ែត្រ។

ចំណែក​ម៉ូដែល 740i ប្រើម៉ាស៊ីន​ទាក់បូចំណុះ ៣,០លីត្រ ផលិតបាន​កម្លាំង ៣៧៥សេះ និង​កម្លាំង​រមួល ៥១៩ញ៉ូតុនម៉ែត្រ រត់ប៉ុងក្រោយ។

ចំពោះ​ម៉ូដែល 760i xDrive វិញ​ ប្រើម៉ាស៊ីន V8 Twin-Turbo ចំណុះ ៤,៤លីត្រ ផលិតបានកម្លាំង ៥៣៦សេះ និងកម្លាំងរមួល ៧៤៩ញ៉ូតុនម៉ែត្រ។

រថយន្ត​ទាំង៣ម៉ូដែលនេះ ត្រូវបាន BMW បើកឱ្យកក់ហើយក្នុងនោះ៖

  • ម៉ូដែល 740i តម្លៃជាង ៩៤ ០០០ដុល្លារ

  • ម៉ូដែល 760i xDrive តម្លៃជាង ១១ម៉ឺនដុល្លារ

  • ម៉ូដែល i7 xDrive60 តម្លៃជាង ១២ម៉ឺនដុល្លារ៕

អត្ថបទ៖ សំភី

មតិយោបល់