• 2022-04-20 02:14:37
  • ផលិតផលថ្មី

លែងបារម្ភភ្លេចដុំសាក! ថ្មកាមេរ៉ាម៉ូដនេះអាចសាកបញ្ចូលភ្លើងតាមរន្ធ USB-C ដោយផ្ទាល់

  • 2022-04-20 02:14:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជឿថាអ្នកថតរូបទាំងអស់ ប្រាកដជាមានពេលមួយដែលភ្លេចយកដុំសាកមកតាមខ្លួន ធ្វើឲ្យង៉េមង៉ាមពេលអស់ថ្មម្តងៗ។ ចំពោះកាមេរ៉ាខ្លះ អ្នកអាចសាកបានផ្ទាល់ចេញពីតួម៉ាស៊ីនតែម្តង ប៉ុន្តែវាដាក់ដូចជាមិនមានភាពងាយស្រួលឡើយ ដោយអាចសាកម្តងបានតែមួយគ្រាប់ ហើយបើចង់សាកច្រើនគ្រាប់ ត្រូវដោះថ្មចេញ ដាក់ថ្មថ្មីចូលរួចសាកបន្ត។ ដោយមើលឃើញពីបញ្ហាយ៉ាងដូច្នេះ ក្រុមហ៊ុនចិនមួយបានបញ្ចេញថ្មកាមេរ៉ាសម្រាប់ប្រើលើត្រកូល SONY Mirrorless ដែលមានរន្ធសាកថ្មដោយផ្ទាល់លើខ្លួនវាតែម្តង។

នេះជាថ្ម ប្រភេទ Sony’s NP-FZ100 ផលិតដោយក្រុមហ៊ុនចិន Nitecore បំពាក់មកដោយរន្ធសាកថ្មជាប្រភេទ USB-C។ ជាមួយនឹងរន្ធសាកដោយផ្ទាល់បែបនេះ អ្នកប្រើប្រាស់គឺមិនចាំបាច់បារម្ភស្ពាយដុំសាកដែលមានទំហំធំទៀតទេ ដោយគេអាចសាកបញ្ចូលទៅថ្មដោយផ្ទាល់ ដូចយើងសាកបញ្ចូលទូរសព្ទអញ្ចឹងដែរ។ អញ្ចឹងប្រសិនបើអ្នកភ្លេចយកដុំសាកមកមែន អ្នកអាចប្រើឆ្នាំងសាកទូរសព្ទ ឬកុំព្យូទ័រសាកបញ្ចូលវិញបានភ្លាមៗ។ នៅលើតួនៃថ្ម ក៏មានអំពូល LED បញ្ជាក់ពីថាមពលនៅសល់របស់ថ្ម ស្រដៀងនឹងអំពូលដែលមានលើដុំសាកទូទៅ។

ចំពោះលក្ខណៈសម្បត្តិរបស់ថ្មនេះ វាអាចផ្ទុកថាមពលបានទំហំ 2,250mAh ទាបជាងថ្ម ដែលផលិតដោយក្រុមហ៊ុន SONY ផ្ទាល់ទំហំ 2,280mAh ដែលនេះប្រហែលជាដោយសារក្រុមហ៊ុនកាត់បន្ថយថាមពលខ្លះ ដើម្បីទុកកន្លែងដើម្បីញាត់រន្ធ USB-C។ ថ្មនេះ ផលិតឡើងមកមានរូបរាងជាប្រភេទ NP-FZ100 ដូច្នេះវានឹងអាចដំណើរការបានគ្រប់កាមេរ៉ា SONY ដែលចេញក្រោយៗនេះទាំងអស់ ពោលគឺចាប់ពីជំនាន់ A7III ឡើងទៅ។

ក៏សូមបញ្ជាក់ផងដែរថា ការសាកដោយប្រើដុំសាកនៅតែមានភាពងាយស្រួលជាង ព្រោះវាអាចសាកម្តងបានច្រើនគ្រាប់ និងងាយស្រួល ប៉ុន្តែការថែមរន្ធ USB-C នៅលើថ្មដោយផ្ទាល់បែបនេះ គឺសម្រាប់ដោះទាល់ម្តងម្កាល នៅពេលដែលភ្លេចយកដុំសាកមកប៉ុណ្ណោះ។ សម្រាប់តម្លៃនៃការដាក់លក់ ក្រុមហ៊ុន Nitecore នៅមិនទាន់បញ្ជាក់នៅឡើយទេ ប៉ុន្តែគេក៏រំពឹងថាវានឹងមានតម្លៃធូរថ្លៃជាងផលិតផលរបស់ក្រុមហ៊ុន SONY៕

អត្ថបទ៖ Thea Sothun

មតិយោបល់