• 2022-03-22 03:03:30
  • ផលិតផលថ្មី

DJI M30 និង M30T ដ្រូនឈ្មោះកាចដូចកាំភ្លើងធំ មានរូបរាងតូចសម្រាប់ក្រុមសង្គ្រោះបន្ទាន់

  • 2022-03-22 03:03:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីយប់មិញ DJI បានប្រកាសចេញជាផ្លូវការនូវយន្តហោះគ្មានអ្នកបើកខ្នាតតូចថ្មីចំនួនពីរម៉ូឌែលមានឈ្មោះថា DJI M30 និង M30T។ ដ្រូនទាំងពីរស្ថិតក្នុងត្រកូល DJI Matric ដែលគេស្គាល់ថាជាប្រភេទដ្រូនសម្រាប់អ្នកអាជីព និងក្រុមសង្គ្រោះបន្ទាន់ប្រើប្រាស់។

DJi M30 អាចរាប់បានជាដ្រូនលំដាប់កំពូលមួយ ដែលមានរូបរាងតូចអាចដាក់ចូលក្នុងកាតាប ប៉ុន្តែភ្ជាប់មកដោយមុខងារទំនើបៗ មានកម្លាំងខ្លាំង ធន់ និងងាយស្រួលប្រើប្រាស់បំផុត បញ្ជាដោយប្រព័ន្ធ software ឈ្មោះថា Pilot 2។ លើសពីនេះ វាមិនត្រឹមតែអាចបញ្ជាពីតេលេបានរយៈចម្ងាយជិតៗខ្លួននោះតេ ថែមទាំងអនុញ្ញាតិ្តឲ្យអ្នកអាចបញ្ជាពីទីតាំងដទៃបានតាមរយៈបច្ចេកវិទ្យា cloud-based software លើប្រព័ន្ធគ្រប់គ្រងការបង្ហោះ DJI FlightHub 2 fleet management។

ក្រៅពីសមត្ថភាពបែបអាជីពខាងលើ ដ្រូនទាំងពីរនេះបានបំពាក់មកនូវកាមេរ៉ា២គ្រាប់ ដែលមួយជាប្រភេទពង្រីកទំហំ 48MP 1/2'' CMOS sensor អាចពង្រីកអ៊ុបទិកពី 5x ទៅ 16x និងអាចពង្រីក Digital zoom បាន 200x ហើយមួយគ្រាប់ទៀតជាប្រភេទធម្មតា 12MP មានសមត្ថភាពថតបាន 8K photo / 4K 30 fps video resolution។ បន្ថែមពីលើកាមេរ៉ាពីរនេះគ្រាប់ វានៅមានគ្រាប់ Laser វ៉ាស់ចម្ងាយដែលអាចប្រមូលទិន្នន័យបានចម្ងាយ ១២០០ម៉ែត្រពីដ្រូន។ ចំពោះ M30T វាលើសម៉ូឌែលធម្មតាបន្តិចត្រង់វាមានបំពាក់មកដោយកាមេរ៉ាស្ទង់កម្តៅមួយគ្រាប់ផងដែរ។

DJI M30 និង M30T ធន់នឹងទឹកកម្រិត IP55 អាចហោះកាត់ភ្លៀង ធន់នឹងសីតុណ្ហភាព -20 ដល់ 50 អង្សារសេ អាចហោះបានក្នុងកម្រិតសម្ពាធនីវូខ្ពស់ ៧០០០ម៉ែត្រ និងម៉ូទ័រខ្លាំងហោះជ្រែកខ្យល់ល្បឿន 15m/s។ ចំណែកកម្លាំងថ្មវិញ វាអាចហោះជាប់បានរយៈពេល ៤១នាទី ជាប្រភេទថ្មភ្លោះម៉ូឌែល TB30 ធ្វើការដំណាលគ្នា និងកាន់តែពិសេសវាមានប្រព័ន្ធបញ្ចុះកម្តៅមកស្រាប់នៅក្នុងខ្លួនតែម្តង។

នៅក្នុងពានិច្ចកម្មដែល DJI បានដាក់បង្ហាញ យើងឃើញមានឃ្លាដ៏ចាប់អារម្មណ៍មួយសរសេរថា«For Everyday Hero.» ក្នុងអត្ថន័យផលិតឡើងជាពិសេសសម្រាប់ក្រុមការងារសង្គ្រោះបន្ទាន់។ ក្រៅពីសម្រាប់ក្រុមសង្គ្រោះបន្ទាន់ វាក៏អាចប្រើក្នុងវិស័យកសិកម្ម ឧស្សាហកម្ម សំណង់ និងការងារបែបអាជីពផ្សេងៗដើម្បីបន្ថែមភាពងាយស្រួល ពន្លឿនពេលវេលា និងជាពិសេសគឺកាត់បន្ថយគ្រោះថ្នាក់ក្នុងអំឡុងពេលធ្វើការ៕

អត្ថបទ៖ Thea Sothun

មតិយោបល់