• 2022-03-14 02:05:30
  • ព័ត៌មាន

ក្រុមហ៊ុន Ezecom សហការជាមួយក្រុមហ៊ុន AWS ដើម្បីផ្តល់ជូនសេវាខ្លោដសម្រាប់កម្ពុជា

  • 2022-03-14 02:05:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ថ្ងៃសុក្រ ទី១១ ខែមិនា ឆ្នាំ២០២២ ក្រុមហ៊ុន​ Ezecom គឺ​ជា​ក្រុមហ៊ុន​ផ្តល់សេវា​អ៊ិនធឺណិត (ISP) លំដាប់ខ្ពស់នៅ​​កម្ពុជា បានប្រកាស​ពីចាប់ដៃគ្នា​ជាមួយ​ក្រុមហ៊ុន Amazon Web Services (AWS) ដើម្បី​ផ្តល់​​ជូន​អតិថិជន​​​​​​របស់ខ្លួននូវ​​បច្ចេកវិទ្យា​សេវា Cloud ឈានមុខគេ ដូចជា​ការគណនា (compute) ការរក្សាទុក​ទិន្នន័យ មូលដ្ឋានទិន្នន័យ ការធានាសុវត្ថិភាព និង ការគ្រប់គ្រងបណ្តាញ។

​ភ្ជាប់ជាមួយនឹងភាពជាដៃគូរនេះក្រុមហ៊ុន AWS សហការជាមួយនឹងក្រុមហ៊ុន Ezecom បានរៀបចំវេទិការពិភាក្សាស្តីអំពី​ «ពីការបើកដំណើរការ Cloud ផ្លាស់ប្តូរប្រក្រតីភាពតាមគន្លងថ្មីនៅក្នុងឧស្សាហកម្មហរិញ្ញវត្ថុ» នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក​ ស៊ុន រ៉ាពីដ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន លោក​ William Mark Hanna គ្រុបនាយកប្រតិបត្តិហិរញ្ញវត្ថុ ប្រចាំក្រុមហ៊ុន Royal Group The Companies និង​ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនសហគ្រាសជាច្រើនរូបផ្សេងទៀត។​

ថ្លែងក្នុងឧកាសនោះ លោកស្រី Yuni Lee Heathcote អគ្គនាយិកាក្រុមហ៊ុន Ezecom មាន​ប្រសាសន៍​ថា៖ «ការ​ទទួល​បានភាពជាដៃគូរ​​ទីមួយប្រចាំប្រទេសកម្ពុជាជាមួយក្រុមហ៊ុន AWS គឺជា​សមិទ្ធផលថ្មី​មួយ​​ផ្សេង​ទៀត​សម្រាប់ក្រុមហ៊ុន Ezecom ខណៈដែល​យើង​បន្ត​​ស្វែង​រក​សេវា​ថ្មីៗ ​​ដើម្បី​គាំទ្រអតិថិជន​ដែល​មាន​ស្រាប់ និង​អតិថិជនថ្មី ក្នុងការធ្វើអោយប្រសើរឡើងនូវអាជីវកម្មរបស់ពួកគេ។

ការ​ប្រើ​ប្រាស់​សេវា Cloud ​ក្នុង​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ដំណាក់កាល​ដំបូង​នៅឡើយ ហើយ​តាម​​រយៈ​​​ភាព​ជាដៃគូ​​ជា​មួយ​ក្រុមហ៊ុន AWS ក្រុមហ៊ុន Ezecom ​ផ្តល់ជូនអតិថិជន​នូវ​លទ្ធភាព​​ទទួល​បាន​សេវា​ល្អ​បំផុត ដើម្បី​ពង្រឹង​បន្ថែមទៀត​​នូវ​អនាគត​ឌីជីថល​របស់​កម្ពុជា។ ក្រៅពីនោះគឺការបង្កើននូវជំនាញផ្នែកឌីជីថល ដែលកំពុងតែត្រូវការជាចំាបាច់ដើម្បីសម្រេចបាននូវគោលដៅនេះ»។

លោកស្រី Yuni Lee Heathcote បន្ថែមថា៖ «សេវា​ ​Cloud របស់​យើង​នឹង​អាច​ឱ្យអតិថិជន​រក្សា​ទុក ​និងប្រើប្រាស់ទិន្នន័យ​របស់​ពួកគេ​នៅក្នុង​ Cloud ដែលជាការ​កាត់​បន្ថយចំណាយលើ​តម្រូវ​ការ​មជ្ឈមណ្ឌល​ទិន្នន័យ។ តាមរយៈ​ការ​ប្រើប្រាស់​ Cloud ក្រុមហ៊ុនសហគ្រាស​នឹង​អាច​មាន​លទ្ធភាព​​ប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព និង​សាកសិទ្ធភាព»។

ក្រុមហ៊ុន AWS ផ្តល់​ជូននូវ​​​ហេដ្ឋរចនា​សម្ព័ន្ធ​ Cloud ដែល​ជាទីទុក​ចិត្ត​ខ្ពស់ អាច​បង្កើនទំហំ និង​បន្ថយ​ទំហំ​ប្រើ​​ប្រាស់​​​បាន ជាមួយការ​ចំណាយ​​ទាប​ ដែល​ផ្តល់​ថាមពល​​ដល់​​​​​​ក្រុមហ៊ុនចំនួន​រាប់សែន​នៅក្នុង​ប្រទេស​​​ចំនួន​១៩០​​នៅជុំវិញ​ពិភព​លោក។ សេវា​ Cloud ​របស់​ក្រុមហ៊ុន Ezecom ដែលផ្តល់​ដោយ​ក្រុមហ៊ុន AWS នូវ​សេវា​ចំណាយ​ទាប តម្លៃទៅតាម​ទំហំនៃការប្រើ​ប្រាស់​និងមិនចាំបាច់​បង់ថ្លៃជាមុន។ លើស​ពីនេះទៀត ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន EZECOM នឹង​ផ្តល់ជូនការ​ប្រឹក្សាយោបល់​អំពីសេវា​​ Cloud ​ដល់អតិថិជន​មុន​ពេល​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​​កញ្ចប់សេវា​ AWS។

ក្រុម​ការងារ​របស់​ក្រុមហ៊ុន EZECOM ក៏​នឹង​ផ្តល់​ជូនអតិថិជននូវការ​ប្រឹក្សា​អំពី​ការ​ផ្លាស់ប្តូរ ​ការ​​​អនុវត្ត ព្រមទាំង​ការ​គាំទ្រ​និង​ការគ្រប់​គ្រង​ជា​បន្ត​ផងដែរក្រោយពេល​​​ចុះហត្ថលេខា​ប្រើ​ប្រាស់​សេវា។ សេវា Cloud​​ ​របស់​ក្រុមហ៊ុន Ezecom ​នឹង​ផ្តោត​លើ​សហគ្រាស​ធុនតូច និងធុនមធ្យម (SMEs) និងក្រុមហ៊ុនធំៗ ស្ថាប័នក្នុង​វិស័យសាធារណៈ ធនាគារ​និង​ហិរញ្ញវត្ថុ ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​កម្សាន្ត និង​ឧស្សាហកម្ម​ផលិតកម្ម។ ក្រុមហ៊ុន Ezecom នឹង​ផ្តល់​ជូន​សេវា​ដល់​ស្ថាប័ន​ដែល​ប្រតិបត្តិការ​ក្នុង​ខេត្ត​​​កណ្តាល ព្រះសីហនុ សៀមរាប ក្រុង​ប៉ោយប៉ែត ក្រុង​បាវិត និងរាជធានី​ភ្នំពេញ ហើយ​គ្រោង​នឹង​ពង្រីក​នៅទូទាំង​ប្រទេស​កម្ពុជា​នាពេលអនាគត។

ការផ្លាស់ប្តូរមកប្រើសេវា​ Cloud នៅកម្ពុជា អតិថិជន នឹងទទួលបាននូវអត្ថប្រយោជន៍អំពីការពង្រីក និងបង្កើនកំរិតនៃការបង្កើតថ្មីដែលCloud ផ្តល់អោយ។​ សេវា​ Cloudនឹង​​ផ្តល់លទ្ធភាព​​ឱ្យ​ក្រុមហ៊ុន​ក្នុងស្រុកធ្វើ​ទំនើបកម្ម និង​ប្រកួត​ប្រជែង​ក្នុង​ទិដ្ឋភាពសាជីវកម្ម​ពិភព​លោក ​ដែល​កំពុង​ផ្លាស់ប្តូរ​យ៉ាង​ឆាប់​រហ័ស។ ជំនួស​ឱ្យការរង់ចាំ​​រយៈ​ពេល​ជា​ច្រើន​​សប្តាហ៍ ឬ​ច្រើនខែ​​ ដើម្បី​ផ្តល់​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅនឹងកន្លែង ក្រុមហ៊ុន​សហគ្រាស​នឹង​អាច​ដាក់​​ដំណើរ​ការ​​កម្មវិធីថ្មីៗ​ដោយ​រលូន ពង្រីក​សេវា​​បាន​ភ្លាមៗ ​ខណៈដែល​បន្ទុក​ការងារ​កើន​ឡើង ហើយក៏​​អាច​បន្ថយទំហំ​ផ្ទុក​មកវិញ​បាន​ផង​ដែរ​ ប្រសិនបើ​តម្រូវការមានការ​ថយ​ចុះ។

​​​តាមរយៈ​ភាព​ជាដៃគូ​ជាមួយក្រុមហ៊ុន AWS ក្រុមហ៊ុន Ezecom ចូលរួម​ជា​មួយ​ក្រុមហ៊ុន​លំដាប់​ថ្នាក់ពិភព​លោក​ផ្សេង​ទៀត​ដូចជា Disney, Netflix, Airbnb និង Abode ក្នុង​ការ​ផ្តល់នូវសេវា​ Cloud ​ ​ដែល​ល្អ​បំផុត​នេះ​សម្រាប់​អត្ថ​ប្រយោជន៍របស់​​ក្រុមហ៊ុន​សហគ្រាស​កម្ពុជា៕

ទំនាក់ទំនងក្រុមហ៊ុន Ezecom

  • ផ្ទះលេខ ៧ដេ មហា​វិថី​សហព័ន្ធ​រុស្ស៊ី អគារ​សភា​ពាណិជ្ជកម្ម​កម្ពុជា រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។
  • ទូរស័ព្ទ៖ (+៨៥៥) ២៣ ២៣ ៨១៨១
  • គេហទំព័រ៖ www.ezecom.com.kh
មតិយោបល់