• 2022-03-09 03:02:39
  • ផលិតផលថ្មី

Mac Studio កុំព្យូទ័ររូបរាងតូច សមត្ថភាពហួសមាឌ បំពាក់ដោយឈីបកំពូល M1 Ultra

  • 2022-03-09 03:02:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mac Studio ត្រូវបានប្រកាសចេញជាផ្លូវការកាលពីយប់មិញក្នុងកម្មវិធី Peek Performance របស់ Apple។ រូបរាងរបស់វាស្រដៀងនឹង Mac Mini ប៉ុន្តែក្រាស់ជាងបន្តិច ដើម្បីទុកចន្លោះសម្រាប់ដាក់ឈីបកំពូល M1 Max និងឈីបចេញថ្មី M1 Ultra។

Mac Studio ចេញលក់ក្នុងជម្រើស កម្លាំងម៉ាស៊ីន២ប្រភេទ គឺឈីប M1 Max និងឈីប M1 Ultra។ ឈីប M1 Max រត់ដោយអង្គគណនា 10-core CPU, 24-core GPU, និង16-core Neural Engine ចំណែកឯ M1 Ultra វិញគឺជាឈីប M1 Max ២បិទកាវភ្ជាប់គ្នាបង្កើតបានជា CPU ដែលមានសមត្ថភាពខ្លាំងជាងពីរដង ពោលគឺមាន 20-core CPU, 48-core GPU, និង32-core Neural Engine។ ចំណែកទំហំផ្ទុកវិញ M1 Max ប្រើប្រាស់ RAM 32GB ទំហំផ្ទុក 512GB រីឯ M1 Ultra មាន RAM 64GB ទំហំផ្ទុក 512GB។

កម្លាំងនៃឈីបទាំងពីរខាងលើនេះគឺជាជម្រើសដំបូងប៉ុណ្ណោះ ប្រសិនបើគិតថានៅមិនទាន់ខ្លាំងគ្រប់គ្រាន់ នោះ Apple មានជម្រើសបន្ថែមដល់ 32-core GPU នៅលើ M1 Max និង 64-core GPU នៅលើ M1 Ultra។ ចំពោះទំហំផ្ទុកមានជម្រើសដូចជា 1TB, 2TB, 4TB ឬ 8TB ដែលអាចរត់បានល្បឿន 7.4GB/s ។

ធុងកុំព្យូទ័រនេះមានទំហំជាក់ស្តែង រាងជាការ៉េបណ្តោយ និងទទឹង ១៩,៧សង់ទីម៉ែត្រស្មើរគ្នា កម្ពស់ ៩,៥សង់ទីម៉ែត្រ ដែលធ្វើឲ្យវាក្លាយជាកុំព្យូទ័រមានតំហំតូច កម្លាំងខ្លាំង ងាយស្រួលយកតាមខ្លួនបំផុត បើទោះបីជាវាមានទម្ងន់ដល់ទៅ ៣,៦គីឡូក្រាមក៏ដោយ។ រូបរាងខាងក្រៅរបស់វា ផលិតឡើងពីលោហៈអាលុយមីញ៉ូមមួយដុំ បំពាក់ដោយប្រព័ន្ធបញ្ចុះកម្តៅ ដែលមានកង្ហានៅផ្នែកខាងលើ និងរន្ធសម្រាប់ស្រូបខ្យល់នៅខាងក្រោម។

នៅផ្នែកខាងមុខ វាមានរន្ធ USB-C ចំនួនពីរមានល្បឿន 10 Gbps ជាមួយនឹងរន្ធដោតមេម៉ូរីកាតប្រភេទ UHS-II SDXCផងដែរ។ នៅផ្នែកខាងក្រោយនៃកុំព្យូទ័រនេះ វាមានរន្ធច្រើនដូចជា USB-C ចំនួន៤រន្ធ ដែលសុទ្ធតែជាប្រភេទ Thunderbolt ទាំងអស់ មានល្បឿន 40 Gbps, រន្ធ Ethernet 10 Gbit, USB-A ពីររន្ធ, រន្ធ HDMI មួយ រន្ធកាស និងរន្ធ Power។

ម៉ាស៊ីននេះអាចភ្ជាប់ទៅកាន់អេក្រង់សរុប៥ ដោយ៤អេក្រង់ បញ្ចេញរូបភាពតាមរន្ធ USB-C ក្នុងកម្រិត 6K 60Hz និងរន្ធ HDMI អាចបញ្ចេញបាន 4K 60Hz។

Mac Studio នេះមានតម្លៃខ្លួនចាប់ពី ១ ៩៩៩ ដុល្លារសម្រាប់ម៉ូឌែល M1 Max និង M1 Ultra មានតម្លៃខ្លួនចាប់ពី ៣ ៩៩៩ដុល្លារ។ កុំព្យូទ័រទាំងពីរ ត្រូវបានដាក់ឲ្យកុម៉្មង់ទុកមុន ចាប់ពីថ្ងៃនេះ ដោយអីវ៉ាន់នឹងដឹកជញ្ជូនចេញនៅថ្ងៃទី១៨ ខាងមុខ៕

អត្ថបទ៖ Thea Sothun

មតិយោបល់