- 2022-02-21 02:23:14
- ផលិតផលថ្មី
SONY LinkBuds review: កាសជំនាន់ថ្មី ពាក់មិនបាច់ដោះ! ភ្ជាប់ពិភពតន្ត្រីទៅកាន់ជីវិតពិត
- 2022-02-21 02:23:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SONY LinkBuds review: កាសជំនាន់ថ្មី ពាក់មិនបាច់ដោះ! ភ្ជាប់ពិភពតន្ត្រីទៅកាន់ជីវិតពិត
ចន្លោះមិនឃើញ
កាសឥតខ្សែ បច្ចុប្បន្នកំពុងពេញនិយមខ្លាំង ខណៈទូរសព្ទមួយចំនួនត្រូវបានផលិតមកដោយគ្មានរន្ធដោតកាស 3.5mm ដូចមុននោះទេ។ កាសឥតខ្សែដែលកំពុងលក់លើទីផ្សារបច្ចុប្បន្ននេះ មានច្រើនម៉ាក ច្រើនរូបរាង ទៅតាមក្រុមហ៊ុននីមួយៗ ប៉ុន្តែវាឈរលើគោលការណ៍ធំៗ ២ គឺ កាសឆ្នុក និង កាស Semi in-ear។ កាសទាំង ២ ប្រភេទនេះ មួយស្រួលពាក់ មួយសំឡេងពិរោះ ចុះបើមានកាសប្រភេទថ្មី រូបរាងថ្មី សំឡេងពិរោះ ហើយពាក់មិនឈឺត្រចៀកទៀតនោះ មិនល្អទេ? ថ្មីៗនេះ Sony ទើបតែបានប្រកាសចេញកាសឥតខ្សែជំនាន់ថ្មីមួយប្រភេទ ដែលក្រុមហ៊ុនអះអាងថាអាចពាក់ពេញមួយថ្ងៃ ក៏មិនឈឺត្រចៀក ទោះមិនបានដោះចេញក៏ដោយ។
នេះជាគឺកាស Sony LinkBuds កាសឥតខ្សែ រូបរាងបែបថ្មី ដែលមិនប្រើឆ្នុកឡើយ ហើយតំបន់បញ្ចេញសំឡេងមានរន្ធមួយ ធ្វើឲ្យអ្នកស្តាប់អាចរីករាយនឹងតន្ត្រី ហើយអាចនិយាយគ្នាជាមួយអ្នកជុំវិញខ្លួនបាន។ អញ្ចឹងយើងទៅមើលលម្អិតពីវា។
កាសនេះត្រូវបានឌីហ្សាញឡើងមកមានរូបរាងតូចមែនទែន ចង់ដឹងតូចប៉ុណ្ណា? នេះគឺ Link Buds ធៀបនឹងកាស WF-1000M3 ដែលចេញកាលពីមុន។ ទំហំវាតូច អញ្ចឹងវាក៏មានទំងន់ស្រាលបំផុត ដែលអាចពាក់ជាប់បានយូរ ហើយ Sony បានដាក់ឈ្មោះវាថា “Never Off” មានន័យថា "ពាក់មិនបាច់ដោះ" ទៀតផង។ តែបើពាក់ហើយឈឺត្រជៀក មិនដូចក្នុងពាណិជ្ជកម្ម នោះអ្នកកុំព្រួយអី ព្រោះថាក្នុងប្រអប់មានទ្រនាប់ត្រចៀក 5ទំហំ សម្រាប់សម្របតាមត្រចៀករបស់អ្នកបាន។
ប្រអប់របស់វា ពិសេសមែនទែន! ផ្លាស្ទិចនេះ គឺជាកាកសំណល់ផ្លាស្ទិចអេតចាយ យកមកផលិតឡើងវិញ ក្នុងគោលបំណងជួយរក្សាបរិស្ថាន។ មិនមែនជួយដោយដកឆ្នាំងសាកចេញដូច Apple នោះទេ! តួខ្លួនកាសផ្ទាល់ វាស្រដៀងនឹងក្រវិលមនុស្សស្រី ភ្ជាប់ជាមួយម៉ាស៊ីនរបស់វា រាងដូចស្គរគ្រាប់ Mantos។ ទោះរាងវាដូចក្រវិលមែន តែពេលពាក់ទៅកន្លែងបញ្ចេញសម្លេងវា លិបចូលក្នុងរន្ធត្រចៀក ដោយអាចមើលឃើញតែផ្នែកម៉ាស៊ីនរបស់វាប៉ុណ្ណោះ មើលទៅដូចឧបករណ៍បែបអនាគតដែលឃើញក្នុងរឿងអញ្ចឹង។ នៅលើកន្លែងបញ្ចេញសំឡេង មានរន្ធមួយ ដែលកន្លែងនេះផ្តល់ប្រយោជន៍ដ៏សំខាន់ ដែលខ្ញុំនឹងនិយាយបន្តិចទៀតនេះ។
ចំណែកសមត្ថភាពបញ្ចេញសំឡេងរបស់វាវិញ កាសនេះបំពាក់ដោយឈីប V1 ដូចគ្នាទៅនឹងកាសឥតខ្សែកំពូល WF-1000XM4 ដែរ។ វាមាន Driver បញ្ចេញសំឡេងទំហំ ១២មីល្លីម៉ែត្រ អាចបញ្ចេញសំឡេងបានស្មើ ច្បាស់ល្អ។ ក្រៅពីនោះ ឈីប V1 ធ្វើឲ្យកាសនេះ កាត់តែឆ្លាត ដោយមានមុខងារបន្ថែម-បន្ថយសំឡេងដោយស្វ័យប្រវត្តិ ស្របទៅតាមបរិយាកាសជាក់ស្តែង។ មិនតែប៉ុណ្ណោះ វាក៏អាចស្មានដឹងថា នៅពេលណាដែលអ្នក ចង់និយាយ ឬកំពុងនិយាយ ហើយវានឹងផ្អាកចម្រៀងសិន ដើម្បីឲ្យអ្នកប្រើ អាចបន្តការសន្ទនាដោយភាពងាយស្រួល។
ទោះបីវាមានមុខងារឆ្លាត ដូចខាងលើស្រាប់មែន ប៉ុន្តែវានៅតែមិនទាន់គ្រប់គ្រាន់ទេ។ អ្នកប្រើកាសទាំងអស់គ្នាប្រាកដជាយល់អារម្មណ៍មួយ ដែលយើងកំពុងពាក់កាស ហើយមានគេនិយាយជាមួយ។ ពេលនោះ យើងត្រូវដោះកាសចេញសិនមែនអត់? ឬក៏កាសខ្លះ ទំនើបបន្តិច មាន Ambient Sound សម្រាប់និយាយគ្នា តែក៏នៅតែមានពេលខ្លះត្រូវដោះកាស ដើម្បីនិយាយគ្នាបានច្បាស់។ សាំណាស់មែនអត់? អម្បាញ់មិញ ខ្ញុំបាននិយាយពីរន្ធមួយនៅកន្លែងបញ្ចេញសំឡេង ដែលមានលើកាស Link buds នេះ ត្រូវហើយ! រន្ធនេះ នឹងមកដោះស្រាយបញ្ហាដែលខ្ញុំបានលើកឡើងខាងលើ។ វារក្សាឲ្យមានសំឡេងនៅខាងក្រៅអាចចូលក្នុងត្រចៀក និងអាចស្តាប់ចំរៀងបានក្នុងពេលតែមួយ ប្រៀបបីដូចកំពុងនៅក្នុងហាងកាហ្វេមួយ ហើយគេចាក់ចំរៀងអញ្ចឹង! យើងអាចលឺចម្រៀងផង អាចឮចែចែតុក្រោយ និយាយដើមគ្នាផង ហើយក៏អាចឮសំឡេង ម៉ាស៊ីនកាហ្វេផងដែរ។
កាសនេះមានរូបរាងតូច អញ្ចឹងហើយអ្នកប្រាកដជាគិតថាពិបាកបញ្ជាមែនអត់? គឺអត់ទេ! វាមានមុខងារពិសេស យើងចង់បញ្ជាកាសនេះ ត្រូវចុចលើត្រចៀក ឬមុខយើង មិនមែនចុចលើកាសទេ ហើយយើងក៏អាចកំណត់ការបញ្ជាឲ្យត្រូវតាមចិត្តយើងផងដែរ។
ចូលដល់ភាពធន់វិញ វាក៏បំពាក់មកដោយអាវក្រោះការពារទឹកកម្រិត IPX4 អាចការពារទឹកភ្លៀង និងញើសល្មមៗបាន ហើយកម្លាំងថ្មវិញ វាអាចរស់បានជាង ៥ម៉ោង លើកាសផ្ទាល់ ហើយបើប្រើគួបជាមួយប្រអប់ទៀត វាអាចប្រើសរុបបាន ១៧ម៉ោង។ តែបើប្រញ៉ាប់ខ្លាំង អាចសាកតាមខ្សែត្រឹម១០នាទី នោះវានឹងបន្តជីវិតបាន៩០នាទីទៀត។
សរុបមកវិញ នេះគឺជាកាសដ៏ពិសេមួយរបស់ Sony។ ទន្ទឹមនឹងបច្ចេកវិទ្យាឈានមុន ក្រុមហ៊ុនជាច្រើនបានប្រកួតគ្នាអភិវឌ្ឍ៍បច្ចេកវិទ្យា ANC ប៉ុន្តែ Sony បែរជាផលិតកាសថ្មី ដែលអាចឲ្យអ្នកប្រើទទួលបទពិសោធន៍ចម្រៀងពេញលេញ ប៉ុន្តែមិនកាត់ផ្តាច់ចេញពីពិភពពិតឡើយ។ វាប្រហែលមិនមែនជាកាសសម្រាប់មនុស្សគ្រប់គ្នាឡើយ ខណៈអ្នកខ្លះចង់បាន ANC ខ្លាំង អ្នកខ្លះចង់ភ្ជាប់ខ្លួនទៅនឹងបរិយាកាសខាងក្រៅ អញ្ចឹងមានតែអ្នកប៉ុណ្ណោះដែលអាចសម្រេចចិត្តដោយខ្លួនឯងបាន។ Sony នឹងដាក់លក់វានៅខែមីនា ជាមួយនឹងជម្រើស ២ពណ៌ គឺខ្មៅ និងស ក្នុងតម្លៃត្រឹមតែ ១៧០ដុល្លារ សម្រាប់ទីផ្សារអឺរ៉ុប៕