• 2022-02-16 03:33:38
  • ផលិតផលថ្មី

កាសថ្មីពី Sony ពាក់មិនដែលឃើញដោះ! ស្រាលបំផុត មិនឈឺត្រចៀក តម្លៃវិញក៏អេម

  • 2022-02-16 03:33:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony ជាក្រុមហ៊ុនជប៉ុនមួយដែលមានបទពិសោធន៍ផលិតឧបករណ៍សំឡេង ហើយកន្លងទៅក្រុមហ៊ុនបានប្រកាសចេញកាសជាច្រើន ទាំងធូរថ្លៃ និងមិនធូរថ្លៃ សម្រាប់បំពេញគ្រប់តម្រូវការអតិថិជន។ ថ្មីៗនេះ ក្រុមហ៊ុនទើបបានប្រកាសចេញកាសឥតខ្សែជំនាន់ថ្មីមួយប្រភេទ ដែល Sony អះអាងថាអាចពាក់ពេញមួយថ្ងៃ ក៏មិនឈឺត្រចៀក ទោះមិនបានដោះចេញក៏ដោយ។

វាគឺ Sony LinkBuds កាសឥតខ្សែ ដែលមិនប្រើឆ្នុកឡើយ ហើយតំបន់បញ្ចេញសម្លេងមានរន្ធមួយ ធ្វើឲ្យអ្នកស្តាប់អាចរីករាយនឹងតន្ត្រី ហើយអាចនិយាយគ្នាជាមួយអ្នកជុំវិញខ្លួនបាន។ កាសនេះ មានទំងន់ស្រាលបំផុត ដែលអាចពាក់ជាប់បានយូរ ដោយ Sony បានដាក់ឈ្មោះវាថា “Never Off” មានន័យថាពាក់មិនបាច់ដោះ។

ចំណែកសមត្ថភាពបញ្ចេញសំឡេងរបស់វាវិញ កាសនេះបំពាក់ដោយឈីប V1 ដូចគ្នាទៅនឹងកាសឥតខ្សែកំពូល WF-1000XM4 មាន Driver បញ្ចេញសំឡេងទំហំ ១២មីល្លីម៉ែត្រ អាចបញ្ចេញសំឡេងបានស្មើ ច្បាស់ល្អ។ ក្រៅពីនោះ ឈីប V1 ធ្វើឲ្យកាសនេះ កាត់តែឆ្លាត ដោយមានមុខងារបន្ថែម បន្ថយសំឡេងដោយស្វ័យប្រវត្តិ ស្របទៅតាមបរិយាកាសជាក់ស្តែង។ មិនតែប៉ុណ្ណោះ វាក៏អាចស្មានដឹងថា នៅពេលណា ដែលអ្នកប្រើ ចង់និយាយ ឬកំពុងនិយាយ ហើយវានឹងផ្អាកចម្រៀងសិន ដើម្បីឲ្យអ្នកប្រើអាចបន្តរការសន្ទនាដោយភាពងាយស្រួល។

ចូលដល់ភាពធន់វិញ វាក៏បំពាក់មកដោយអាវក្រោះការពារទឹកកម្រិត IPx4 អាចការពារទឹកភ្លៀង និងញើសល្មមៗបាន ហើយកម្លាំងថ្មវិញ វាអាចរស់បានជាង ៥ម៉ោង លើកាសផ្ទាល់ និងបើប្រើគួបជាមួយប្រអប់ទៀត វាអាចប្រើសរុបបាន ១២ម៉ោង។

Sony នឹងដាក់លក់វាក្នុងខែក្រោយ ជាមួយនឹងជម្រើស២ពណ៌ គឺខ្មៅ និងស ក្នុងតម្លៃត្រឹមតែ ១៧០ដុល្លារ នៅទីផ្សារអ៊ឺរ៉ុប៕

អត្ថបទ៖ Thea Sothun

មតិយោបល់