• 2022-02-08 04:12:44
  • ព័ត៌មាន

ក្រសួង ត្រៀមអនុវត្ត «កម្មវិធីដកពិន្ទុបណ្ណបើកបរ» បើក​ខុសអស់​១២​ពិន្ទុ​ត្រូវ​រៀន​និងប្រឡង​សារ​ថ្មី​

  • 2022-02-08 04:12:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា៖ “«កម្មវិធីកាត់ពិន្ទុលើបណ្ណបើកបរ» លើយានយន្តបានធ្វើរួចរាល់ហើយ ក៏កំពុងដំណើរការសាកល្បងផងដែរ។ ក្រុមការងារជំនាញកំពុងសាកល្បងលើម៉ាស៊ីនកម្មវិធីកាត់ពិន្ទុលើបណ្ណបើកបរចំនួន ៥០ គ្រឿង ខណៈគ្រោងទិញបន្ថែម ២៥០គ្រឿងទៀតដើម្បីផ្តល់ដល់មន្ត្រីនគរបាលចរាចរណ៍ បន្ទាប់ពីកម្មវិធីកាត់ពិន្ទុ តាមរយៈកម្មវិធីទូរស័ព្ទដៃស្មាតហ្វូនបានដំឡើងរួចរាល់។”

លោកទេសរដ្ឋមន្ត្រី បានពន្យល់យ៉ាងក្បោះក្បាយលើដំណើការកម្មវិធីនេះថា៖ “នៅពេលមានអ្នកល្មើសច្បាប់ចរាចរណ៍ មន្ត្រីនគរបាលចរាចរណ៍ នឹងចាប់ ហើយនឹងពិនិត្យលើបណ្ណបើកបរ ហើយគ្រាន់តែដាក់ម៉ាស៊ីនស្កែនភ្លាម នឹងចេញព័ត៌មាន ទាំងអស់ ទាក់ទងបណ្ណបើកបរ។ បើមន្ត្រីនគរបាលឃើញមានកំហុសណាខ្លះ គ្រាន់តែចុចនៅលើ ម៉ាស៊ីនវានឹងបូកដកពិន្ទុដោយស្វ័យប្រវត្តិតែម្តង។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងចេញតម្លៃ នៃការផាកពិន័យថែមទៀត។” នេះបើយោងតាមប្រសាសន៍លោកថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី២ ខែកុម្ភៈកន្លងទៅ ។

រូបក្នុងកម្មវិធី

បច្ចេកវិទ្យាថ្មីនៃកម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៏ផ្លូវគោក (Driver’s License Point Deduction and Fine Mobile App) តាមរយៈការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា (POS) មានលក្ខណៈពិសេសដូចជា៖ ស្គាល់ទម្រង់បណ្ណរួមមាន បណ្ណបើកបរ លិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ និងបណ្ណសម្គាល់យានយន្ត និងអាចដឹងថាបណ្ណបើកបរត្រឹមត្រូវ ឬក្លែងក្លាយ ដឹងពីប្រតិបត្តិការនៃការកាត់ពិន្ទុ និងពិន័យលឿនរហ័ស ដឹងទីតាំងភូមិសាស្ត្រ និងប្រវត្តិនៃការដកពិន្ទុ និងពិន័យ។

លើសពីនេះទៀតវាអាចកត់ត្រារាល់ទិន្នន័យនានា ចំពោះអ្នកបើកបរយានយន្តខុសច្បាប់ទៅតាមស្ថាននៃបទល្មើសដូចជា៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម។​

លោកបានបន្ថែមថា «នៅពេលដែលប័ណ្ណបើកបរអ្នកល្មើសច្បាប់អស់ពិន្ទុទាំង ១២ហើយ ម៉ាស៊ីននឹងលោតពណ៌ក្រហម បញ្ជាក់ថា អស់ពិន្ទុហើយ ដែលទាមទារឱ្យអ្នកកាន់ប័ណ្ណបើកបរនោះត្រូវតែប្រឡងយកប័ណ្ណបើកបរឡើងវិញផងដែរ»។

ចំពោះការអនុវត្តន៍ពេញលេញ ទៅលើកម្មវិធីកាត់ពិន្ទុចំពោះអ្នកប្រព្រឹត្តបទល្មើសចរាចរណ៍ នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក សំដៅឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅទាបបំផុត។

រូបភាពផ្នែកខាងមុខ
រូបភាពផ្នែកខាងក្នុង
មុខងារនៅក្នុងកម្មវិធី

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានចែងរួចរាល់ហើយ កំណត់ឱ្យគ្រប់បណ្ណបើកបរត្រូវមានពិន្ទុសរុប ១២ ពិន្ទុ។ ចំនួនពិន្ទុ នឹងត្រូវកាត់បន្ថយទៅលើ ស្ថាននៃការប្រព្រឹត្តបទល្មើសចរាចរណ៍ គិតចាប់ពី ១ ដល់៦ពិន្ទុ។

ក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបររបស់លោកអ្នកត្រូវទុកជាមោឃៈហើយ។ បើអ្នកបើកបរចង់បានបណ្ណបើកបរថ្មី ដូចនេះត្រូវរៀននិងប្រឡងយកបណ្ណបើកបរឡើងវិញក្នុងរយៈពេលយ៉ាងតិច ៦ ខែដោយគិតចាប់ពីថ្ងៃដែលបណ្ណបើកបរនោះត្រូវទុកជាមោឃៈ។

​-មាត្រាទី ៤៣ និង៤៤ ​នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​

​គ្រប់​បណ្ណបើកបរ​​ត្រូវ​មាន​បណ្ណ​ពិន្ទុ​ដែល​មាន​ពិន្ទុ​សរុប​ចំនួន១២ពិន្ទុ។ ក្នុង​ករណី​​ប្រព្រឹត្ត​បទល្មើស​ម្ដង​ការកាត់​ពិន្ទុ​មិន​ត្រូវ​ឲ្យ​លើស​ពី ​៨ ពិន្ទុ​ឡើយ។​ ​ចំនួន​ពិន្ទុ​ត្រូវ​កាត់​បន្ថយ​នៅ​ពេល​ប្រព្រឹត្តបទល្មើស​ចរាចរណ៍​ដែល​មាន​ដូច​ខាងក្រោម៖​

​ក)-ត្រូវ​កាត់បន្ថយ១ពិន្ទុ​ករណី

-​មិន​ពាក់ខ្សែក្រវ៉ាត់​ ​ឬមួក​សុវត្ថិភាព​

-ប្រើ​ភ្លើង​ហ្វា​នៅ​ពេល​ជួប​យាន​មក​ពី​ទិញ​ផ្ទុយ​

-បើកបរ​ជាន់​តាម​ខ្សែ​គំនូស​បង្ហូត​កណ្ដាល​ទ្រូង​ផ្លូវ​

-​បើកបរ​លើស​ល្បឿន​កំណត់​ចាប់​ពី​១-១៩គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​

-​បើក​បរ​នៅ​ពេល​យប់​ដោយ​គ្មាន​ភ្លើង​គ្រប់គ្រាន់​តាម​ប្រភេទ​យាន​យន្ត​

-​ផ្ទុក​មនុស្ស​លើស​កំណត់​

​ខ)-ត្រូវ​កាត់​បន្ថយ​២ពិន្ទុ​

-បើក​បរ​លើស​ល្បឿន​កំណត់​ចាប់​ពី​២០-២៩ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

-បើកបរ​បង្កើន​លឿន​នៅ​ពេល​គេ​កំពុង​ជែង​ខ្លួន

-បត់​ឆ្វេង​ ​ស្ដាំ​ មិន​បាន​ត្រឹមត្រូវ​

-បត់ត្រឡប់ក្រោយនៅកន្លែងហាមឃាត់

-មិនគោរពលក្ខខណ្ឌនៃបណ្ណបើកបរ

-បត់ឆ្វេង ស្ដាំ ឬឈប់មិនបានឲ្យសញ្ញាជាដំណឹង ជាដើម។

សូមអានបន្តនៅខាងក្រោម ឬ ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​ថ្មី

ចំពោះកាលបរិច្ឆេទ​ ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ខាង​លើ​នេះ​អាចនឹងបង្ហាញឆាប់ៗនេះ យូរបំផុតនៅដើមឆ្នាំ ឬពាក់កណ្ដាលឆ្នាំ ២០២២។៕

អត្ថបទ៖ រក្សា

មតិយោបល់