- 2022-02-04 01:00:00
- ផលិតផលថ្មី
Casio ចាប់ដៃជាមួយ Toyota ផលិតនាឡិកាដ៏មាំបំផុត ដូចឡង់គ្រីស័រ
- 2022-02-04 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Casio ចាប់ដៃជាមួយ Toyota ផលិតនាឡិកាដ៏មាំបំផុត ដូចឡង់គ្រីស័រ
ចន្លោះមិនឃើញ
ប្រសិនបើគេចង់បានរថយន្តមួយ ដែលអាចជិះបានគ្រប់ទីកន្លែង ប្រើបានរាប់ឆ្នាំតកូនចៅ នោះគេប្រាកដជានឹកឃើញដល់រថយន្តឡង់គ្រីស័រមិនខាន។ ដោយមូលហេតុនេះហើយ ក្រុមហ៊ុន Casio បានសហការជាមួយ Toyota ដើម្បីផលិតនាឡិកា G-Shock ម៉ូឌែលពិសេស ដែលមានភាពធន់មិនធ្លាប់មាន។
នាឡិកា G-Shock ត្រូវបានគេស្គាល់ថាជានាឡិកា ដែលផលិតឡើងមក តម្រូវក្នុងការប្រើប្រាស់ ក្នុងស្ថានភាពលំបាក ធន់នឹងទឹក អាកាសធាតុត្រជាក់-ក្តៅ និងរួមទាំងការធ្លាក់ សង្កត់ជាដើម។ ហើយនេះគឺជា GWG2000TLC1A Mudmaster នាឡិកាថ្មីដែលក្រុមហ៊ុន Casio សហការផលិតជាមួយ Toyota។
វាជានាឡិកា Digital ធម្មតា មិនមែនជាប្រភេទនាឡិកាវៃឆ្លាតឡើយ ប៉ុន្តែអ្នកនឹងទទួលបាននូវនាឡិកាមួយ ដែលធានាបាននូវទំនុកចិត្តក្នុងការប្រើ មិនថាអ្នកស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ តួខ្លួន និងផ្នែកជាច្រើននៃនាឡិកានេះ ត្រូវបានផលិតឡើងពីកាបូន ដែលមិនត្រឹមតែជួយឲ្យមើលទៅកាច តែក៏ធ្វើឲ្យវាមាំជាងនាឡិកាផ្សេងៗ។ លើសពីនេះប្រព័ន្ធការពារទឹករបស់វាក៏ធ្វើបានល្អ ដែលអាចទ្រាំក្នុងទឹកសម្ពាធខ្ពស់ដល់ទៅ 20ATM ដែលមានន័យថាវាអាច ចុះទឹកបានជម្រៅ ២០០ម៉ែត្រ។
រីឯផ្នែកបច្ចេកវិទ្យាទំនើបវិញ វាហាក់ដូចជារាងបុរាណបន្តិច ប៉ុន្តែវានឹងមានប្រយោជន៍ សម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរច្រើន ឡើងភ្នំ ទៅតំបន់គ្មានសេវា គ្មានភ្លើងជាដើម។ ថ្មរបស់វាជាប្រភេទសូឡា ជាផលិតផលរបស់ Casio ផ្ទាល់ មានសេនស័រ Multi-Band 6 atomic timekeeping, សេនស័រវាស់សម្ពាធបរិយាកាស, សេនស័រវាស់កម្រិតកម្ពស់នីវូទឹក និងសេនស័រសីតុណ្ហភាពផងដែរ។
ចំពោះតម្លៃរបស់វា គឺថ្លៃចាប់ពី ៨៥០ដុល្លារ ឡើងទៅ ហើយនាឡិកានេះនឹងចេញលក់ជាផ្លូវការឆាប់ៗ នៅក្នុងខែកុម្ភៈនេះហើយ។ ចុះប្រិយមិត្តយល់យ៉ាងណាដែរចំពោះនាឡិកាមួយនេះ? កុំភ្លេចសរសេរមតិរបស់អ្នកក្នុងប្រអប់ Coment ខាងក្រោម៕