• 2022-02-02 06:42:48
  • ហាងឆេងផលិតផល

កាសក្តោបត្រចៀកឥតខ្សែកម្រិតអភិជន មានមុខងារ ANC បង្កើតពិភពលោកផ្ទាល់ខ្លួនរបស់អ្នក

  • 2022-02-02 06:42:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាសប្រភេទក្តោបត្រចៀកសព្វថ្ងៃនេះ មិនសូវទទួលបានការនិយមច្រើនដូចកាលប៉ុន្មានឆ្នាំមុនឡើយដោយវាមានរូបរាងធំ ពិបាកប្រជែងនឹងប្រភេទកាស TWS ( កាសតូចៗដូចជា Airpods) តែតាមពិតវាមានសំឡេងដ៏ល្អ ដែលកាសប្រភេទ TWS មិនអាចប្រៀបបាន។ សព្វថ្ងៃនេះ មានក្រុមហ៊ុនជាច្រើនបានផលិតកាសប្រភេទក្តោបត្រចៀកឥតខ្សែ ដោយមានបំពាក់មកនឹងប្រព័ន្ធទប់សំឡេងរំខាន ANC។

មុខងារនេះមានតួនាទីកាត់ផ្តាច់សំឡេងរំខានពីបរិយាកាសខាងក្រៅ មិនឲ្យចូលក្នុងត្រចៀក ដែលសំខាន់សម្រាប់អ្នកដែលត្រូវការផ្ចង់អារម្មណ៍ អ្នកធ្វើដំណើរច្រើន ឬក៏សម្រាប់អ្នកដែលមានអ្នកជិតខាងចូលចិត្តប្រលង The Voice តាមផ្ទះជាដើម។ Sabay នឹងលើកយកកាសក្តោបត្រចៀកឥតខ្សែ មានមុខងារ Noise Cancelling ទាំង៣ម៉ូឌែល ដែលមានសមត្ថភាពខ្ពស់ មកបង្ហាញជូនដូចខាងក្រោម៖

១. Sony WH-1000XM4

Sony WH-1000XM4 គឺជាកាសក្តោបត្រចៀកឥតខ្សែ ជំនាន់ចុងក្រោយគេបង្អស់ ដែលបានដុះខាត់បន្ថែមមុខងារពីលើ Sony WH-1000XM3។ កាសនេះផ្តល់មកនូវមុខងារទប់សំឡេងរំខាន ANC, ប្រព័ន្ធសំឡេងដ៏ពិរោះបែប Sony ជាមួយនឹង LDAC Bluetooth។ លក្ខណៈផ្សេងទៀតរបស់កាសនេះគឺមុខងារ speak-to-chat និង hear-through ដែលកាន់តែផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ANC។ សម្រាប់តម្លៃរបស់វាគឺខ្ទង់៣០០ដុល្លារ ក្នុងទីផ្សាស្រុកយើង។

២. Bose QuietComfort 45

Bose គឺជាក្រុមហ៊ុនកាសដែលជំនាញខាងផលិតកាសទប់សំឡេងរំខាន មានប្រវត្តិជាយូរឆ្នាំមកហើយ។ វាអាចបញ្ចេញសំឡេងបានល្អ និយាយទូរសព្ទបានច្បាស់ និងអាចភ្ជាប់ជាមួយឧបករណ៍បានច្រើនក្នុងពេលតែមួយ។ Bose QuietComfort 45 ប្រើប្រាស់បច្ចេកវិទ្យា Bluetooth 5.1 ដែលគាំទ្រកូដសំឡេង AAC។ សម្រាប់តម្លៃរបស់វាគឺខ្ទង់ ៣០០ដុល្លារ ក្នុងទីផ្សារស្រុកយើង។

៣. Apple AirPods Max

ត្រូវហើយ គឺកាស Apple ! វាគឺ Apple AirPods Max ជាកាសដែលមានតម្លៃថ្លៃជាងគេ គឺខ្ទង់៥០០ដុល្លារនៅក្រៅស្រុក។ ភាគច្រើន របស់ដែលថ្លៃគឺតែងតែល្អជាង ហើយជាក់ស្តែងកាស Airpods Max នេះពិតជាធ្វើបានល្អជាង អាពីរនៅខាងលើទៀត។ សំឡេងរបស់វាអាចបញ្ចេញបានច្បាស់ជាង ធ្ងន់ជាង ចំណែកឯមុខងារទប់សំឡេងក៏ធ្វើបានល្អ គួបជាមួយនឹងរូបរាង និងគុណភាពផលិតដ៏ល្អទៀត វាគឺជាកាសដ៏ល្អ សម្រាប់ទឹកលុយច្រើន។ ក្រៅពីនេះវាក៏មានប្រព័ន្ធសំឡេងពិសេសរបស់ Apple គឺ spatial audio ជួយឲ្យការមើលភាពយន្តកាន់តែអស្ចារ្យ។

ចំពោះតម្លៃខាងលើគឺអាចមានភាពខុសគ្នានៅក្នុងទីផ្សារជាក់ស្តែង និងអាចមានការប្រែប្រួលបន្ទាប់ពីចុះផ្សាយ៕

អត្ថបទ៖ Thea Sothun

មតិយោបល់