• 2022-01-28 07:08:41
  • ផលិតផលថ្មី

Land Cruiser នឹងមានបងប្អូន​មួយទៀត បើកលើភពព្រះចន្ទ

  • 2022-01-28 07:08:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Toyota កំពុង​ធ្វើការ​ជាមួយ​ភ្នាក់ងារ​អវកាស​ជប៉ុន JAXA ក្នុងការស្រាវជ្រាវ​ផលិត​យានយន្ត​សម្រាប់​បើកបររុករកនៅលើដីភពព្រះចន្ទ ដើម្បី​ជួយ​ដល់មនុស្ស​ក្នុងការ​រស់នៅទីនោះ នៅត្រឹមឆ្នាំ​២០៤០ និង​បន្ទាប់មកទៅភពអង្គារ។

យានយន្ត​នេះ ត្រូវបាន​ហៅថា «Lunar Cruiser» ដែល​កាត់ពាក្យ​ពី​កំពូលរថយន្ត​ SUV របស់ Toyota គឺ Land Cruiser។ គម្រោងនេះ បំផុសឡើង​ដោយផ្អែក​ទៅ​លើ​ជីវភាព​មនុស្ស​នៅលើផែនដី​បច្ចុប្បន្ន​ ពោលគឺ​វា​នឹង​អាចធ្វើជាកន្លែង​ហូបចុក ធ្វើការ គេង និង​ទំនាក់ទំនង​ដោយ​សុវត្ថិភាព។

លោក Takao Sato ប្រធាន​គម្រោង​ Lunar Cruiser បាននិយាយថា «ការ​ឆ្ពោះទៅកាន់ទីអវកាស គឺយើងអាច​នឹង​បង្កើត​ទំនាក់​ទំនង​និង​បច្ចេកវិទ្យា​ផ្សេងទៀត សម្រាប់​ការរស់នៅ»។

ជាមួយគ្នានេះដែរ Toyota ក៏បានចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន Gitai ជប៉ុន ក្នុងការ​បង្កើត​ដៃយន្ត​សម្រាប់ Lunar Cruiser ផងដែរ ដើម្បី​បំពេញ​ភារកិច្ចផ្សេងៗជាជំនួយ និង​ថែទាំ។

វិស្វករជាន់ខ្ពស់​របស់ Toyota លោក Shinichiro Noda បានបង្ហាញរំភើប​ចំពោះ​គម្រោងភពព្រះចន្ទនេះ ដែល​វា​បេសកកម្ម​ដ៏វែងឆ្ងាយ​ ក្នុងការបម្រើ​ដល់​អតិថិជន ហើយថាភពព្រះចន្ទ​អាច​នឹង​ផ្តល់​ធនធានដ៏មានតម្លៃ​សម្រាប់ជីវិតមនុស្ស​នៅលើផែនដី។ «ការបញ្ជូន​រថយន្តរបស់យើងទៅភពព្រះចន្ទ គឺជាបេសកកម្មរបស់យើង។ Toyota មាន​យានយន្ត​ស្ទើរគ្រប់កន្លែងទាំងអស់ ប៉ុន្តែនេះជាការបញ្ជូនទៅកន្លែង​ដែលយើងមិនធ្លាប់ទៅដល់»៕

អត្ថបទ៖ សំភី

មតិយោបល់