• 2022-01-25 03:56:38
  • ផលិតផលថ្មី

Reebok ចេញនាឡិកាវៃឆ្លាតដំបូង តម្លៃត្រឹម ៦០ដុល្លារ កម្លាំងថ្មកាន់បាន១ខែ

  • 2022-01-25 03:56:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Reebok ជាក្រុមហ៊ុនផលិតសម្ភារៈកីឡាដ៏សំបូរបែប ល្បីឈ្មោះយូរហើយមក។ ថ្មីៗនេះក្រុមហ៊ុនបានឈានជើង ចូលក្នុងវិស័យបច្ចេកវិទ្យាម្តង ដោយបញ្ចេញនាឡិកាវៃឆ្លាតដំបូងរបស់ខ្លួន គឺ Reebok ActiveFit 1.0។

Reebok ActiveFit 1.0 ជានាឡិកាវៃឆ្លាតសម្រាប់តាមដានសុខភាព និងកីឡា មានរូបរាងមូលដូចនាឡិកាទ្រនិចធម្មតា។ វាបំពាក់មកដោយអេក្រង់ទំហំ ១,៣អ៊ីញ កម្រិត HD។ នៅផ្នែកចំហៀងនៃនាឡិកា វាមានប៊ូតុងបញ្ជាមួយចំនួន ហើយមានខ្សែនាឡិកាជាប្រភេទស៊ីលីកូន។ នាឡិកានេះអាចប្រើប្រាស់បានជាមួយនឹងទូរសព្ទគ្រប់ប្រភេទ ហើយអ្នកប្រើប្រាស់អាចមើលឃើញសារដំណឹងផ្សេងៗ ដូចជា SMS និងគ្រប់ Notification ដែលមានក្នុងទូរសព្ទ។

ចំណែកឯមុខងារតាមដានសុខភាពវិញ នាឡិកានេះមានសេនស័រ SpO2 សេនស័រវាស់ចង្វាក់បេះដូង សេនស័រវាស់សម្ពាធឈាម និងសេនស័រតាមដានដំណេកជាដើម។ បន្ថែមពីនោះ វាក៏មានមុខងារលេងកីឡាពេញនិយមដល់ទៅជាង១៥បែប រួមមាន ការដើរ ជិះកង់ ឡើងភ្នំ បាល់ទាត់ជាដើម។

រីឯភាពធន់របស់វាវិញ Reebok ActiveFit 1.0 មានបំពាក់មកដោយអាវក្រោះកម្រិត IP67 ធន់នឹងញើស និងធូលីបានល្អ។ ចំពោះកម្លាំងថ្ម វាអាចស៊ូបានដល់៣០ថ្ងៃ នេះបើតាមការអះអាងរបស់ក្រុមហ៊ុន។

គួរបញ្ជាក់ផងដែរថា នាឡិកាវៃឆ្លាត Reebok ActiveFit 1.0 នេះមានដាក់លក់នៅក្នុងប្រទេសឥណ្ឌាហើយ ក្នុងតម្លៃប្រហែល ៦០ដុល្លារ ជាមួយនឹងជម្រើសច្រើនពណ៌៕

អត្ថបទ៖ Thea Sothun

មតិយោបល់