• 2022-01-21 01:42:16
  • ហាងឆេងផលិតផល

ជម្រើសនាឡិកាវៃឆ្លាត៣ម៉ូឌែល គុណភាពខ្ពស់ តម្លៃខ្ទង់២០០ដុល្លារ

  • 2022-01-21 01:42:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃនាឡិកាវៃឆ្លាតជាច្រើន ត្រូវបានដាក់លក់នៅលើទីផ្សារ ចាប់តាំងពីតម្លៃថោកសមរម្យ ដល់ថ្ងៃកប់ពពក ដែលធ្វើឲ្យអ្នកប្រើប្រាស់ពិបាកក្នុងការសម្រេចចិត្តថាតើគួរជ្រើសរើសមួយណាមកប្រើប្រាស់។ ថ្ងៃនេះ Sabay នឹងលើកយកនាឡិកា ៣ម៉ូឌែល ពីក្រុមហ៊ុនផ្សេងៗគ្នា ដែលមានតម្លៃខ្លួនចន្លោះ ២០០ដុល្លារមកបង្ហាញជូន។ តោះទៅតាមដានទាំងអស់គ្នា។

១.Huawei watch GT3

Huawei watch GT3 នេះមានភាពលេចធ្លោជាងគេទៅលើកម្លាំងថ្មរបស់វា ដែលវាអាចរស់បានដល់ទៅ២សប្តាហ៍ ឯណោះក្នុងការសាកមួយពេញ។ ចំពោះមុខងាររបស់វាវិញមានដូចជា មុខងារតាមដានសុខភាព ដំណេក មុខងារ GPS និងអាចបង្ហាញសារជូនដំណឹងតាមរយៈអេក្រង់ AMOLED ទំហំ ១,៤៣អ៊ីញ។ នាឡិកានេះមានរូបរាងមូល ស្អាតថ្លៃថ្នូរអាចពាក់ជំនួសនាឡិកាធម្មតាបាន និងកាន់តែពិសេសវាអាចភ្ជាប់បានគ្រប់ទូរសព្ទមិនថា Android ឬ iPhone។ វាក៏មានបំពាក់មកដោយអាវក្រោះការពារទឹកផងដែរ។ អ្នកអាចរកទិញវាបានក្នុងតម្លៃប្រហែល ២៦០ដុល្លារ ក្នុងទីផ្សារស្រុកយើង។

២. Galaxy Watch 4 44mm

Galaxy Watch 4 ក៏ជានាឡិកាឆ្លាតវៃមានរាងមូលដូច Huawei Watch ដែរ ហើយប្រើប្រាស់អេក្រង់ AMOLED ដូចគ្នា មានទំហំធំជាងបន្តិច ១,៤អ៊ីញ។ វាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Wear OS ដូច្នេះអ្នកអាចប្រើវាជាមួយនឹងទូរសព្ទ Android ឬ iPhone ក៏បាន។ ចំពោះមុខងាររបស់វាវិញ ក៏មិនខុសពី Huawei ដែរ គឺមាន GPS មកស្រាប់ មុខងារតាមដានសុខភាព និងកីឡា។ អ្នកអាចរកទិញវាបានក្នុងតម្លៃប្រហែល ២៧០ដុល្លារ ក្នុងទីផ្សារស្រុកយើង។

៣. Oppo Watch

ខុសពីនាឡិកាឆ្លាតវៃទាំង២ខាងលើ Oppo Watch មានរូបរាងជ្រុង មានតួខ្លួនស្រោបដោយលោហៈ។ វាដំណើរការដោយប្រព័ន្ធប្រតិបត្តការ Wear OS លើអេក្រង់ទំហំ ១,៩អ៊ីញ ប្រភេទ AMOLED។ នាឡិកានេះ ពិសេសជាងនាឡិកាទាំង២ខាងលើ ដោយសាវាមានបំពាក់មកដោយឈីបចំនួន២ ដែលមួយសម្រាប់ដំណើរការ Wear OS សម្រាប់ពេលមានថាមពលថ្មគ្រប់គ្រាន់ និងឈីបមួយទៀតសម្រាប់ប្រើនៅពេលបើកមុខងារសន្សំថ្ម។ នាឡិកានេះមានបំពាក់មកដោយបច្ចេកវិទ្យាសាកថ្មលឿន និងមុខងារការពារទឹកជម្រៅដល់ទៅ៥០ម៉ែត្រ។ អ្នកអាចរកទិញវាបានក្នុងតម្លៃប្រហែល ៣០០ដុល្លារ ក្នុងទីផ្សារស្រុកយើង៕

អត្ថបទ៖ Thea Sothun

មតិយោបល់