- 2021-12-30 06:53:08
- ព័ត៌មាន
ផ្កាយរណបរបស់ SpaceX ប៊ិះបុកស្ថានីយអវកាសចិន ២ដង
- 2021-12-30 06:53:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្កាយរណបរបស់ SpaceX ប៊ិះបុកស្ថានីយអវកាសចិន ២ដង
ចន្លោះមិនឃើញ
ផ្កាយរណប Starlink របស់ក្រុមហ៊ុន SpaceX ស្ទើរតែបុកគ្នាជាមួយស្ថានីយអវកាស Tiangong ចំនួន២ដងហើយ ក្នុងឆ្នាំ២០២១នេះ គឺនៅថ្ងៃទី២១ កក្កដា និង ២១ តុលា។
ភាគីចិន បានដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ ចំពោះករណីទាំង២នេះហើយ។ ចិនលើកឡើងថា ផ្កាយរណបរបស់ SpaceX តែងតែមានសកម្មភាពដែលមិនអាចទស្សន៍ទាយទុកមុនបាន ពោលគឺករណីលើកទី២ ផ្កាយរណប Starlink បានហោះក្នុងគន្លងផ្លូវមួយដែលធ្វើឱ្យភាគីចិន ពិបាកស្មាននូវទិសដៅរបស់វា។
នៅក្នុងពាក្យបណ្តឹងនោះ ប្រទេសចិនបានស្នើឱ្យអគ្គលេខាធិការ UN ធ្វើការក្រើនរំលឹកដល់ប្រទេសដែលជាភាគីក្នុងសន្ធិសញ្ញាអវកាស ត្រូវទទួលខុសត្រូវសម្រាប់ឧបទ្ទវហេតុណាមួយ ដែលកើតឡើងនៅក្រៅផែនដី បើទោះបីជាវាស្ថិតក្នុងការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជនក្តី។
ជាមួយគ្នានោះ ចិនក៏បានរំលឹកដែរថា ការបាញ់សាកល្បងមីស៊ីលប្រឆាំងនឹងផ្កាយរណបដែលធ្វើឡើងកាលពីឆ្នាំ២០០៧ បានបង្កើតជាបំណែកដែលបង្កការគំរាមដល់ស្ថានីយអវកាសអន្តរជាតិ និងយានអវកាសដទៃទៀត។ ដូចគ្នាដែរ ពាក្យបណ្តឹងនេះគឺបង្ហាញថា សកម្មភាពរបស់ក្រុមហ៊ុនឯកជនក្នុងទីអវកាស គឺស្ទើរតែធ្វើឱ្យមានការប៉ះទង្គិចគ្នាទៅហើយ ជាពិសេសនៅពេលក្រុមហ៊ុន SpaceX ក្រុមហ៊ុន Amazon និងក្រុមហ៊ុនដទៃទៀត បានចាប់ផ្តើមសេវាអ៊ីនធើណែត ដែលផ្អែកលើផ្កាយរណប៕