• 2021-12-30 06:22:30
  • ព័ត៌មាន

ទំនើបហួស! សាលារៀននៅខេត្តកំពង់ចាម និងត្បូងឃ្មុំ ងាកមកប្រើប្រព័ន្ធឌីជីថល

  • 2021-12-30 06:22:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយមាន​ការគាំទ្រ​ផ្នែក​បច្ចេកទេសនិងទូរគមនាគមន៍ពី​ក្រុមហ៊ុន មិត្តហ្វូន ដែល​ជា​ក្រុមហ៊ុនទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថល​ឈានមុខគេនៅកម្ពុជា សាលារៀន​មួយចំនួននៅក្នុង​ខេត្ត​កំពង់ចាមនិង​ខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗនេះ បាន​ងាក​មក ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលារៀន (SIS) សម្រាប់​សិស្សានុសិស្ស​និងគ្រូ​បង្រៀន។

ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលារៀន (School Information System – SIS) ត្រូវបាន​ណែនាំនៅក្នុង​សិក្ខាសាលាមួយ​នៅខេត្តកំពង់ចាម កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០២១ ដោយ​ក្រុមហ៊ុន​ មិត្តហ្វូន និង​មន្ត្រីមកពី​មន្ទីរអប់រំ យុវជន និងកីឡា នៃខេត្តទាំងពីរ។ ចាប់ពីពេលនេះ​ទៅ លោកគ្រូអ្នកគ្រូ​និងសិស្ស​មកពីសាលារៀននានា​នៅទូទាំង​ខេត្តទាំងពីរអាច​ប្រើប្រាស់​កម្មវិធី SIS តាម​អនឡាញពីទីកន្លែងណា​ក៏បានតាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បីគ្រប់គ្រង​កិច្ចការ​សាលា​និងការសិក្សារបស់សិស្ស។ ខាងក្រោមនេះ​ គឺ​ជា​អត្ថប្រយោជន៍​របស់​ប្រព័ន្ធ​អប់រំ​តាមអនឡាញ៖

  • ផ្តោតលើ​សិស្សានុសិស្ស៖ ងាយស្រួល​ប្រើ បំពេញតម្រូវការសិក្សាអតិបរមារបស់សិស្ស បំពាក់​ដោយ​មុខងារ​ដ៏ងាយស្រួលជាច្រើនដូចជា អាចឲ្យសិស្សធ្វើការផ្លាស់ប្ដូរគ្នា ធ្វើអត្ថាធិប្បាយ និង​ប្រាស្រ័យទាក់ទងគ្នា​ជាមួយគ្រូ នៅពេលវេលាណាក៏បាន​ ហើយ​ការប្រឡង​អាច​ដាក់ពិន្ទុ​បាន​យ៉ាង​ឆាប់រហ័ស ។

  • គ្រប់គ្រង​ពេលវេលា​ប្រកប​ដោយ​ប្រសិទ្ធភាព៖ សិស្ស​អាចរៀបចំ​កាលវិភាគ​សម្រាប់​មុខវិជ្ជាណា​មួយ​ដែលពួកគេ​ចូលរៀន មានភាពបត់បែន​ដើម្បីផ្ដោតទៅលើ​វិធីសាស្ត្រ​សិក្សាខុសៗគ្នា ដោយ​ផ្អែក​លើ​ចំណេះដឹង ជំនាញ និង​តម្រូវរបស់សិស្សម្នាក់ៗ។

  • មានប្រសិទ្ធផល៖ ការសិក្សាតាមអនឡាញ​សន្សំសំចៃ​ថ្លៃចំណាយ​លើ​ការអប់រំ​សរុប​បានដល់ទៅពី ៥០% ទៅ ៧០% សម្រាប់​ទាំងការបង្រៀន និងទាំងការរៀនរបស់សិស្ស ដោយ​ពួកគេ​មិនចាំបាច់​ត្រូវការកាតាប ឧបករណ៍សិក្សា និង​ការចំណាយ​ធ្វើដំណើរទៅកាន់​ថ្នាក់រៀនឡើយ។

  • រៀបចំបរិយាកាស​សិក្សា៖ ឲ្យស្របទៅតាម​ការចង់បានជាក់លាក់របស់សិស្ស។ បរិយាកាស​សិក្សាបែប​ប្រពៃណី ដូចជាការរៀននៅថ្នាក់រៀន ជានិច្ចកាល រៀបចំឡើង​តាម​របៀប​ចាស់ពីមុន ដែល​រឹតត្បិត​សក្ដានុពល​និង​ផ្នត់​គំនិត​ច្នៃប្រឌិត​របស់សិស្សជាច្រើន។

  • ការប្រមូល​ព័ត៌មាន​និងការតាមដាន៖ ដែលធ្វើឡើងដោយ​ស្វ័យប្រវត្តិដើម្បី​ផ្ដល់​អត្ថប្រយោជន៍ដល់​សាលារៀន​និងនាយកដ្ឋានអប់រំរបស់រដ្ឋ ក្នុងការវាយតម្លៃនិងរៀបចំ​យុទ្ធសាស្ត្រ​ដែល​លើក​កម្ពស់​និង​អភិវឌ្ឍ​កម្មវិធីអប់រំ កម្មវិធីសិក្សា និងការងារគ្រប់គ្រង។

  • ដោះស្រាយបញ្ហាខ្វះគ្រូ៖ នៅតាមសាលារៀនតាមខេត្ត និងគាំទ្រ​ដល់សិស្ស​និងទាក់ទាញ​​សិស្ស​ថ្មីៗបន្ថែមទៀត។ ជាធម្មតា គ្រូ​ម្នាក់អាច​បង្រៀនដោយ​ផ្ទាល់​ដល់សិស្ស​ពី ៣០នាក់ ដល់ ៦០​នាក់ ក្នុងមួយថ្នាក់ ប៉ុន្តែ ជាមួយនឹងការសិក្សាតាមអនឡាញ គេត្រូវការតែគ្រូ​ម្នាក់ ឬពីរនាក់រួមគ្នា សម្រាប់​ការបង្រៀន​ដល់​សិស្ស​ជាច្រើននាក់ អាចនិយាយថា ខ្ទង់រយនាក់ ពាន់នាក់ ឬ​ដល់​លាន​នាក់ថែមទៀតផង។

  • វិធីសាស្ត្រ​រៀន​ដែលមាន​ភាព​បរិស្ថានមេត្រី៖ ដូចជា ការរៀនតាម​ប្រព័ន្ធ​អនឡាញ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ ៩០% តិចជាង និងបង្កើត​សំរាម​ ៨០% តិចជាង​បរិយាកាស​រៀនតាម​បែប​ប្រពៃណី ។ លើសពីនេះទៀត សាលារៀន​បោះពុម្ព​សៀវភៅ ឬក្រដាសមេរៀនតិចតួចបំផុត ឬ​សឹង​តែគ្មានតែម្ដង និង​ចូលរួម​ចំណែក​កាត់បន្ថយ​ការកាប់​ព្រៃឈើ​ដើម្បី​ផលិត​ក្រដាស ដែល​នេះ​ជា​ការរួមចំណែក​ដល់​ការការពារបរិស្ថាន។

  • មិនត្រូវការ​ឧបករណ៍សិក្សា៖ ពីព្រោះ​គេ​ប្ដូរពី​សៀវភៅមេរៀន​ជាក្រដាស​ទៅជាមួយ​សៀវភៅ​បែបឌីជីថល​ និងរក្សាទុក​នៅលើ​ប្រព័ន្ធ ដើម្បី​ប្រើប្រាស់ អាន និង​ដោនឡូត​នៅពេលណា​ក៏បានដែរ។ សម្ភារៈសិក្សា​ទាំង​អស់​មានបច្ចុប្បន្នភាពលើ​ខ្លឹមសារ​ភ្លាមៗ នៅពេលណា​មាន​ការ​កែប្រែ ខុសពី​សៀវភៅក្រដាស​ដែល​ចាំបាច់ត្រូវបោះពុម្ព​ជាថ្មី ហើយ​សិស្ស​ត្រូវទិញ​សៀវភៅចេញថ្មី​ជានិច្ច។

  • សន្សំសំចៃពេលវេលា​បាន​ច្រើនបំផុត៖ គឺចំណេញពេលវេលាពី ២៥% ទៅ ៦០% សម្រាប់ទាំង​គ្រូ ទាំងសិស្ស បើប្រៀបធៀបនឹងការរៀនតាមបែបប្រពៃណី​នៅតាម​ថ្នាក់រៀន។ សម្រាប់​សិស្ស ពួកគេ​មាន​ពេលវេលា​ច្រើនជាងមុន​សម្រាប់​រៀន​មុខ​វិជ្ជា​ចាំបាច់ៗ និង​ធ្វើ​ឲ្យ​ខ្លួនឯង​រៀនបាន​ប្រសើរ​ជាង​មុន។ លោក កុក ស៊ីជឿន អនុប្រធាន​មន្ទីរ​អប់រំ យុវជន និងកីឡា​ ខេត្តកំពង់ចាម បាន​មានប្រសាសន៍​ថា ប្រព័ន្ធ​ SIS បានបង្ក​ភាពងាយស្រួល​កាន់តែច្រើន​សម្រាប់ទាំង​គ្រូ និង​ទាំង​សិស្ស។

លោក កុក ស៊ីជឿន ថ្លែង​យ៉ាងដូច្នេះថា៖ «ប្រព័ន្ធ SIS ជួយ​ឲ្យ​គ្រូ​និង​រដ្ឋបាល​សាលា​អាច​គ្រប់គ្រង​ការងារ​របស់​ខ្លួន​បាន​យ៉ាងរលូន និងប្រកប​ដោយ​ប្រសិទ្ធភាព។ ហើយសិស្ស​ក៏អាច​ប្រើប្រាស់​វា​សម្រាប់​ការ​សិក្សា​តាមអនឡាញបានផងដែរ ដោយ​សន្សំសំចៃបានទាំង​ពេលវេលា​និងទាំង​​ថវិកា»

ប្រព័ន្ធ​ SIS ឬ​ហៅថា ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​សាលារៀន គឺជា​កម្មវិធី​អប់រំ​បែប​ឌីជីថល​មួយ ដែល​អភិវឌ្ឍ​ដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោម​កិច្ច​សហការ​ជាដៃគូ​ជាមួយក្រុមហ៊ុន មិត្តហ្វូន ដើម្បី​វិសាលភាព​សេវាអ៊ីនធឺណែត​គ្របដណ្ដប់ទូទាំង​ប្រទេស និង​បង្កើតឡើង​សម្រាប់​សាលារៀនទាំង​អស់​នៅ​ទូទាំង​ប្រទេស។ គ្រូ សិស្ស អាណាព្យាបាល និង​រដ្ឋបាល​និងនាយកសាលា អាច​ប្រើប្រាស់​កម្មវិធីឌីជីថល​នេះ​ដើម្បីស្វែងរក​និងប្រើប្រាស់ព័ត៌មានទាំងអស់ដែល​ពួកគេ​ត្រូវការសម្រាប់​កិច្ចការរបស់ខ្លួន ដោយ​មិន​ចាំបាច់​ត្រូវធ្វើ​ដំណើរ​ទៅកាន់សាលារៀន ដោយគ្រាន់តែពួកគេ​មានអ៊ីនធឺណែត​ប្រើ​ប្រាស់គឺជាការស្រេច។

លោក អ៊ិន ពៅសម្បត្តិ ប្រធាន​មន្ទីរអប់រំ យុវជន និងកីឡា ខេត្ត​ត្បូងឃ្មុំ បាន​មានប្រសាសន៍ថា ក្នុងអំឡុង​ពេល​កូវីដ-១៩ សាលារៀនជាច្រើន​បានត្រូវ​ប្រើប្រាស់ជា​ទីតាំង​ចត្តាឡីស័ក​សម្រាប់​អ្នកជំងឺកូវីដ-១៩ ដែលនាំ​ឲ្យ​អាក់ខាន​ដល់​ដំណើរការរបស់សាលារៀន។ លោក អ៊ិន ពៅសម្បត្តិ បាន​ថ្លែង​យ៉ាងដូច្នេះថា៖ «ប្រព័ន្ធ SIS មានសារប្រយោជន៍​យ៉ាងខ្លាំង​ចំពោះ​សាលា​របស់​យើង នៅក្នុង​កាលៈទេសៈ​កូវីដ-១៩ ដោយ​ផ្ដល់​លទ្ធភាព​ឲ្យ​សាលា​អាច​ធ្វើប្រតិបត្តិការ​ទៅបាន ហើយ​ការបង្រៀននិងការរៀនតាម​អនឡាញប្រព្រឹត្តទៅដោយ​រលូន​និង​ងាយស្រួល​ ដោយ​គ្រាន់តែ​ប្រើ​តាម​អ៊ីនធឺណែត»

កន្លងមក ប្រព័ន្ធ SIS បានដាក់ពង្រាយ​ទៅដល់សាលារៀនចំនួន ២៦៥កន្លែង​រួចហើយ នៅទូទាំងប្រទេស ដោយ​ផ្ដល់​លទ្ធភាព​ដល់​សិស្ស​ជាង ៣សែននាក់ និង​គ្រូ​ជាង ១ម៉ឺន៥ពាន់​នាក់ ទទួល​ផល​ប្រយោជន៍​ពី​ការរៀន​និងការបង្រៀន​តាម​ប្រព័ន្ធ​ឌីជីថល​នេះ។ គិតត្រឹមឆ្នាំ២០២២ បើ​តាម​ក្រុមហ៊ុន មិត្តហ្វូន ប្រព័ន្ធ SIS នឹងត្រូវដាក់ពង្រាយ​ទៅដល់​សាលារៀនឲ្យ​បាន ១០០០កន្លែង នៅទូទាំង​ ២៥រាជធានី​ខេត្ត ដើម្បី​លើកទឹកចិត្ដ​ដល់​សកម្មភាពអប់រំ​ឲ្យ​កាន់តែសកម្ម​ថែម​ទៀត​នៅតាមខេត្ត សម្រាប់​ប្រជាជន​មកពី​គ្រប់​ស្រទាប់​វណ្ណៈ។ ជាមួយនឹងមុខងារថ្មី​បន្ថែមទៀត ដូចជា Digital Book និង E-Library ឥឡូវនេះ សិស្សានុសិស្ស​កាន់តែមាន​ធនធាន​ច្រើន​ជាងមុនដើម្បីបម្រើ​ដល់​ការរៀនសូត្រ​និងការក្រេបជញ្ជក់ចំណេះដឹងរបស់​ខ្លួន​ ពី​ទីកន្លែង​ណា​ក៏បាន៕

មតិយោបល់