- 2021-12-29 04:51:05
- ព័ត៌មាន
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ អភិវឌ្ឍទៅរកឌីជីថលដោយប្រើប្រាស់ប្រព័ន្ធ PACs
- 2021-12-29 04:51:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ អភិវឌ្ឍទៅរកឌីជីថលដោយប្រើប្រាស់ប្រព័ន្ធ PACs
ចន្លោះមិនឃើញ
មន្ទីរពេទ្យព្រះកុសមៈបានអនុវត្តឌីជីថលូបនីយកម្មក្នុងអំឡុងពេលកូវីដ ១៩ ដើម្បីលើកកម្ពស់សុវត្ថិភាពគ្រូពេទ្យជួរមុខនៅពេលព្យាបាលអ្នកជំងឺ ដោយបានសហការជាដៃគូជាមួយក្រុមហ៊ុន មិត្តហ្វូន ដើម្បីដាក់ពង្រាយប្រព័ន្ធ PACs នៅក្នុងមន្ទីរពេទ្យ។ កិច្ចសហប្រតិបត្តិការនេះ ក៏រួមបញ្ចូលទាំងដំណើរការនៃការអនុវត្ត ការបណ្ដុះបណ្ដាលវេជ្ជបណ្ឌិត និងការគាំទ្របច្ចេកទេស ផងដែរ។
ក្នុងយុគសម័យជឿនលឿនផ្នែកបច្ចេកវិទ្យា មន្ទីរពេទ្យ និងគ្លីនិកនានាកំពុងស្វែងរកកិច្ចសហប្រតិបត្តិការដើម្បីធ្វើឌីជីថលូបនីយកម្មប្រព័ន្ធ IT របស់ខ្លួននៅក្នុងវិស័យសុខាភិបាល ដូច្នេះ ការអភិវឌ្ឍប្រព័ន្ធរក្សាទុកនិងបញ្ជូនទិន្នន័យ គឺជាការចាំបាច់។ PACs គឺជាប្រព័ន្ធរក្សាទុកនិងបញ្ជូនរូបភាព (Picture Archiving Communication System) ដែលផ្ដួចផ្ដើមឡើងនៅក្រោមអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន មិត្តហ្វូន ដើម្បីផ្ដល់សេវាកម្មឌីជីថលសម្រាប់វិស័យសុខាភិបាល និងផ្ដល់ដល់ប្រទេសទាំងមូលនូវបច្ចេកវិទ្យាទូរគមនាគមន៍ និងឌីជីថលឈានមុខគេ ។
យោងតាមក្រុមហ៊ុន មិត្តហ្វូន ប្រព័ន្ធ PACs នេះត្រូវបានប្រគល់ជូនមន្ទីរពេទ្យព្រះកុសមៈ កាលពីពេលថ្មីៗនេះ ដើម្បីកែលម្អបច្ចេកវិទ្យាថ្មីសម្រាប់បម្រើការងារស្កែនរូបភាពវេជ្ជសាស្ត្រនៅកម្ពុជា។ ការប្រើប្រាស់ប្រព័ន្ធ PACs នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់មន្ទីរពេទ្យនិងគ្លីនិក ការគាំទ្រល្អប្រសើរនៅក្នុងការផ្លាស់ប្ដូរព័ត៌មានវិជ្ជាជីវៈ និងអត្ថប្រយោជន៍ជាច្រើនទៀតសម្រាប់អ្នកជំងឺ ដូចជា៖
សម្រាប់គណៈគ្រប់គ្រង (នាយកដ្ឋានមន្ទីរពេទ្យ គ្លីនិក)
ការធ្វើការពីចម្ងាយ៖ អាចពិនិត្យមើលនិងធ្វើរបាយការណ៍ពីចម្ងាយបាន (ការធ្វើរោគវិនិច្ឆ័យពីចម្ងាយ) ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់នៅទីកន្លែងភូមិសាស្ត្រខុសៗគ្នា ចូលមើលនិងប្រើប្រាស់ព័ត៌មាននិងរូបភាពតែមួយជាមួយគ្នាបាន ក្នុងពេលដំណាលគ្នា។
ធ្វើទំនើបកម្មនិងកែលម្អលទ្ធផលការងារ៖ របស់ផ្នែកស្កែនរូបភាពរោគវិនិច្ឆ័យ ស្របទៅតាមនិន្នាការបច្ចេកវិទ្យា ៤.០ ព្រមទាំងពង្រឹងសមត្ថភាពគ្រប់គ្រងនិងតាមដាននៅក្នុងមន្ទីរពេទ្យ-គ្លីនិក និងផ្សារភ្ជាប់និងបង្កើនកិច្ចសហប្រតិបត្តិការ ។
លើកកម្ពស់ភាពវិជ្ជាជីវៈកាន់តែប្រសើរឡើង៖ នៅក្នុងដំណើរការវះកាត់ ដោយជួយលើកស្ទួយកិត្តិនាមយីហោរបស់មន្ទីរពេទ្យនិងគ្លីនិក។
វេជ្ជបណ្ឌិត ចាន់ សុភ័ស្ត អនុប្រធានមន្ទីរពេទ្យព្រះកុសមៈ បានមានប្រសាសន៍ថា មន្ទីរពេទ្យព្រះកុសមៈគឺជាមន្ទីរពេទ្យដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលស្ម័គ្រចិត្តប្រើប្រាស់ប្រព័ន្ធ PACs នេះមុនគេបង្អស់។ លោកវេជ្ជបណ្ឌិត ចាន់ សុភ័ស្ត ថ្លែងយ៉ាងដូច្នេះថា៖ «យើងបានសង្កេតឃើញថា ប្រព័ន្ធនេះស្រួលប្រើនិងមានសារប្រយោជន៍ច្រើនណាស់សម្រាប់ការបណ្ដុះបណ្ដាលគ្រូពេទ្យថ្មីនៅមន្ទីរពេទ្យព្រះកុសមៈយើង។ ហើយសម្រាប់ឆ្នាំ២០២២នេះ យើងគ្រោងដំឡើងមុខងារច្រើនថែមទៀតនៃប្រព័ន្ធ PACs នេះ នៅតាមនាយកដ្ឋាននានា ដើម្បីពួកគេអាចទទួលបានផលប្រយោជន៍ពីបច្ចេកវិទ្យាស្កែនទំនើបនេះ និងអាចរក្សាទុករបាយការណ៍វេជ្ជសាស្ត្រ ទិន្នន័យនិងព័ត៌មានរោគវិនិច្ឆ័យសំខាន់ៗរបស់អ្នកជំងឺ ឲ្យមានសុវត្ថិភាព»។
យោងតាមក្រុមហ៊ុន មិត្តហ្វូន ប្រព័ន្ធ PACs មិនត្រឹមតែជួយធ្វើឲ្យកាន់តែមាន ប្រសិទ្ធភាពនូវពេលវេលាដំណើរការព្យាបាលប៉ុណ្ណោះនោះទេ ប៉ុន្តែ ថែមទាំងជួយលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាង មិត្តហ្វូន និងមន្ទីរពេទ្យព្រះកុសមៈ ទៀតផង។
មុខងារថ្មីៗទៀតនាពេលខាងមុខ នឹងធ្វើឲ្យប្រព័ន្ធនេះកាន់តែងាយស្រួលប្រើថែមទៀត និងកាត់បន្ថយថ្លៃចំណាយរបស់មន្ទីរពេទ្យបានយ៉ាងច្រើន ជាពិសេស ជួយគាំទ្រមន្ទីរពេទ្យក្នុងអំឡុងពេលនៃស្ថានភាពលំបាកផ្នែកសេដ្ឋកិច្ចនេះ។ ជាមួយនឹងមុខងារ AI នៅពេលចាប់ផ្ដើមអនុវត្តនៅមន្ទីរពេទ្យព្រះកុសមៈ នាឆ្នាំ២០២២ខាងមុខនេះ ប្រព័ន្ធនេះនឹងផ្ដល់លទ្ធផលកាន់តែប្រសើរនិងត្រឹមត្រូវសម្រាប់ការធ្វើរោគវិនិច្ឆ័យអ្នកជំងឺ។ មុខងារ AI នេះ អាចពិនិត្យលើឯកសាររាប់ពាន់នៃលទ្ធផលស្កែនពីមុនៗ ដើម្បីរកមើលព័ត៌មានលម្អិត និងបង្កើតបានជារបាយការណ៍វេជ្ជសាស្ត្រមួយដែលច្បាស់លាស់និងលឿនរហ័សជាងមុន។ ប្រព័ន្ធនេះក៏មានបំពាក់នូវបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបជាងគេបំផុតនៅកម្ពុជា ផងដែរ។
នៅពេលអនាគត ប្រព័ន្ធ PACs នឹងធ្វើបច្ចុប្បន្នកាន់តែប្រសើរឡើងជាមួយនឹងកម្មវិធីបន្ថែម Tele-hospital ដោយមន្ទីរពេទ្យព្រះកុសមៈដើរតួនាទីជាមជ្ឈមណ្ឌលកណ្ដាលសម្រាប់ PACs ផ្ដល់ការបណ្ដុះបណ្ដាលដល់គ្រូពេទ្យតាមខេត្តជាច្រើនទៀត ឲ្យក្លាយជាអ្នកជំនាញផ្នែក PACs។ បន្ទាប់មក គ្រូពេទ្យតាមខេត្តអាចស្នើសុំជំនួយបន្ទាន់ភ្លាមៗពីមន្ទីរពេទ្យព្រះកុសមៈដើម្បីជួយគាំទ្រនិងធ្វើរោគវិនិច្ឆ័យករណីបន្ទាន់នានា ដោយមិនចាំបាច់ត្រូវធ្វើដំណើរចម្ងាយឆ្ងាយដែលប្រើរយៈពេលយូរ ដូច្នេះសន្សំសំចៃពេលវេលាទាំងសម្រាប់អ្នកជំងឺ ទាំងគ្រូពេទ្យ៕