• 2021-12-21 04:28:58
  • ព័ត៌មាន

ម៉ូតូផ្សងព្រេង BMW R 1250 GS ប្រភេទពិសេសថ្មី ត្រៀមដាក់លក់នៅប្រទេសក្បែរខាងកម្ពុជា

  • 2021-12-21 04:28:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូធំសម្រាប់ជិះផ្សងព្រេង BMW R 1250 GS និងប្រភេទពិសេសថ្មី សម្រាប់គំរប់ខួប ៤០ឆ្នាំ BMW R 1250 GS Edition 40 Years នឹងត្រូវដាក់លក់ជាផ្លូវការ នៅប្រទេសវៀតណាមឆាប់ៗនេះ ដោយអ្នកលក់រាយរបស់ក្រុមហ៊ុន BMW Motorad ក្នុងទីក្រុងហូជីមិញ។

ម៉ូតូម៉ូឌែលពិសេសនេះមានរូបរាងខុសពីម៉ូឌែលធម្មតាត្រង់ថា វាឌីហ្សាណឡើងដោយប្រើប្រាស់ពណ៌លឿងលាយខ្មៅ ដែលធ្លាប់ប្រើនៅលើម៉ូតូ GS កាលពី ៤០ឆ្នាំមុន ហើយពណ៌នេះក៏ជាពណ៌ដែលមានលើរថយន្តរបស់តួអង្គ Bumblebee ក្នុងរឿង Transformer ផងដែរ។ សម្រាប់ម៉ូឌែលនៅទីផ្សារវៀតណាម កញ្ចក់បាំងខ្យល់ខាងមុខត្រូវបានឌីហ្សាញជាពណ៌លឿងថ្លា ខុសពីទីផ្សារប្រទេសផ្សេងទៀត ដែលមានកញ្ចក់បាំងខ្យល់ខាងមុខពណ៌សថ្លាធម្មតា។

ចំណែកស៊ុមចង្កៀងខាងមុខរបស់វា BMW នៅតែរក្សារូបរាងបែបមិនស៊ីមេទ្រីគ្នាដដែល ពោលគឺម្ខាងតូច ម្ខាងធំ ដែលធ្វើឲ្យ BMW BMW R 1250 GS ក្លាយជាម៉ូឌែលចុងក្រោយ មានប្រើលក្ខណៈឌីហ្សាញបែបនេះ។ នៅក្នុងចង្កៀងវាប្រើប្រាស់អំពូល LED ប្រភេទ Adaptive Cornering Light ដោយអំពូលប្រភេទនេះក៏មានប្រើប្រាស់នៅលើរថយន្តកំពូលរបស់ BMWផងដែរ។

ដោយសារម៉ូតូមួយនេះតម្រូវសម្រាប់ជិះលើគ្រប់ស្ថានភាពផ្លូវ BMW បានបំពាក់សំបកកង់ប្រភេទគ្មានពោះវៀន ទំហំ១៩អ៊ីញ 120/70 សម្រាប់កង់មុខ និង ទំហំ ១៩អ៊ីញ 170/60 សម្រាប់កង់ក្រោយ។ ធុងប្រេងនៅលើម៉ូឌែលខួប ៤០ឆ្នាំនេះត្រូវបានលេងជាមួយនឹងតែមពណ៌លឿងឆ្នូតៗ បង្ហាញពីឈ្មោះ 1250 និងប្រភេទជម្រើស Option ពិសេសលេខ719 ហើយធុងប្រេងនេះមានចំណុះ ២០លីត្រ ខណៈពេលដែល R 1250 GS Adventure មានទំហំធំជាងរហូតដល់ ៣០លីត្រ។

សម្រាប់កុងទ័រល្បឿន និងបង្ហាញព័ត៌មានវិញ គឺជាប្រភេទឌីជីថលសុទ្ធតែម្តង ហើយប្រើប្រាស់អេក្រង់ទំហំ ៦,៥អ៊ីញ ដោយក្នុងនោះក៏មានជម្រើសនៃការបើកបរ ដូចជា Riding Mode Pro និង Eco សម្រាប់សន្សំសំចៃប្រេងទៀតផង។

BMW R 1250 GS Edition 40 Years ប្រើប្រាស់កែបវែង មានកម្ពស់ ៨៣០មីលីមែត្រពីដី ហើយប៉ូមក្រោយមានលក្ខណៈពិសេសដោយប្រើបច្ចេកវិទ្យា Electronic Dynamic ESA មានសមត្ថភាពអាចបញ្ជាឲ្យបូមរឹង ឬទន់បានទៅតាមស្ថានភាពផ្លូវដោយស្វ័យប្រវត្តិ។

ម៉ាស៊ីនម៉ូតូនៅតែជាចំណុចសំខាន់ ដោយម៉ូឌែលខួប ៤០ឆ្នាំនេះ ប្រើប្រាស់ម៉ាស៊ីនបែប Boxer ទំហំ ៤ស៊ីឡាំង មានចំណុះ ១ ២៥៤សេសេ អាចបង្កើតកម្លាំងបានសរុបដល់ ១៣៦សេះ និងកម្លាំងរមួល ១៤៣ញ៉ូតុនម៉ែត្រ។

ជាមួយនឹងលក្ខណៈពិសេស សមត្ថភាព និងមុខងារដូចរៀបរាប់ខាងលើ ម៉ូតូ BMW R 1250 GS Edition 40 Years នឹងត្រូវដាក់លក់ក្នុងតម្លៃចន្លោះពី ២៨ ០០០ដុល្លារ ទៅ ៣២ ០០០ដុល្លារ នៅទីផ្សារវៀតណាម៕

អត្ថបទ៖ សេង ឡុង

មតិយោបល់